ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​១៨ មេ​សា ២០១៩ កន្លងមក បាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ការ​ព្យាករណ៍​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​ហើយ​ថា ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៥ អាកាសធាតុ​ក្តៅនឹង​បន្ត​កើនឡើង​ខ្ពស់​ចន្លោះ​ពី​៣៧-៤០​អង្សា​សេ ។

មិន​ទាន់​ផុត​ផង នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹងថ្មីទៀត អោយ​ដឹងផង​ដែរ​ថា ដោយសារ​បាតុភូត​អ៊ែ​ល​នី​ណូ (El Nino) នៅ​តែ​មាន​ឥទ្ធិពល ហើយនឹង​បន្ដ​គ្របដណ្ដប់​លើ​ប្រមាណ​ពាក់កណ្ដាល​នៃ​ភព​ផែនដី ដូច្នេះ​នៅ​តំបន់​មួយ​ចំនួន និង​ប្រទេស​កម្ពុជា ក៏​នៅ​តែ​បន្ត​ទទួល​រង​ឥទ្ធិពល​នេះ​ដែរ ហើយ​កត្តា​នេះ​ធ្វើ​ឲ្យ​សីតុណ្ហភាព​អតិបរមា នៅ​កម្ពុជា បន្ត​កើនឡើង នឹង​អាច​ឈាន​ទៅ​ដល់​៤០-៤១ អង្សា​សេ ក្នុង​ស​ប្តា​ហ៍​នេះ ។

យោង​តាម​សេចក្តីជូនដំណឹង​ដដែល បាន​បង្ហាញ​ថា ស្ថានភាព​ភ្លៀង​កាន់តែ​ខ្សោយ ប៉ុន្តែ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ កើតឡើង​ញឹកញាប់ នឹង​មាន​ឥទ្ធិពល​ខ្លាំង ដូចនេះ​សូម​អំពាវនាវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​បាតុភូត​ទាំង​ពីរ​នេះ ។ ទន្ទឹម​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សុខភាព ដែល​អាច​មានការ​ប៉ះពាល់ ដោយសារ​ការ​កើនឡើង​នៃ​កម្ដៅ​នេះ ។

ទោះជា​យ៉ាងនេះ​ក្តី ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កម្ដៅ​ដោយសារ​ឥទ្ធិពល បាតុភូត​អ៊ែ​ល​នី​ណូ​នេះ នឹង​ថយកម្ដៅ​ទៅ​វិញ​នៅ​អំឡុង​ស​ប្ដា​ហ៍​ទី​៣ នៃ​ខែឧសភា ឆ្នាំ​២០១៩ នៅ​ប្រទេស​កម្ពុជា ៕