ភ្នំពេញ ៖ ស្រ្តីវ័យ២៤ឆ្នាំម្នាក់ រួមជាមួយកូន ៣នាក់ ក្នុងទឹកមុខស្រពាប់ស្រពោន បន្ទាប់ពីលោកប្តីមានស្រីរត់ចុះចោលបាត់ ទុកឲ្យនាង ធ្លាក់ខ្លួនជាស្ត្រីមេម៉ាយកូន៣នាក់ ក្នុងនោះមានស្រីម្នាក់ និងប្រុស ២នាក់ រស់នៅក្នុងសភាពតោកយ៉ាកវេទនា គ្មានអ្វីទីពឹង សម្រេចចិត្តបី ដឹកដៃកូន ដើរតាមស្វែងរកប្តី នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ មានវត្តមានដល់សាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ស្ត្រីកំសត់ខាងលើឈ្មោះ ញ៉ែត មុី អាយុ ២៤ឆ្នាំ មានកូន៣នាក់ ប្រុស២នាក់ ស្រីម្នាក់ ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិ តំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត ។ ចំណែកប្តីរត់ចុះចោលបាត់ ឈ្មោះ ប៊ុន ង៉ែត អាយុ២៤ឆ្នាំ មុខរបរ កម្មករសំណង់ ។

តាមការយំរៀបរាប់ពីស្ត្រីខាងលើ បានឲ្យដឹងថា ក្រោយពីធំពេញវ័យ ត្រូវបានម្តាយធំ (ព្រោះនាងកំព្រាឪពុកម្តាយ) រៀបចំឲ្យមានគូរកស្រករ ជាមួយបុរសខាងលើ កាលពីអំឡុងឆ្នាំ២០១២ រៀបការត្រឹមត្រូវ ទទួលស្គាល់ពីញាតិសងខាង រហូតមកដល់ពេលនេះនាងមានកូន៣នាក់ ក្នុងបន្ទុក កូនពៅអាយុ៨ខែ ។

នាងបន្តទៀតថា ក្នុងស្ថានភាពទីទាល់ក្រ ទាំងប្តីប្រពន្ធ កូននាំគ្នាមកស្នាក់នីទៅក្រុងភ្នំពេញ ក្នុងរបរប្តីជាកម្មករសំណង់ ចំណែកនាង ដោយសារកូនតូចៗ ទើបទៅណាមិនរួច ប្តីឲ្យនៅចាំផ្ទះមើលថែកូន ។ តែអ្វីមិននឹកស្មានដល់ គ្រាកំសត់កំរ រស់នៅជាប្តីប្រពន្ធ ជាមួយគ្នាក្នុងដំណើរផ្លូវជីវិត ៩ឆ្នាំ ស្រាប់តែនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩កន្លងមកនេះ លោកប្តី មានស្រីថ្មី ហើយរត់ចុះចោលបាត់ ជាបន្ទុកមួយធ្លាក់មកលើរូបនាង បីបាច់ចិញ្ចឹមកូន៣នាក់ ទាំងសភាពជីវភាពតោកយ៉ាក គ្មានប្រាក់មួយរៀល សម្រាប់បាយទឹកកូនទាំង៣នាក់ ។ ដោយមិនអាចទ្រាំនូវក្តីឈឺចាប់ផ្លូវចិត្ត និងជីវភាពក្រីក្រផងនោះ នារសៀលថ្ងៃទី២២ ខែមករានេះ សម្រេចចិត្ត ដឹកដៃ ពរកូន ដើរស្វែងរកប្តី តែមិនឃើញ ក៏ចូលសាលាសង្កាត់ចោមចៅ៣ ។

ក្តីទុក្ខលំបាកវេទនា របស់ស្ត្រីមេម៉ាយទុរគត៌ខាងលើ ត្រូវបានលោកចៅសង្កាត់ ចៅសង្កាត់រង ចោមចៅ៣ ជួយឧបត្ថម្ភជាទឹកប្រាក់ និងអ្នកសាពត៌មាន រួមចំណែកជួយជាថវិការមួយចំនួន ជូនដល់ស្ត្រីកំសត់រូនបនេះ ៕