ខេត្តកោះកុង ៖ អ្នកលក់​ទឹកអំពៅ​ម្នាក់ កំពុង​កិន​អំពៅ​លក់​សុខ​ៗ ស្រាប់តែ​ក្មេង​ស្រី​ម្នាក់ មិនដឹងយ៉ាងម៉េច​រុញ​ដៃ​ចូល​ម៉ាស៊ីន​ បណ្តាល​ឱ្យ​កិន​ជាប់ដៃ​ម្ខាង រង​របួសធ្ងន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​ជិត​១​រសៀល ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩ នេះ​នៅ​ចំណុច​គល់​ស្ពាន​ខេត្តកោះកុង ។

បើ​តាម​ប្រភព​ពី ហ្វេ​ស​ប៊ុ​កមួយ​មានឈ្មោះ​ថា បង​ថា​រី សាន់ អេស​ស៊ី បាន​បង្ហោះ​វី​ដេ​អូ និង​រូបភាព យ៉ាង​ដូច្នេះ​ថា ៖ «21.01.2019 ម៉ោង​១២​ថ្ងៃត្រង់ ((​គល់​ស្ពាន​កោះកុង​)) អាណិត​ណាស់​ព្រះ​អើយ ពេល​ឃើញ​ផ្ទាល់​ភ្នែក បានដឹង​ថា​វា​ឈឺចាប់​ប៉ុនណា ក្មួយ​ស្រី​យំ​អោប​ខ្ញុំ ។ មុន​នេះ​បន្តិច ខ្ញុំ​បាន​ជិះ​កាត់​តាម​ផ្លូវ​រង្វង់​មូល​គល់​ស្ពាន​កោះកុង ខ្ញុំ​បានឃើញ​ក្មួយ​ស្រី​ម្នាក់ កំពុង​ជាប់ដៃ​ចូល​ក្នុង​ម៉ាស៊ីន​កិន​ទឹកអំពៅ ពួក​ខ្ញុំ​ក៏​បាន​ចូល​ទៅ​ជួយ​គាស់ ទំ​រាំ​បាន​ចេញ ពួក​ខ្ញុំ​ត្រូវ​ប្រើ​ពេល​អស់​ជាង​កន្លះ​ម៉ោង ហើយ​ពេល​នេះ​ខ្ញុំ អរគុណ​បងប្អូន ដែល​ចូល​មក​ជួយ​គ្នា​ដោយ​ជោគជ័យ ហើយ​ខ្ញុំ​ក៏​ប្រាប់​បង​ម៉ូតូឌុប ដើម្បី​យក​គាត់​ទៅ​ពេទ្យ​ជា​បន្ទាន់​» ។

យ៉ាងណា ក្មេង​ស្រី​រង​គ្រោះ​ដែល​ជាប់ដៃ​ក្នុង​ម៉ាស៊ីន​កិន​ទឹកអំពៅ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ៕