ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន បន្ទាប់ពីប្រើអំពើហិង្សា វាយធ្វើទារុណកម្ម ដូចជាសាហាវជ្រុលជាងសត្វតិរិច្ឆាន ទៅលើក្មួយបង្កើតរបស់ខ្លួនឯង បណ្តាលឲ្យមានរបួសស្នាមធ្ងន់ធ្ងរ រហូតបញ្ជូនចូលសង្រ្គោះបន្ទាន់ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះសង់ថ្មី ផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនកំណាចឥតមេត្តាមាន ឈ្មោះ ប៉ែន ចាន់ត្រា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ចំណែកក្មេងរងគ្រោះ ឈ្មោះ ហ៊េល ទេវា ភេទប្រុស អាយុទើប ៤ឆ្នាំ ត្រូវជាក្មួយបង្កើតរបស់ជនដៃដល់ ស្នាក់នៅក្នុងបន្ទុកជាមួយជនសង្ស័យខាងលើ ក្នុងស្ថានភាពរបួសស្នាម បាក់ដៃ របួសដងខ្លួន និងបាក់ឆ្អឹងជំនី ។

ទោះជាយ៉ាងណាក្តី អ្វីជាទង្វើរគ្មានធម៌មេត្តា ប្រើអំពើហឹង្សាលើកុមារ វាយ ទាត់ ធាក់ ដូចជាសាហាវពេកហើយ បណ្តាលឲ្យក្មេងរងរបួសធ្ងន់ធ្ងរ ត្រូវបប្រជាពលរដ្ឋ រាយការណ៍ទៅស្ថាប័ណសមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្រួលចាត់បញ្ជូនក្មេងរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគុន្ធបុប្ផា រីឯឪពុកមារជាជនកំណាចត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌសែន សុខ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធី ។

ដោយមើលឃើញនូវទុក្ខសោក វិប្បត្តិក្នុងគ្រួសារ ក្មេងរងគ្រោះស្ថិតក្នុងរបួសធ្ងន់ កំពុងសង្រ្គោះនៅមន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមន្ត្រីក្រុមការងារ បានអញ្ជើញចុះទៅសាកសួរសុខទុក្ខ ក្មេងអភ័ព្វរងគ្រោះព្រោះឪពុកមារវាយធ្វើទារុណកម្ម ជួយជាថវិការដល់ក្មេងខាងលើ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះបដល់មន្ទីរពេទ្យតែម្តង ៕