ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញបន្តធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ២នាក់ប្តីប្រពន្ធ ដែលពាក់ព័ន្ធទៅនឹងករណីឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ។

ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ៤៩Eo ស្ថិតក្នុងបន្ទប់លេខ១ ជាន់ទី១ ផ្លូវលេខ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងថា ដោយនៅក្នុងប្រតិបត្តិការចុះបង្ក្រាបជនសង្ស័យខាងលើនេះ ដោយមានបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យធ្វើការបំបែកនៅសម្បុកក្រុមចោរឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ។

ក្រោយពីទទួលបានបទបញ្ជាពីឯកឧត្តមនឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ និងជាស្នងការនគរបាលរាជធានីភ្នំពេញរួចមក កម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានដឹកនាំកម្លាំងបន្តធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការកំណត់បាននូវមុខសញ្ញាឆក់ទាំង ២នាក់ប្តីប្រពន្ធ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ គឺកម្លាំងនគរបាលជំនាញរបស់យើងបានដកហូតនូវឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន រួមជាមួយនឹងថង់ច្រកសម្រាប់គ្រឿងញៀនមួយចំនួនផងដែរ ។

លោក ទៀង ច័ន្ទសារ បានបន្តថា ជនសង្ស័យទាំង ២នាក់ប្តីប្រពន្ធខាងលើមានឈ្មោះ សុខ ភារុន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកអូររាំងឪ ខេត្តកំពង់ចាម និងម្នាក់ទៀតឈ្មោះ ស៉ិន ស្រីម៉ី ហៅយ៉ា ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ ធ្វើការនៅហាងបាបារាំង មានស្រុកកំណើតនៅភូមិព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

ក្រោយមកកម្លាំងជំនាញរបស់យើងបានធ្វើការបញ្ជូនខ្លួនជនសង្ស័យទាំង ២នាក់ប្តីប្រពន្ធខាងលើមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរនិងបន្តការស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខជាបន្តទៀត៕