រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ មក​រា ២០១៩​នេះ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជនសង្ស័យ​មួយ​សំបុក មាន​គ្នា​៨​នាក់ ជំនាញ​ឆក់​កាបូប​ភ្ញៀវ​បរទេស នៅ​ចំណុច​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​ខណ្ឌ​សែន​សុខ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ធំ ។

សេចក្តីរាយការណ៍​បន្ត​ថា វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ មក​រា នេះ កម្លាំង​ជំនាញ​ចេញ​ល្បាត​ពួនស្ទាក់​ចាំ​ឃ្លាំមើល ក៏​ប្រទះ​ឃើញ​ក្រុម​ជនសង្ស័យ​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​មួយ​គ្រឿង និង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​លែ​ត​១​គ្រឿង បម្រុង​ធ្វើ​សកម្មភាព​ឆក់​កាបូប របស់​ជនជាតិ​ចិន​ម្នាក់ ភ្លាម​នោះ កម្លាំង​សមត្ថកិច្ច​ក៏​បើក​ប្រតិបត្តិការ​បង្ក្រាប ចាប់​បាន​ជនសង្ស័យ​ម្នាក់​ភ្លាម​ៗ ។

បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​ចាប់​បាន​ម្នាក់ ហើយ​បក្ខពួក​២​នាក់​ទៀត ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​រត់គេច​ខ្លួន​បាត់ ។ កម្លាំង​នគរបាល រួម​មាន​កម្លាំង​ព្រហ្មទណ្ឌ កម្លាំង​សន្តិសុខ និង​កម្លាំង​អន្តរាគមន៍ ក៏​បាន​ឲ្យ​ជនសង្ស័យ​ម្នាក់​ដែល​ឃាត់ខ្លួន​បាន នាំ​បន្ត​តាម​ទៅ​រក​សំបុក រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៧​នាក់​ទៀត (​ស្រី​ចំនួន​៣​នាក់​) ដែល​ជា​បក្ខពួក​នៅ​ចំណុច​បន្ទប់​ជួល​ជិត​រោងចក្រ​C7 ស្ថិត​ក្នុងភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ព្រមទាំង​ដកហូត​បាន​កាបូប​ជា​ច្រើន​ទៀត ដែល​ក្រុម​នេះ​ឆក់​បាន​នា​ពេល​កន្លង​មក ។

កាបូប​ដ៏​ច្រើន​ដែល​ត្រូវ​ចោរឆក់​ពី​អ្នកដំណើរ​តាម​ផ្លូវ ជា​ពិសេស​ឆក់​ពី​ជនបរទេស​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រក​ឃើញ នៅ​ក្នុង​បន្ទប់​ជួល ខណៈ​ពេល​ដែល​កម្លាំង​ចូល​ទៅ​ចាប់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​៧​នាក់ ជា​ក្រុម​មុខសញ្ញា​ចោរឆក់​យ៉ាង​សកម្ម​បំផុត ដែល​តែង​ធ្វើ​សកម្មភាព​ឆក់​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​-​ភ្នំពេញ ។

ទោះជា​យ៉ាងនេះ​ក្តី កម្លាំង​ជំនាញ​បាន​និង​កំពុង​តាម​ចាប់​បក្ខពួក​ក្រុម​ដៃ​ស្អិត​ទាំងនេះ ដែល​នៅ​សល់​បន្ថែម​ទៀត ដែល​កំពុង​តែ​រត់គេច​ខ្លួន ដើម្បី​យក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕