រាជធានី​ភ្នំពេញ ៖ ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ កាល​វេលា​ម៉ោង​១២ និង​១៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមករា ក្រោម​ការ​សម្រប​សម្រួល​ពី​ស្ថាប័ន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង ដែល​ពោរពេញ​ទៅ​ដោយ​បទល្មើស ប្រើប្រាស់​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥៨​នាក់ ។

ប្រតិបត្តិការ​បង្ក្រាប​នេះ គឺជា​ការ​បង្ក្រាប​លើក​ទី​២ នៅ​ខារ៉ាអូខេ PRO KTV ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៧៥៧-៧៥៨ ភូមិ​៧ សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន ។

មន្ត្រីជាន់ខ្ពស់​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥៨​នាក់ (​ស្រី​២៤​នាក់​) មាន​៥​ជាតិ​សាសន៍ ក្នុង​នោះ​ជនជាតិ​ចិន​២៩​នាក់ (​ស្រី​៥​នាក់​) ជនជាតិ​វៀតណាម​២៣​នាក់ (​ស្រី​១៥​នាក់​) ស្ត្រី​ជនជាតិ​ថៃ​២​នាក់ ស្ត្រី​ខ្មែរ​២​នាក់ និង​បុរស​កូរ៉េ​ម្នាក់ ។ ជនសង្ស័យ​៥២​នាក់​វិជ្ជមាន (​មាន​ជាប់​សារធាតុ​ញៀន​) និង​អវិជ្ជមាន​០៦​នាក់ (​មិន​មាន​ប្រើប្រាស់​) ។

មន្ត្រី​សមត្ថកិច្ច បន្ត​ថា ជន​ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​បែងចែក​ជា​ប្រភេទ ៖ ១-​អនុប្រធាន​ក្រុមហ៊ុន​ម្នាក់ ជា​ម្ចាស់​ទីតាំង ។ ២-​មេការ​ធំ​ម្នាក់ និង​មេការ​តូច​ម្នាក់ ជា​អ្នក​ចាត់ចែង​ទូទៅ​នៅ​ក្នុង​ក្លិប​កម្សាន្ត​ខារ៉ាអូខេ ។ ៣-​អ្នក​ប្រើប្រាស់​គ្រឿងញៀន​៥៣​នាក់ និង​អ្នក​កំដរ​២​នាក់ ។ ចំពោះ​វត្ថុ​តាង​ដែល​ត្រូវ​បាន​ដកហូត​មាន ថ្នាំ​ញៀន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី​គ្រាប់​ទម្ងន់​២,០៥​ក្រាម ថ្នាំ​ញៀន​ម្សៅ​ប្រភេទ​កេ​តា​មីន​៦,៥៨​ក្រាម និង​ថ្នាំ​ញៀន​ម្សៅ​ប្រភេទ​កា​ហ្វ​អ៊ិ​ច​ស្តា​ស៊ី​៩៧,០៨​ក្រាម ។

ក្រោយ​ពេល​ឃាត់ខ្លួន ជន​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់ ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​ទាំងនោះ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

គួរ​បញ្ជាក់​ថា ទីតាំង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ម្តង​រួច​មក​ហើយ កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ឃាត់ខ្លួន​មនុស្ស​១៧​នាក់ (​ស្រី​៣) ក្នុង​នោះ អ្នក​ជួញដូរ​២​នាក់ និង​អ្នក​ប្រើប្រាស់​១៥​នាក់ (​ស្រី​៣​នាក់​) និង​បាន​ចាប់​យក​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ខេ​តា​មីន ៣០​គ្រាប់ និង​ម៉េ​តំ​ហ្វេ​តា​មីន ICE ១៨​កញ្ចប់​តូច​ទៀត​ផង ៕