ភ្នំពេញ៖ អណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅផ្ទះស្តុកខោអាវជជុះបោះដុំមួយខ្នង រហូតឆេះខ្ទេចគ្មានសល់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង1នឹង15នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី21 ខែមករា នៅតាមបណ្ដោយផ្លូវ20MC ផ្ទះលេខ307 ក្រុម5 ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ2 ខណ្ឌមានជ័យ។

ផ្ទះដែលត្រូវភ្លើងឆេះខ្ទេចគ្មានសល់នោះ មានទំហំ10ម៉ែត្រ គុណនឹង20ម៉ែត្រ ជាផ្ទះថ្មលាយសង្ក័សី ដែលមានម្ចាស់ផ្ទះឈ្មោះ ហេង ឆាយ ភេទប្រុស អាយុ66ឆ្នាំ នៅក្នុងផ្ទះស្តុកទៅដោយខោអាវជជុះពេញក្នុងផ្ទះ ។

ប្រភពព័ត៌មានពីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា គាត់ក៏មិនដឹងមូលហេតុពិតប្រាកដ ដែលបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបែបនេះទេ ប៉ុន្តែគាត់ដាក់ការសង្ស័យថា អាចមកពីបញ្ហាឆ្លងចរន្តអគ្គិសនី ។ មុនមានការភ្ញាក់ផ្អើល គឺគាត់សម្រាកនៅខាងក្នុងផ្ទះលង់ លក់ លុះដឹងខ្លួនឡើង ឃើញភ្លើងបានឆេះ ផ្ទះគាត់យ៉ាងសន្ធោសន្ធៅបាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះ ចេញជួយគ្នាអន្តរាគមន៍ពន្លត់ តែមិនអាចគ្រប់គ្រងស្ថានការណ៍បានក៏រាយកាណ៍ទៅខាងសមត្ថកិច្ចទាក់ទងហៅរថយន្តសង្គ្រោះ មកជួយអន្តរាគមន៍អស់ជាច្រើនគ្រឿង បានប្រើរយៈពេលជាច្រើនម៉ោង នៅតែមិនអាចជួយបានទាន់ពេលវេលា ដោយសារនៅខាងក្នុងផ្ទះកើតហេតុគឺមានខោអាវជជុះបោះដុំ ពេញក្នុងផ្ទះ ដែលជាមូលហេតុងាយនឹងឆេះ ម្យ៉ាងផ្លូវចូលតូចចង្អៀតដែលពិបាកដល់ខាងរថយន្តសង្គ្រោះចូលទៅជួយអន្តរាគមន៍ ទើបអណ្តាតភ្លើងបានឆាបឆេះខ្ទេចទាំងស្រុងតែ ម្ដង។

ក្នុងហេតុការណ៍នេះដែល ម្ចាស់ផ្ទះមិនទាន់អាចបញ្ជាក់ពីទំហំនៃការខូចខាត បាននៅឡើយទេ ចំពោះមូលហេតុដែលបណ្តាលឲ្យឆេះ ម្ចាស់ផ្ទះបានដាក់ការសង្ស័យថាអាចមកពីបញ្ហាឆ្លងចរន្តអគ្គិសនី៕