រាជធានីភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី៥ ត្រូវបានបញ្ចប់ដោយភាពជោគជ័យជាមួយសិក្ខាកាម៨០នាក់បន្ថែមទៀតដែល ទទួលបានជំនាញលើផ្នែកជួសជុលទូរស័ព្ទ និងគ្រឿងបរិក្ខារអេឡិកត្រូនិក​ដូចជាទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរទស្សន៏ ក្រោយពីទទួលបានការបណ្ដុះបណ្ដាលរយៈពេល៤ខែកន្លងទៅ។

អគ្គនាយកសាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Seungho Choi បានមានប្រសាសន៍នៅក្នុងពិធីបិទវគ្គ Samsung Tech Institute ថា “យើងនៅក្រុមហ៊ុនសាមសុង ជឿជាក់ថា សមត្ថភាពនិងជំនាញបុគ្គលម្នាក់ៗអាចជួយពង្រឹងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយក្នុងស្មារតីនេះ យើងនៅតែបន្តផ្ដោតការយកចិត្តទុកដាក់លើគោលដៅរបស់យើងក្នុងការបន្តជួយអភិវឌ្ឍ និងពង្រឹងជំនាញរបស់បុគ្គលម្នាក់ៗ ហើយការចូលរួមនេះនឹងក្លាយជាវិភាគទានដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង។ ”

ឆ្នាំនេះ គឺជាឆ្នាំទី៥ នៃវគ្គបណ្ដុណបណ្ដាល Samsung Tech Institute ដោយបានបណ្ដុះបណ្ដាលសិក្ខាកាមចំនួន៨០នាក់​ លើបីជំនាញផ្សេងៗគ្នាដូចជា ជំនាញជួលជុលទូរស័ព្ទនិងថែបផ្លែត ជំនាញជួសជុល Smart TV និងជំនាញជួសជុលគ្រឿងបរិក្ខាអេឡិកត្រូនិក។

គោលបំណងសំខាន់របស់ Samsung Tech Institute គឺចូលរួមជួយអភិវឌ្ឍធនធានមនុស្សនិងបង្កើតទីផ្សារការងារឲ្យកាន់តែទូលំទូលាយដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ជុប្បន្ន។ សិក្ខាកាមសរុបចំនួន ៣៥០នាក់ បានបញ្ចប់វគ្គបណ្ដុះបណ្ដាលពី Samsung Tech Institute ដោយភាពជោគជ័យនឹងទទួលបានជំនាញដើម្បីកសាងអាជីពរបស់ពួកគេឲ្យកាន់តែល្អប្រសើរ ក៏ដូចជាចូលរួមជួយសង្គមជាតិផងដែរ។ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានក្លាយជាដៃគូដ៏រឹងមាំរបស់ក្រុមហ៊ុនសាមសុងកម្ពុជា សម្រាប់ការអនុវត្តគម្រោងនេះតាំងពីឆ្នាំ២០១៤មក។

នៅក្នុងសុន្ទរកថាដោយឡែកមួយទៀត ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានមានប្រសាសន៍ដោយជឿជាក់យ៉ាងមុតមាំថា ដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់មធ្យម កម្ពុជាត្រូវការកម្លាំងពលកម្មដែលមានគុណភាព។ លោកបានបន្ថែមថា “ធនធានមនុស្សដែលកើតចេញពីលទ្ធផលបណ្ដុះបណ្ដាលរបស់ Samsung Tech Institute បានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ តាមរយៈការបង្កើនជំនាញ និងបង្កើនមុខរបរការងារថែមទៀតផង”

ឯកឧត្តម ប៊ុន ភារិនបានបន្ថែមទៀតថា បច្ចេកវិទ្យា និងវិធីសាស្ត្របណ្ដុះបណ្ដាលថ្មីដែលផ្ដល់ជូនដោយ ក្រុមហ៊ុនសាមសុង គឺជាចំណុចដ៏សំខាន់ក្នុងការអភវិឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។
ការអបអរសាទរ បានធ្វើឡើងចំពោះសិក្ខាកាមទាំងអស់នៅពេលពួកគេទទួលបានវិញ្ញាបនបត្រនៅលើវេទិកា ដែលផ្ដល់កិត្តិយសចែកជូនដោយឯកឧត្តម ប៊ុន ភារិន និងលោកអគ្គនាយក Seungho Choi។

លិខិតពិសេស ដែលផ្ដល់ឱកាសការងារហាត់ការ ត្រូវបានប្រគល់ជូនទៅដល់សិស្សឆ្នើមចំនួន៨នាក់នៅក្នុងវគ្គបណ្ដុះបណ្ដាល។ លិខិតផ្ដល់ឱកាសការងារហាត់ការនេះ គឺជាការប្រកាសទទួលយកពួកគេឲ្យចូលទៅធ្វើការហាត់ការយៈពេល៣ខែ នៅក្រុមហ៊ុនសាមសុង ក្រោមនាយកដ្ឋានសេវាកម្មអតិថិជន។

នៅចុងបញ្ចប់នៃកម្មវិធី ក៏មានការថតរូបទុកជាអនុស្សាវរីយ៍ជាក្រុម រួមមានបុគ្គលិកក្រុមហ៊ុនសាមសុង សិស្សនិស្សិត និងលោកគ្រូ អ្នកគ្រូនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលពោលពេញទៅដោយស្នាមញញឹម ៕

អត្ថបទក្រុមហ៊ុន