ខេត្តកណ្ដាលៈ បុរសគម្រក់ម្នាក់ឃើញក្មេងស្រីៗចេញពីសាលារៀន ក៏បញ្ឆោតដោះយកគ្រឿងអលង្ការបានសម្រេចជាបន្ដបន្ទាប់ចំនួន៣លើក ទើបធ្វើឲ្យគេញ៉ាម ហើយរករបរឆបោកនេះបន្ដទៀត តែអស់លក្ខណ៍ត្រូវសមត្ថកិច្ចមកទាន់ក្របួច​កជាប់ កាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតក្នុងភូមិប្រវត្តិ ឃុំព្រៃពួច ស្រុកអង្គស្នួល។

មន្រ្ដីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ខឹម រ៉េង អាយុ​៣១ឆ្នាំ ជន​ជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ម្តុំកាណាស៊ីតធី នារាជធានីភ្នំពេញ។ រីឯក្មេងស្រីរងគ្រោះទាំង៤នាក់នោះ ទី១-ឈ្មោះ វ៉ាន នីកា អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្សថ្នាក់ទី៥ មាន​លំនៅក្នុងភូមិទន្លាប ឃុំព្រៃពួច ស្រុកអង្គស្នួល ទី២-ឈ្មោះ ទិល ពិសី អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្សថ្នាក់ទី៥ មានលំនៅក្នុងភូមិក្រាំងលាវ ឃុំព្រៃពួច ស្រុកអង្គស្នួល ទី៣-ឈ្មោះ ស្រ៊ុន ស៊ីនតី អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្សថ្នាក់ទី៥ មានលំនៅក្នុងភូមិចំការជោរ ឃុំពើកស្រុកអង្គស្នួល និងទី៤-ឈ្មោះ លី ស្រីវី អាយុ៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្សថ្នាក់ទី៣ មានលំនៅភូមិគុម្ពោតស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

មន្រ្ដីនគរបាលដដែល​ បានបន្ដថា ក្នុងការចាប់ឃាត់ខ្លួនជនសង័្សយខាងលើនេះ សមត្ថកិច្ចដកហូត​បាន​វត្ថុតាងមួយចំនួន រួមមាន ម៉ូតូមួយគ្រឿង ម៉ាក ZOOMER X ពណ៌ក្រហមលាយស ពាក់ស្លាកលេខកំពង់ស្ពឺ 1L-8420 លេខម៉ាស៊ីន១១៩៦៣២, ខ្សែកកាឡៃ១ខ្សែ និងខ្សែដៃកាឡៃ១ខ្សែ។ ដោយឡែកសម្ភារដែលបានបាត់បង់ រួមមាន ខ្សែកប្លាទីនមានទម្ងន់៣ជី, ចិញ្ចៀនប្លាទីនមានទម្ងន់១ជី, ខ្សែកប្លាទីន​១​ខ្សែ មានតម្លៃ១០០ដុល្លារ និងកងដៃប្លាទីន១វង់។

មន្រ្ដីនគរបាលដដែល បានបន្ដថា មុនពេលឃាត់ខ្លួន ក្មេងស្រីរងគ្រោះខាងលើទើបនឹងចេញពីសាលារៀន ហើយនាំគ្នាជិះទៅត្រឡប់ទៅផ្ទះរបស់ពួកនាងវិញ។ លុះពេលពួកនាងធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏ជួបនឹងជនសង្ស័យ។ ស្របពេលឃើញពួកនាងមានពាក់ខ្សែកប្លាទីនបែបនេះ ជនសង័្សយបាន​ហៅពួកនាងឲ្យឈប់កង់ ហើយប្រើល្បិចថា ម៉ូតូរបស់គេខូច ហើយពឹងឲ្យក្មេងស្រីរងគ្រោះជួយរុញ។

មន្រ្ដីនគរបាលដដែល​ បានបន្ដថា ឃើញបែបនេះ ក្មេងស្រីរងគ្រោះ​បានឈប់កង់ នាំគ្នាមកមើលម៉ូតូ​របស់ជនសង័្សយ។ ភ្លាមៗនោះ ជនសង័្សយបានសួរនាំពីឈ្មោះឪពុកម្ដាយរបស់ក្មេងស្រីរងគ្រោះ។ បន្ទាប់​មក ជនសង័្សយបានបញ្ឆោតក្មេងស្រីរងគ្រោះថា ខ្លួនជាជាងប្លាទីន ហើយម្ដាយរបស់ក្មួយប្រាប់ឲ្យពូមក​យកខ្សែកពីក្មួយ ដើម្បីទៅប្ដូរ។ ឮបែបនេះ ក្មេងស្រីរងគ្រោះបានយល់ព្រមដោះខ្សែកពីខ្លួននាងឲ្យទៅជន​សង័្សយ។ ប៉ុន្ដែជាចៃដន្យ ស្របពេលជនសង័្សយកំពុងធ្វើសកម្មភាពនោះ សមត្ថកិច្ចបានជិះម៉ូតូល្បាត​ មក​ដល់ ហើយឃើញសកម្មភាពគួរឲ្យសង័្សយ ទើបឈប់ម៉ូតូសាកសួរចុះឡើង តាមជំនាញរបស់សមត្ថកិច្ច ទើបនឹងថា ជននេះមានគំនិតអាក្រក់ទៅលើក្មេងស្រីរងគ្រោះ។

មន្រ្ដីនគរបាលដដែល បានបន្ដថា ភ្លាមៗនេះ សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រៃពួច។ បន្ទាប់មក ជនសង័្សយ​បានឆ្លើយសារភាពថា រូបគេពិតជាបានបញ្ឆោតក្មេងស្រីរងគ្រោះ ប៉ុនប៉ងឆបោកយកគ្រឿងអលង្ការរបស់ពួកនាងប្រាកដមែន។

ជនសង័្សយ​ បានសារភាពប្រាប់សមត្ថកិច្ចបន្ដទៀតថា កន្លងមក រូបគេធ្លាប់ធ្វើសកម្មភាពបែបនេះ​បានសម្រេចចំនួន៣លើករួចមកហើយ។ ក្នុងនោះលើកទី១-គេធ្វើបានសម្រេច កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយឆបោកបានខ្សែក និងចិញ្ចៀនប្លាកទីន។ លើកទី ២-នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នា២០១៨ វេលាម៉ោង៥ និង៣០នាទីរសៀល ដោយខ្លួនឆបោកបានកងដៃប្លាទីន១វង់ និងលើកទី៣-ធ្វើនៅថ្ងៃទី២០ ខែសីហា២០១៨ វេលាម៉ោង១២ និង៣០នាទីរសៀល ដោយ ខ្លួនឆបោកបានខ្សែក១ខ្សែ។ រាល់សកម្មភាពឆបោកបានសម្រេចទាំង៣លើកខាងលើនេះ គឺគេបានធ្វើទៅលើកុមារីដែលទើបនឹងចេញពីសាលារៀន។

ក្រោយពេលសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង័្សយ និងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្ដតាមច្បាប់៕