ភ្នំពេញ ៖ បុរស​អណិកជន​ខ្មែរ​ម្នាក់​ធ្លាប់​រស់នៅ​អា​មេ​រិ​ក បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​ករណី​ហឹ​ង្សា​ដោយ​ចេតនា ករណី​គំរាមកំហែង​ថា នឹង​សម្លាប់ ឃុំឃាំង និង​ធ្វើ​ទារុណកម្ម​ផ្លូវភេទ ទៅ​លើ​និស្សិត​ស្រី​ម្នាក់ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា ម្សិលមិញ​នេះ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី ហិង្សា​គំរាម​សម្លាប់, ​បង្ខាំង​ទុក និង​អំពើ​ទារុណកម្ម ។

ប្រភព​ពី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ជនសង្ស័យ ឈ្មោះ ព្រឿ​ង សំ​អឿ​ន ហៅ​សេ​ម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ធ្លាប់​ជា​អណិកជន​រស់នៅ​សហរដ្ឋអាមេរិក អាច​ចាត់​ទុក​ថា ជា​ជន​កំណាច​ឃោរឃៅ​ម្នាក់ នៅ​កម្ពុជា ប្រចាំឆ្នាំ​២០១៨ ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត ដោយ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃើញ​ថា ជន​នេះ​មានមុខរ​បរជា​គ្រូបង្រៀន​លំ​ហាត់ប្រាណ នៅ​ក្នុង​ក្លឹ​ប​ស៊ុប​ភឺ​ហ្វី​ត បាន​ប្រព្រឹត្ត​អំពើ បង្ខាំង​ទុក​នារី​ម្នាក់ ប្រើ​អំពើ​ហិង្សា និង​ធ្វើ​ទារុណកម្ម​ផ្លូវភេទ លើ​ជន​រង​គ្រោះ ឈ្មោះ ម​.​ហ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ ព្រមទាំង​បាន​ទូរស័ព្ទ​ទៅ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ ប្រើ​ពាក្យ​សំដី​មិន​សមរម្យ ប៉ះពាល់​ដល់​កិត្តិយស​ជន​រង​គ្រោះ និង​គំរាម​បង្ហោះ​វី​ដេ​អូ​រួម​ភេទ​ជាមួយ​គ្នា​ផង​ដែរ ។

ជនសង្ស័យ បាន​សារភាព​ឲ្យ​ដឹង​ថា រូប​ខ្លួន និង​ជន​រង​គ្រោះ បាន​ស្គាល់គ្នា​រយៈពេល​០១​ឆ្នាំ​មក​ហើយ ពួក​គេ​ទាំង​០២​នាក់ ស្គាល់​ដំបូង គឺ​ជន​រង​គ្រោះ​តែង​មក​ហាត់ប្រាណ​នៅ​ក្នុង​ក្លឹ​ប​ស៊ុប​ភឺ​ហ្វី​ត​រាល់ថ្ងៃ ហើយ​ខ្លួន​ជា​គ្រូបង្រៀន​លំ​ហាត់ប្រាណ​នៅ​ទីនោះ ។ ក្រោយ​ពេល​ពួក​គេ​ទាំង ០២​នាក់ ស្គាល់គ្នា​បាន​ប្រហែល ០៣​ស​ប្តា​ហ៍ ពួក​គេ​ទាំង ០២​នាក់ បាន​ស្រលាញ់​គ្នា​ជា​សង្សារ ហើយ​តែងតែ​ទូរស័ព្ទ​ណាត់ជួប​គ្នា ដើម្បី​រូ​ម​ភេទ​ជា​ញឹកញាប់​ក្នុង ០១​ស​ប្តា​ហ៍ ០២​ទៅ ០៣​ដង ហើយ​ក្នុង​ពេល​រួម​ភេទ​ម្តង​ៗ ជនសង្ស័យ​ខាងលើ តែងតែ ថត​ជា​វី​ដេ​អូ​ទុក​ផង​ដែរ ។ លើក​ដំបូង ពួក​គេ​រួម​ភេទ ជាមួយ​គ្នា​ក្នុងផ្ទះ​សំណាក់​ម្តុំ​ផ្សារ​សុ​វ​ណ្ណា ហើយ​ក្រោយ​ៗ​មក​ទៀត ពួក​គេ​បាន​ជួល​បន្ទប់​ខុន​ដូរ​មួយ​ឈ្មោះ MHM បន្ទប់​លេខ​១៦៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដើម្បី​ណាត់ជួប​គ្នា​រួម​ភេទ ។

តាម​ការ​បញ្ជាក់​របស់​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​រូប​នាង​ពិតជា​បាន​ស្រឡាញ់​ជនសង្ស័យ​ជាស​ង្សា​ខ្លាំង​ណាស់ តែ​រយៈកាល​ក្រោយ​ៗ​មក រូប​នាង​បែរជា​មានការ​ភ័យ​ខ្លាច​ជា​ខ្លាំង ព្រោះតែ​ជនសង្ស័យ​ហាក់ដូចជា​មនុស្ស​រោគ​ចិត្ត ត្បិត​ពេល​រួម​ភេទ​ជាមួយ​គ្នា​ម្តង​ៗ ជនសង្ស័យ​មិន​ត្រឹមតែ​ថត​វី​ដេ​អូ​ទុក​ប៉ុណ្ណោះ​ទេ រូបគេ​ថែម​ទាំង​ប្រើ​ទារុណកម្ម​ឃោរឃៅ ក្នុង​ពេល​រួម​ភេទ ដូច​ជា ក្តិច ខ្ញាំ ខាំ ច្របាច់ មួល​កដៃ​និង​វ៉ៃ​បែក​មាត់ លើ​រូប​នាង​ជា​ញឹកញាប់ រហូត​ដល់​នាង​បែកចិត្ត​ទៅ​ភ្ជាប់ពាក្យ​ជាមួយ​អ្នក​ថ្មី​ ។ ក្រោយ​ពេល​ជនសង្ស័យ បានដឹង​ថា​នាង​មាន​គូរ​ដណ្តឹង ជនសង្ស័យ​ក៏​បាន​ប្រើ​ហឹ​ង្សា​លើ​រូប​នាង​ចំនួន​០៦​ដង និង គម្រាម​បង្ហោះ​វី​ដេ​អូ​រួម​ភេទ​ជាមួយ​គ្នា​ផង​ដែរ ។

នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ ខណៈ​ពេល​ដែល​នារី​រង​គ្រោះ​និង​ជនសង្ស័យ​នៅ​ជាមួយ​គ្នា ស្រាប់តែ​គូ​ដណ្តឹង​នារី​រង​គ្រោះ បាន​ឆាត​មក ក៏​ត្រូវ​ជនសង្ស័យ​ឆែក​ឃើញ បណ្តាល​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា ហើយ​ជនសង្ស័យ​បាន​ឆាត​ទៅ​គម្រាម គូរ​ដណ្តឹង​នារី​រង​គ្រោះ ឲ្យ​ឈប់​ទាក់ទង​នាង​ជា​បន្ទាន់ បើ​មិន​ដូច្នោះ​ទេ​រូបគេ​នឹង​ធ្វើ​អ្វីមួយ ចំពោះ​គូរ​ដណ្តឹង​នារី​រង​គ្រោះ​ជាក់​ជា​មិន​ខាន ហើយ​បន្ទាប់​មក ជនសង្ស័យ​បាន​បង្ខាំង​នារី​រង​គ្រោះ​ទុក​ក្នុង​បន្ទប់​ខុន​ដូ​មិន​ឲ្យ​ចេញ​ទៅ​ណា ព្រមទាំង​បាន​ចាប់​បោច​សក់ និង​រុញ​ផ្ទប់ នារី​រង​គ្រោះ​ទៅ​នឹង​ជញ្ជាំង ហើយ​បាន​ខាំ​ទៅ​លើ​ជន​រង​គ្រោះ​០២​កន្លែង គឺ​ដៃ ០១​កន្លែង និង​ខាំ​កំប៉េះ​គូថ ០១​កន្លែង បន្ទាប់​មក​ជនសង្ស័យ​បាន​កាត់​ក្រណាត់​អាវយឺត​ជា​កង់​ៗ បំរុង​យក​មក ចងដៃ ចងជើង​នាង តែ​ដោយសារ​នារី​រង​គ្រោះ​អង្វរ​ពេក ទើប​រូបគេ​មិន​បាន​ចង ហើយ​ក៏​បង្ខំ​នារី​រង​គ្រោះ​ឲ្យ​ទូរស័ព្ទ​ទៅ​និយាយ​ជាមួយ​គូរ​ដណ្តឹង ថា​ពួក​គេ​ទាំង ០២​នាក់ រស់នៅ​ជាមួយ​គ្នា​ជា​រៀងរាល់ថ្ងៃ បើ​នាង​មិន​ទូរស័ព្ទ​ទៅ​ទេ ជនសង្ស័យ​គំរាម​ថា​នឹង​យក​កន្ត្រៃ​មក​កាត់សក់​ចេញ​ឲ្យ​អស់ ហើយ​សម្លាប់​ចោល​តែ​ម្តង ទើប​នារី​រង​គ្រោះ​បង្ខំចិត្ត​ទូរស័ព្ទ​ទៅ​គូរ​ដណ្តឹង និយាយ​តាម​ការ​គម្រាម​របស់​ជនសង្ស័យ ហើយ ជនសង្ស័យ​បាន​បង្ខាំង​នាង​ទុក​នៅ​ក្នុង​បន្ទប់​ខុ​ដូ និង​យក​កាំបិត​ចុង​ស្រួច ស​ស្ញា​ច​មួយ គម្រាម​នាង​មិន​ឲ្យ​ចេញ​ទៅ​ណា​ជា​ដាច់ខាត ។

លុះដល់​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ ម្តាយមីង​របស់​នារី​រង​គ្រោះ បាន​បាត់​ដំណឹង​ក្មួយ​ស្រី​ពេញ​មួយ​យប់ ក៏​បាន​ដាក់​ពាក្យបណ្តឹង​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឲ្យ​ជួយ​ស្រាវជ្រាវ រហូត​ឈាន​ទៅ​ដល់​រក​ឃើញ​ទីតាំង​បង្ខាំង​ទុក​ផ្ទាល់ ដោយ​មានការ​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌចំការមន​។

ពេល​ដែល​សមត្ថកិច្ច​អាវុធហត្ថ​ចុះ​ទៅ​ដល់ ជនសង្ស័យ​មិន​ព្រម​បើកទ្វារ​នោះ​ទេ ថែម​ទាំង​គម្រាម​សមត្ថកិច្ច​ថា​រូបគេ​នឹង​សម្លាប់​នារី​រង​គ្រោះ​ចោល​ក្នុង​បន្ទប់​ទៀត​ផង បន្ទាប់​មក​ជនសង្ស័យ​បាន​យក ស្ព្រា​យ​បាញ់​ទៅ​លើ​ទ្វារ​កញ្ចក់ មិន​ឲ្យ​សមត្ថកិច្ច​មើលឃើញ​ដល់​ក្នុង​បន្ទប់ បម្រុង​រត់គេច​ខ្លួន តែ​មិន​អាច​ចេញ​ទៅ​ណា​រួច ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ទម្លាយ​ទ្វារ​ចូល​ទៅ​ឃាត់ខ្លួន និង​រំដោះ​ជន​រង​គ្រោះ​បាន​តែ​ម្តង​។

បន្ថែម​ពីលើ​នេះ​ទៅ​ទៀត តាម​ការ​ធ្វើតេស្ត​ទឹកនោម​របស់​ជនសង្ស័យ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រក​ឃើញ​ថា ជនសង្ស័យ​ដែល​ជា​មនុស្ស​កំណាច​ឃោរឃៅ​ម្នាក់​នេះ មាន​ជាប់​សារធាតុ​ញៀន​ផង​ដែរ ៕

បង្រៀន​និស្សិត​ស្រី​ហាត់ប្រាណបាន​រួមរ័ក ធ្វើ​ទារុណកម្ម​ផ្លូវភេទ​ជិត​១​ឆ្នាំ ថត​ទុក​គំរាម