ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​ឆ្មក់​ចូល​បង្ក្រាប​ហាង​ម៉ាស្សា​កោស​ជប់​ធ្វើ​សរសៃ​មួយ​កន្លែង មាន​លួច​បង្កប់​សេវា​ផ្លូវភេទ ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៧​នាក់ និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​។

ការ​បង្ក្រាប​ហាង​ម៉ាស្សា​នេះ ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី​១៩​ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្ទះ​លេខ​៣៦០EoE តាម​បណ្ដោយ​ផ្លូវ​២០១១ ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

ទីតាំង​លួចលាក់​បង្កប់​សេវាកម្ម​ផ្លូវភេទ​ខាងលើ​នេះ កម្លាំង​ចុះ​ឆែកឆេរ និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៧​នាក់ ក្នុង​នោះ​ឃាត់ខ្លួន​ប្តី​ប្រពន្ធ​ដែល​ជា​ថៅកែ​ហាង​ម៉ាស្ស​នោះ ដែល​បុរស​ជា​ប្តី​មានឈ្មោះ ម៉ុ​ន ចំរើន អាយុ​៤១​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ ប្រពន្ធ​ឈ្មោះ ហ៊ុន ស្រី​អន អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា ។

ចំណែកឯ​នារី​ម៉ាស្សា​ចំនួន​ប្រាំ​នាក់​ទៀត ជា​ជន​រង​គ្រោះ រួម​ទាំង​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន ចំនួន​៤ ស្រោមអនាម័យ​ប្រើប្រាស់​រួច និង​មិន​ទាន់​ប្រើ មួយ​ចំនួន និង​សម្ភារ​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន​ ថៅកែ​២នាក់​ប្តី​ប្រពន្ធនិង​ស្ត្រី​ម៉ាស្សា​ទាំង​៥​នាក់ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ឯ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​រង់ចាំ​ធ្វើការ​ចាត់ការ​បន្ត ទៅ​តាម​នីតិវិធី​ច្បាប់ ៕