ខេត្តត្បូងឃ្មុំ៖ បុរសល្មោភកាមម្នាក់ បានចាប់រំលោភកូនស្រីរបស់ប្ដីដើមរំលោភបានសម្រេចម្តង មិនឃើញនាងប្តឹង ធ្វើឲ្យគេញ៉ាម ក៏តាមចាប់រំលោភម្តងទៀត តែអស់លក្ខណ៍ត្រូវប្រពន្ធតាមទាន់ ក៏ចូលទៅឃាត់ ស្រាប់តែប្តីកំណាចផ្ទុះកំហឹង ទាញដំបងដេញវាយសំពងទាំង២នាក់ម្តាយកូន បង្កឲ្យភ្ញាក់ផ្អើលដល់​សមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ។

មន្ត្រីនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភកូនស្រីរបស់​ប្ដីដើម ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ រ៉េន រាង អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ រីឯជនរងគ្រោះទាំង២នាក់ម្ដាយ និងកូននោះ ឈ្មោះ ស ក អាយុ​៣៩ឆ្នាំ មុខរបរកសិករ និងកូនស្រី ឈ្មោះ ស ច អាយុ១៥ឆ្នាំ មុខរបរកសិករ។ គ្រួសារនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

បើតាមសម្តីរបស់ស្ត្រីរងគ្រោះជាប្រពន្ធ បានឲ្យដឹងថា កន្លងមក នាងធ្លាប់មានប្តីម្តងរួចមកហើយ ហើយ​ជីវិតប្ដីប្រពន្ធរបស់នាងជាមួយនឹងប្ដីទី១នោះ គឺបង្កើតបានកូនស្រីម្នាក់ (ក្មេងស្រីរងគ្រោះ)។ លុះក្រោយមក នាងក៏បានបែកបាក់ជាមួយនឹងប្តីទី១ ទើបនាងទទួលយកជនសង្ស័យខាងលើ មកធ្វើជាប្តី(ប្ដីទី២) ហើយបាននាំកូនស្រី(ជនរងគ្រោះ)មករស់នៅជុំគ្នាផងដែរ។

ម្ដាយរបស់ក្មេងស្រីរងគ្រោះ បានបន្ដថា​ នៅពេលកូនស្រីរបស់នាងសមានអាយុ១៥ឆ្នាំ ស្រាប់តែប្ដីទី២​របស់នាង បានចាប់កូនស្រីបង្កើតរបស់នាង រំលោភសេពសន្ថវៈបានសម្រេចម្តងរួចមកហើយ តែនាងនិងកូនស្រី មិនហ៊ានប្តឹង ហើយចេះតែប្រឹងលាក់បាំងរហូតមក ដោយសារខ្លាចជនសង្ស័យវាយសម្លាប់បំបិទមាត់។

ម្ដាយរបស់ក្មេងស្រីរងគ្រោះ បានបន្តថា រហូតមកដល់ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ប្តីកំណាចរូបនោះ បានប៉ុនប៉ងចាប់រំលោភកូនស្រីរបស់នាងរំលោភជាលើកទី២ម្ដងទៀត រហូតធ្វើឱ្យកូនស្រីនាងស្រែកឆោឡោ ផ្អើលដល់នាងឡើងទៅទាន់ និងស្រែកឃាត់ប្តី។ ឃើញបែបនេះ ស្រាប់តែប្តីកំណាចបានផ្ទុះកំហឹង ចោទនាងជាប្រពន្ធថា ហ៊ានមកបំផ្លាញសេចក្តីសុខរបស់ប្តី ក៏ទាញដំបងមកដេញវាយសំពងពួកនាងទាំង២នាក់ម្ដាយកូន ព្រមទាំងបណ្តេញពួកនាងឱ្យចេញពីផ្ទះទៀតផង។

ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ នាងអំឡុងខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ខណៈនាងកំពុងតែដេកលង់លក់នៅលើផ្ទះ ស្រាប់តែឪចុងរបស់នាង បានចូលមកចាប់នាងរំលោភសេពសន្ថវៈទាំងកំរោល រហូតដល់បានសម្រេច។ លុះពេលនាងយករឿងអាស្រូវនោះមកប្រាប់ម្តាយ ស្រាប់តែឪចុងកំណាចរូបនេះ បានគំរាមសម្លាប់ពួកនាងទាំង២នាក់ម្តាយកូន ប្រសិនបើហ៊ានធ្វើឱ្យបែកធ្លាយរឿងរបស់គេ។ ដោយសារតែពួកនាងទាំង២នាក់ម្ដាយកូន មិនហ៊ានប្រាប់អ្នកណា ឬប្តឹងផ្តល់អ្វីឡើយ សុខចិត្តទ្រាំបៀមទុក្ខ លាក់បាំង រហូតមក។

ក្មេងស្រីរងគ្រោះ បានបន្តថា រហូតមកដល់ថ្ងៃកើតហេតុ ឪចុងល្មោភកាមរូបនេះ បានមកប៉ុនប៉ងចាប់រំលោភនាងជាលើកទី២ទៀត តែត្រូវនាងស្រែកផ្អើលដល់ម្តាយ ឡើងមកជួយ ក៏ត្រូវឪចុងដេញវាយទាំង​២នាក់ រួចបណ្ដេញពួកនាងឱ្យចុះចេញពីផ្ទះ ទើបពួកនាងសម្រេចចិត្តមកដាក់ពាក្យបណ្តឹង សុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្វែងរកយុត្តិធម៌ឲ្យនាង។

ក្រោយពេលមានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយនាំទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់​ការតាមផ្លូវច្បាប់៕