ខេត្តកណ្តាល ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា ២០១៨ នេះ​តុលាការ​ខេត្តកណ្តាល​បាន​បើក​សវនាការ លើ​សំណុំរឿង​កូនស្រី​កាប់សម្លាប់​ឪពុក ដោយសារ​បាត់​លុយ​៣,០០០​រៀល ត្រូវ​តុលាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ចំនួន​១២​ឆ្នាំ ។

ជនជាប់ចោទ ឈ្មោះ ឃុ​ត ច​ន្នី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ល្វា​សរ​កណ្តាល ឃុំ​ល្វា​សរ ស្រុក​ល្វាឯម ខេត្តកណ្តាល​ត្រូវ​បាន​តុលាការ​ខេត្តកណ្តាល សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​ខេត្ត ។

សូម​រម្លឹក​ថា ហេតុការណ៍​កាប់សម្លាប់​យ៉ាង​សាហាវឃោរឃៅ​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦​និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ឈ្មោះ ឯម សា​រឿ​ន ភូមិ​ល្វា​សរ​កណ្តាល ឃុំ​ល្វា​សរ ស្រុក​ល្វាឯម ខេត្តកណ្តាល ដោយ​កូនស្រី​បាន​លើកដៃ​កាប់សម្លាប់​ឪពុក​ខ្លួនឯង ដោយសារ​ខឹង​បាត់​លុយ​៣,០០០​រៀល ដោយ​ចោទ​ថា​ឪពុក​ខ្លួន​ជា​អ្នក​លួច​លុយ​នោះ ។

សូម​បញ្ជាក់​ថា ឃុ​ត ច​ន្នី ត្រូវ​ជាប់ចោទ​ពី​បទ​«ឃាតកម្ម​» ប្រព្រឹត្ត​នៅ​ភូមិ​ល្វា​សរ​កណ្តាល ឃុំ​ល្វា​សរ ស្រុក​ល្វាឯម ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៨ តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ៕