​ភ្នំពេញ៖ បន្ទាប់ពីបណ្ដាញសារព័ត៌មានមួយចំនួនបានចុះផ្សាយពីលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបនឹងឡើងកាន់តំណែងថ្មី ថាត្រូវជាប្អូនបង្កើតរបស់ស​ម្តេ​ច​ក្រឡា​​ហោម ស ​ខេ​ង ឧ​ប​នាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ នោះមក សម្ដេចបានបក​ស្រាយតាមបណ្ដាញសង្គម​​ថា ​លោក ស ថេ​ត ​មិនមែន​ជា​ប្អូ​ន​បង្កើត​របស់សម្តេច​ទេ។

ការដែលសម្ដេចក្រឡាហោម ស ខេង បានចេញមកបកស្រាយតាមបណ្ដាញសង្គមហ្វេសប៊ុកនេះ គឺកើតឡើង បន្ទាប់ពីបណ្ដាញសារព័ត៌មានជាច្រើន បានសរសេរពីការឡើងកាន់តំណែងរបស់លោក ស ថេត ស្នងការ​នគរបាលរាជធានីភ្នំពេញ ដែលទើបនឹងឡើងកាន់តំណែងជំនួសលោក ជួន សុវណ្ណ ត្រូវឡើងទៅកាន់​តំណែងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់សម្ដេច​ក្រឡា​ហោម ស ខេ​ង បានសរសេរ​ថា មាន​អ្នក​សារព័ត៌មាន​ជា​ច្រើន បាន​ចេញផ្សាយ​អំពី​ការ​ផ្ទេរ​តំណែង និង​ការ​ប្រគល់​ភារកិច្ច​ ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជូនលោក ស ថេ​ត ។ សម្ដេច​បន្តថា «​អ្វី​ដែល​ខ្ញុំ​កត់សម្គាល់ និង​ចង់​បញ្ជាក់​នៅ​ពេល​នេះ គឺ​សារព័ត៌មាន​មួយ​ចំនួនបាន​ផ្សព្វ​ផ្សាយ​ថា លោក​ឧត្តមសេនីយ៍ ស ថេ​ត គឺជា​ប្អូនបង្កើត​របស់ខ្ញុំ។ ខ្ញុំ​មិនដឹង​ថា ​សារព័ត៌មាន​ទាំងនោះ បាន​ប្រភព​មកពីណា​ ឬ​ក៏​សន្និដ្ឋាន ​ដោយ​គ្មាន​ប្រភព​នោះ​​ទេ ប៉ុន្តែ​ខ្ញុំ​សូម​គូស​បញ្ជាក់​ថា លោក​ឧត្តមសេនីយ៍ ស ថេ​ត មិនមែន​ជា​ប្អូនបង្កើត​របស់ខ្ញុំ ដូចអ្វីដែល​សារព័ត៌​មាន​មួយ​ចំនួនបាន​ផ្សព្វផ្សាយ​នោះ​ឡើយ​» ​។

សូម​រំឭក​ថា លោក ស ថេ​ត ត្រូវបាន​ប្រកាស​ចូល​កាន់​តំណែងជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី កាលពី​រសៀល​​ ថ្ងៃ​ទី​១១ ​កញ្ញា ​ជំនួស​លោក ជួន សុវណ្ណ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ខណៈ​លោក​ត្រូវ​បាន​ព្រះមហាក្សត្រចេញ​ព្រះរាជក្រឹត្យ ​ត្រាស់​បង្គាប់​តែងតាំង​លោកពី​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ មកជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ជំនួស លោក កៅ ខុន​ដា​រ៉ា ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី៕