ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នា​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​៩៥ កែង​នឹង​ផ្លូវ​ម៉ៅ​សេ​ទុង ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ដោយ​រថយន្ត​កាម​រី​បា​ឡែ​ន មួយ​គ្រឿង បាន​បើក​គៀរ​ម៉ូតូ​សង់ បណ្តាល​អោយ​ដួល ហើយ​ចុះ​មក​វាយ​ពួក​គេ​ថែម​ទៀត ។

យោង​តាម​ម្ចាស់​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ដែល​ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-4842 បាន​អះអាង​ថា មាន​យុវជន​ពីរ​នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ចាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1T-4331 ឌុ​ប​គ្នា បាន​យក​ដុំ​ថ្ម គប់​បំបែក​កញ្ចក់​រថយន្ត​ខ្លួន ពី​ខាងក្រោយ បណ្តាល​អោយ​បែក ហើយ​ពួក​គាត់​(​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់​) ក៏​បើករថយន្ដ​ដេញ​តាម ដោយ​ការ​ខឹង ពី​ចំណុច​កន្លែង​កើតហេតុ នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហ​នុ ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រហូត​មក​ដល់​ចំណុច​ខាងលើ ក៏​បើករថយន្ត​កាក់​ពីមុខ​ម៉ូតូ បណ្តាល​អោយ​ដួល​ហើយ ក៏​កើតជា​ហិង្សា បាយ​បណ្ដាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​រង​របួស​បែក​ចិញ្ចើម​ម្នាក់ ហូរ​ឈាម​ស្រោច​ខ្លួន ។

ចំណែកឯ​ភាគី​ខាង​ម៉ូតូ​វិញ បាន​អះអាង​ថា ពួក​គេ​មិន​បានដឹង​រឿង​អ្វី​ឡើយ ហើយ​ក៏​មិនមែន​ជា​អ្នក​គប់​កញ្ចក់​រថយន្ត​កាម​រី អោយ​បែក​នោះ​ទេ ពួក​គេ​ទើបតែ​ជិះ​ម៉ូតូ​ចេញពី​កន្លែង​កម្សាន្ត​កោះ​ពេជ្រ ក៏​ស្រាប់តែ​ឃើញ​រថយន្ត​នោះ បើក​ដេញ​តាម ពួក​គេ រហូត​ធ្វើ​ឲ្យ​គ្នា​ពួក​គេ​ភ័យ ជិះ​ម៉ូតូ​គេច​ដើម្បី​រក​កន្លែង​មាន​សុវត្ថិភាព រហូត​មក​ចំណុច​ខាងលើ ក៏​ត្រូវ​រថយន្ត​កាម​រី​បា​ឡែ​ន នោះ​បើក​កៀរ​ពួក​បណ្តាល​អោយ​ដួល​ហើយ​ចុះ​មក​វាយ​ពួក​គេ​ថែម​ទៀត ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ទាំង​យប់ ។

ក្រោយ​ពី​កើតហេតុ​ប្រហែលជា​ជិត​១​ម៉ោង ទើប​ខាង​សមត្ថកិច្ច​ជំនាញ​ខណ្ឌចំការមន បាន​សហការ​គ្នា​ជាមួយនឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ចតុមុខ ដើម្បី​ចុះ​មក​នាំ​ម្ចាស់​រថយន្ត និង​ម្ចាស់​ម៉ូតូ​យក​ទៅ​ធ្វើការ​ដោះស្រាយ ។ ហើយ​សមត្ថកិច្ច​ក៏​បាន​យក​រថយន្ត​ក៏​ដូច​ជា​ម៉ូតូ ទៅ​រក្សា​ទុក​នៅ​នគរបាល​ប៉ុស្តិ៍​ចតុមុខ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕