ភ្នំពេញ៖ បន្ទាប់់ពីមានការបែកធ្លាយវីដេអូបង្ហោះ តាមបណ្ដាញសង្គមហ្វេសប៊ុកពីរឿងព្រះចៅអធិការ​វត្ត
កំពង់ក្ដុល ស្ថិតក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ មានប្រពន្ធ និងសេពថ្នាំញៀននោះមក ប្រជាពលរដ្ឋប្រហែលជាង២០០នាក់ បានកើតទុក្ខមិនសុខចិត្ត នាំគ្នាតវ៉ា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅក្នុងវត្ដកំពង់ក្ដុល ដើម្បីទាមទារឲ្យមន្ត្រីសង្ឃចាប់ផ្សឹកព្រះចៅអធិការអង្គនេះចេញ។

ក្រុមអ្នកតវ៉ា បានលើកឡើងថា កាលពី៣-៤ឆ្នាំមុននេះ មានការបែកធ្លាយពីរឿងព្រះចៅអធិការវត្ដកំពង់ក្ដុល មានប្រពន្ធកូនម្ដងរួចមកហើយ ប៉ុន្ដែពុទ្ធបរិស័ទមិនបាននាំគ្នាតវ៉ាអ្វីទេ គ្រាន់តែបានពិភាក្សាជាមួយគណៈកម្មការវត្ដ ស្នើសុំឲ្យព្រះចៅអធិការវត្ដសឹកចេញទៅ។ ប៉ុន្តែក្រោយមក ព្រះចៅ​អធិការវត្ដកំពង់ក្ដុល បានប្រាប់គេឯងថា មិនបាច់មាត់កអ្វីទេ ចាំស្ងាត់លោកនឹងសឹក(លាចាកសិក្ខាបទ)ដោយខ្លួនឯង។

ប្រភពព័ត៌មានដដែល បានបន្តថា ចាប់តាំងពីពេលនោះមក ពុទ្ធបរិស័ទទាំងអស់ចេះតែរង់ចាំមើល មិនឃើញព្រះចៅអធិការអង្គនេះលាចាកសិក្ខាបទ។ លុះក្រោយមកទៀត ពុទ្ធបរិស័ទរស់នៅក្បែរវត្ដកំពង់ក្ដុល បានឃើញឃ្លីបវីដេអូដែលបង្ហោះ តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយព្រះចៅអធិការវត្ដកំពង់ក្ដុលចាក់ចម្រៀងឲ្យកូនស្រីរាំ ហើយប្រឡែងគ្នាលេង។ ក្រៅពីនេះពួកគាត់ឃើញឃ្លីបវីដេអូរបស់ព្រះចៅអធិការប្រើប្រាស់ថ្នាំញៀនថែមទៀត ទើបធ្វើឲ្យពុទ្ធបរិស័ទមានការខឹងសម្បាយ៉ាងខ្លាំង ក៏នាំគ្នាមកតវ៉ានៅក្នុងវត្ដកំពង់ក្ដុល តែម្ដង ដើម្បីស្នើសុំឲ្យគណៈកម្មកាវត្ដ ផ្សឹកព្រះចៅអធិកាវត្ដនេះចេញ។

ទោះជាមានការតវ៉ាបែបនេះក្ដី ព្រះចៅអធិការវត្តមិនបានចេញមកបកស្រាយបំភ្លឺចំពោះមុខពុទ្ធបរិស័ទឡើយ។ ប៉ុន្តែគេឃើញមានលោកតាអាចារ្យ២នាក់ចេញមុខមករារាំង និងឲ្យពុទ្ធបរិស័ទផ្ដិតមេដៃ ដើម្បី​យកទៅប្រគល់ព្រះអនុគណខណ្ឌដង្កោ ដោះស្រាយ។ ប៉ុន្តែករណីនេះ គេមិនទាន់ដឹងថា ព្រះអនុគណខណ្ឌដង្កោ មានចំណាត់ការយ៉ាងណា ចំពោះការចោទប្រកាន់របស់ពុទ្ធបរិស័ទ មកលើព្រះចៅអធិការវត្ដកំពង់ក្ដុល នោះនៅឡើយទេ៕