ខេត្តបាត់ដំបង៖ ស្ត្រី​វ័យក្មេងម្នាក់ទំនើងជាមានវិបត្តិផ្លូវចិត្តពីរឿងអ្វីមួយបានចុះទៅទឹក ប៉ុនប៉ងសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពី​វេលា​ម៉ោង​២​រសៀល ​ថ្ងៃ​ទី​២០ ​ខែសីហា ឆ្នាំ២០១៨ នៅ​ត្រង់ចំ​ណុចគល់​ស្ពានថ្ម​ចាស់ មុខ​សាលាខេត្ត​បាត់ដំបង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូង ​គេ​ឃើញ​ស្ត្រី​ម្នាក់​ស្លៀកខោ​ខាវ​ប៊​យ ​ពាក់អាវ​យឺត ពណ៌.​ស និង​មាន​ស្ពាយ​កាបូប​ពីក្រោយ​​ ​​​ដើរ​ចុះ​ទៅហែល​ទឹកស្ទឹង​សង្កែ នៅ​ត្រង់ចំណុចចុងស្ពាន​ថ្ម​ចាស់​ត្រើយ​ខាង​កើត។ បើតាមការពិនិត្យមើល គឺនាង​ហាក់បីដូចជា​មានរឿង​អ្វីមួយ​កើតឡើង ហើយ​ហែល​តោង​ស្ពាន​ទៅ​កន្លែង​ទឹក​ជ្រៅ ធ្វើ​ឲ្យ​មនុស្ស​ម្នា​ភ្ញាក់​ផ្អើល​ឆោឡោ​យ៉ាង​ខ្លាំង ដោយ​គិត​ថា នាង​ព្យាយាម​សម្លាប់​ខ្លួន​។ ឃើញបែបនេះ ប្រជាពលរដ្ឋនៅទីនោះបាន​ស្រែកហៅ​​នាងឲ្យ​ឡើងមកលើគោក​វិញ តែ​នាង​មិន​ព្រម​ឡើងឡើយ ហើយបែរ​​ជា​និយាយបណ្ដើរ សើច​​បណ្ដើរ និង​ឆ្លើយ​​​តមកវិញ​ថា «ខ្ញុំ​គ្រាន់តែ​ហែលទឹក​លេងទេតើ​»។

ប្រភពព័ត៌មានដដែល បានបន្តថា ដោយសារអ្នកដំណើរ និងប្រជាពលរដ្ឋនៅទីនោះ មើលឃើញ​ពី​សកម្មភាពរបស់ស្រ្ដីម្នាក់នេះ ​ហាក់បីដូច​​មនុស្ស​បែកថ្នាំផង ទើបពួកគាត់ស្រែកហៅនាងឲ្យឡើងមកលើគោកវិញ ពីព្រោះខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ​។ បើតាមមើល នាងរាងដូច​ជា​ខ្លាច​ទឹកជំនន់​ ដែល​កំពុង​ហូរ​យ៉ាង​ខ្លាំងទេ ​ទើប​នាង​ឡើង​មក​​លើ​​ស្ពានវិញ​។ បន្ទាប់មក នាង​បាន​ឡើង​មក​ដេក​ននៀល​ នៅលើ​ស្ពាន ដោយនាង​និយាយ​បណ្ដើរ​ សើច​បណ្ដើរ​។ រីឯអ្នកខ្លះ​ថា នាង​ស្រវឹង ហើយ​ខ្លះ​ទៀត​ថា នាង​បែក​ថ្នាំ។

ប្រភពព័ត៌មានដដែល បានបន្តថា ដោយមើលឃើញ​ស្ត្រីម្នាក់​នេះ​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​​បែប​នេះ ទើបមានបុរស​ម្នាក់​បាន​សម្រេចចិត្តចុះទៅក្នុង​ទឹក ចាប់​អូសដៃនាង​ឡើងមកលើគោក​វិញ​ ហើយនាងបាន​ព្យាយាម​ប្រទាញប្រទង់​មិន​ព្រម​ឡើងគោក​ តែ​ដោយសារ​មិន​អាច​ឈ្នឹងនះ​កម្លាំងរបស់​បុរស​នោះ​ ទើប​នាង​ព្រម​ឡើងគោក។ បន្ទាប់មកប្រជាពលរដ្ឋបានសាកសួរពីអត្តសញ្ញាណរបស់នាង។ ប៉ុន្តែទោះជាមានគេ​សួរនាំ​យ៉ាងណា ក៏ស្ត្រីម្នាក់​នេះ​មិនបាន​ប្រាប់​សាវតារ ឬកន្លែង​ស្នាក់​នៅរបស់នាងទេ។ លុះពេលគេ​ឆែក​មើល​ នៅក្នុង​កា​បូ​បរបស់នាង ​​ឃើញមានអត្ត​សញ្ញាណប័ណ្ណមួយសន្លឹក មាន ឈ្មោះ ជរ សុ​ណាត ​អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ស្រ្ដីម្នាក់នេះ​បាន​និយាយប្រាប់អ្នកចោមរោមមើលនាង​ថា នាង​មិនមែន​ចង់​សម្លាប់​ខ្លួន​ទេ គ្រាន់តែ​ចង់ចុះ​ហែល​លេងតែ​ប៉ុណ្ណោះ​​៕