ខេត្តព្រះសីហនុ៖ អាជ្ញាធរបានប្រកាសផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន នៅលើកំណត់ផ្លូវជាតិលេខ​៤ នៅព្រឹក ថ្ងៃសៅរ៍ ០៧កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨​ ខែសីហា ឆ្នាំ២០១៨ ដោយសារទឹកជំនន់ជន់លិច នៅត្រង់ចំណុចស្ពានគគីរ ខាងលិចចំណោតលោកយាយម៉ៅពេជ្រនិល ត្រង់ចន្លោះព្រំប្រទល់ រវាងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ។

អាជ្ញាធរខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងបានបង្អុរចុះមកយ៉ាងខ្លាំង ធ្វើឲ្យទឹកភ្លៀងជន់លិច នៅតាមតំបន់មួយចំនួន នៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ រីឯជំនន់​ទឹិកកភ្លៀងនេះបានបុកមកយ៉ាងគំហក់ បាន​ហូរពីលើស្ពាន និងបង្កាន់ដៃស្ពាន នៅត្រង់ចំណុចស្ពានគគីរ ខាងលិចចំណោតលោកយាយ​ម៉ៅពេជ្រនិល ត្រង់ចន្លោះព្រំប្រទល់ រវាងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ។ ដោយមើលឃើញពីផលប៉ះពាល់ និងអាចបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ក្នុងការធ្វើចរាចណ៍នោះ ទើបអាជ្ញាធរបានសម្រេចប្រកាសផ្អាកនូវការធ្វើចរាចរណ៍ជាបណ្ដោះអាសន្នសិន។

ជាមួយគ្នានេះ អាជ្ញាធរសូមជូនដំណឹងដល់សាធារណជនទូទៅដែលមានបំណងចង់ធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ឬមកកាន់រាជធានីភ្នំពេញ សូមមេត្តារកផ្លូវវាង ដើម្បីរក្សានូវសុវត្ថិភាព៕