ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់បានកើតជម្លោះជាមួយនឹងស្ត្រីម្នាក់ផ្សេងទៀត រហូតឈានដល់ការវាយប្រតាយប្រតប់គ្នា ក៏បញ្ជាចៅរបស់ខ្លួនដែលទើបនឹងមានអាយុ៦ឆ្នាំ យកកាំបិតមកចាក់ទៅលើគូទំនាស់ បណ្ដាលឲ្យរងរបួសធ្ងន់ ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាច ថ្ងៃទី០៦ ឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិត្រស់ ឃុំតាលាស់ ស្រុកមោងប្ញស្សី។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមានអំពើហិង្សានោះ ជនសង្ស័យ និងជនរងគ្រោះបានកើតមានជម្លោះនឹងគ្នាយ៉ាងខ្លាំង រហូតឈានដល់ការប្រតាយប្រតប់នឹងគ្នា។ ស្របពេលកំពុងតែកើតនូវការប្រទូសរ៉ាយដាក់គ្នានោះ ជនសង្ស័យបានបោះកាំបិតទៅឲ្យចៅប្រុសរបស់ខ្លួនទើបនឹងមានអាយុ៦ឆ្នាំ ហើយបញ្ជាឲ្យចៅប្រុសនោះ យកកាំបិតមកចាក់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់។
មន្ត្រីនគរបាលស្រុកមោងប្ញស្សី បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ឆាំ ភី អាយុ៥២ឆ្នាំ ហើយចៅប្រុសដែលជាជនដៃដល់ ឈ្មោះ ពេក ផាន់ណា ភេទប្រុស អាយុ៦ឆ្នាំ។ ចំណែកជនរងគ្រោះ ឈ្មោះ គ្រុយ សុខា អាយុ៣៣ឆ្នាំ ភេទស្រី។ ជនរងគ្រោះ និងជនសង្ស័យ រស់នៅភូមិត្រស់ ឃុំតាលាស់ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។
មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីកើតហេតុភ្លាម សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យ នាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី។ ដោយឡែកក្មេងប្រុសអាយុ៦ឆ្នាំ ដែលបានប្រព្រឹត្តផ្ទាល់ តាមបញ្ជារបស់ជីដូននោះ សមត្ថកិច្ចគ្រាន់តែហៅមកសាកសួរ រួចហើយអនុញ្ញាតឱ្យគេត្រឡប់ទៅផ្ទះវិញ៕