នៅក្នុងឆ្នាំនេះកម្មវិធី Victoria’s Secret ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនកម្ពុជាខណៈមានបវរកញ្ញាល្បីៗជាច្រើនបានទាំងថតវីដេអូផ្ទាល់និងប្រើបច្ចេកវិទ្យា AI បង្ហាញខ្លួនជាតារាម៉ូដែលចូលរួមកម្មវិធីលំដាប់ពិភពលោកនេះ។ អ្វីដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍និងមានក្តីរំពឹងថានាថ្ងៃអនាគតកូនខ្មែរអាចឡើងឆាកនេះបានគឺបន្ទាប់ពីតារាម៉ូដែល មាលា បានបង្ហាញខ្លួនរាងយ៉ាងស្រស់ស្អាតពីការបំផុសគំនិតក្នុងកម្មវិធីនេះ។
កម្មវិធីបង្ហាញម៉ូតលំដាប់ខ្ពស់ Victoria’s Secret Show 2026 បានបញ្ចប់ហើយប៉ុន្តែប្រធានបទទាក់ទងនឹងកម្មវិធីនេះនៅតែក្លាយជាទីចាប់អារម្មណ៍របស់សាធារណជនជាពិសេសអ្នកដែលស្រលាញ់ម៉ូតទូទាំងពិភពលោក។ ងាកមកកាន់តារាម៉ូដែលកូនខ្មែរកាត់បារាំង មាលា វិញកាន់តែធ្វើឱ្យអ្នកគាំទ្រពេញចិត្តបន្ទាប់ពីនាងបង្ហាញខ្លួនជាមួយនឹងស្លាបទេពធីតាដែលតែងតែឃើញក្នុងកម្មវិធី Victoria’s Secret។

នៅថ្ងៃទី២៣ និង២៤ ខែតុលា ឆ្នាំ២០២៦ មាលា បានបង្ហាញខ្លួនជាមួយនឹងរូបភាពពីរផ្សេងគ្នាក្នុងឈុតសំលៀកបំពាក់ខាងក្នុង។ វីដេអូដំបូង មាលា បានបង្ហាញពីឈុតក្នុងពណ៌ស ជាមួយនឹងស្លាបទេពធីតា (Angel) ដ៏ធំយ៉ាងស្រស់ស្អាត ដោយបញ្ចេញរាងស្រឡូនយ៉ាងទាក់ភ្នែក។ វីដេអូនេះបានទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនភ្លាមៗជាមួយនឹងមតិយោបល់សរសើរជាច្រើន។

ជាមួយនឹងបង្ហាញខ្លួនឈុតពណ៌ស មាលា បានបង្ហាញខ្លួនយ៉ាងទាក់ទាញផ្សេងទៀតជាមួយនឹងរូបរាងភ្លឺចែងចាំងដូចមាស គួបផ្សំងស្លាបទេពធីតាតូចជាងមុនប៉ុន្តែរូបភាពនេះនៅតែមានភាពទាក់ទាញដដែល។ លើសពីនេះ មាលា បញ្ជាក់ថារូបភាពនេះមិនមែនការប្រើ AI នោះទេប៉ុន្តែគឺជាការថតផ្ទាល់ៗតែម្តង។ 
ស្របពេល មាលា បង្ហាញខ្លួនជាតារាម៉ូដែលចេញពីកម្មវិធី Victoria’s Secret មានអ្នកគាំទ្រជាច្រើនបានជំរុញឱ្យរូបនាងចូលរួមប្រកួតក្នុងកម្មវិធីនេះនិងជូនពរឱ្យនាងមានឱកាសបានដើរលើឆាកម៉ូតដ៏ល្បីល្បាញនេះ។ អ្វីដែល មាលា បានឆ្លើយតបជាមួយនឹងអ្នកគាំទ្រគឺថា ការឡើងឆាក Victoria’s Secret គឺជាក្តីសុបិនរបស់នាងដូចគ្នា។
គួរបញ្ជាក់ផងដែរ មាលា ធ្លាប់បានដើរម៉ូតក្នុងកម្មវិធីជាច្រើននិងមានអ្នកគាំទ្រអន្តរជាតិដូចគ្នា ខណៈចុងក្រោយនេះនាងក៏បានដើរម៉ូត Paris fashion week ផងដែរ៕










