ហ៊ាទី ដែលជាអ្នកលក់ជ្រូកខ្វៃនិងជាអ្នកកំប្លែងមួយរូបបានបង្កឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតុបតែងខ្លួនជាស្រីក្នុងឈុតស្បៃខ្មែរជាមួយនឹងការអះអាងថាថតរូបមុនអាពាហ៍ពិពាហ៍ (Pre Wedding )។ ទោះយ៉ាងណា មនុស្សមួយចំនួនជឿថាសម្តីរបស់ ហ៊ាទី អាចត្រឹមជាការលេងសើចប៉ុណ្ណោះ។
ប្រិយមិត្តមួយចំនួនដែលតាមដានវិស័យសិល្បៈប្រាកដជាធ្លាប់ឃើញមកហើយថាមានពេលខ្លះ ហ៊ាទី បានតុបតែងខ្លួនជាមនុស្សស្រីដើម្បីស្របទៅតាមវីដេអូកំប្លែងនិងការងាររបស់ខ្លួន។ ទោះជាយ៉ាងណា ការដែល ហ៊ាទី តុបតែងខ្លួនជាស្រីក្នុងឈុតប្រពៃណីខ្មែរគឺកម្រនឹងឃើញណាស់។ ថ្មីៗនេះ ហ៊ាទី បានបង្ហោះវីដេអូមួយដែលកំពុងស្ថិតនៅលើរថយន្តជាមួយនឹងសម្តីថាមកសៀមរាបលើកនេះគឺខុសពីរាល់ដងដោយសារតែលើកនេះខ្លួនលោកមកថត Pre Wedding ។
ការតុបតែងខ្លួនជាស្រីក្នុងឈុតប្រពៃណីខ្មែរនិងបញ្ជាក់ថាមកថត Pre Wedding បានបង្កឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាច្រើនជាពិសេសការតុបតែងខ្លួនលើកនេះត្រូវបានអ្នកគាំទ្រនិយាយថាចាប់ពីពេលនេះតទៅពួកគេឈប់ហៅ ហ៊ាទី ហើយគួរតែហៅ ចែទីវិញ។ មិនត្រឹមតែប៉ុណ្ណោះអ្នកកំប្លែងរូបនេះស្រាប់តែបង្ហោះការខម្មិនដែលមានមនុស្សម្នាក់ចង់ចិញ្ចឹមរូបគេទៀតផង។

យ៉ាងណាក៏ដោយ ហ៊ាទី បានបង្ហោះវីដេអូមួយទៀតជាមួយនឹង ស៊ូស៊ី ដោយអ្នកទាំងពីរបានថតរូបជាមួយគ្នានៅលើទឹកដីអង្គរដោយ ហ៊ាទី បានបញ្ជាក់ថាការតុបតែងខ្លួនលើកនេះគឺមានការជំរុញពី ស៊ូស៊ី។
គួរឱ្យដឹងថា ហ៊ាទី បច្ចុប្បន្នគឺជាអ្នកកំប្លែងមួយរូបដែលផ្តើមចេញពីការបង្ហោះវីដេអូកំប្លែងនៅលើបណ្តាញសង្គមទិកតុកជាមួយនឹងមុខរបរលក់ជ្រូកខ្វៃ។ ប្រជាប្រិយភាពរបស់ ហ៊ាទី នាពេលនេះគេមិនអាចបដិសេធបានទេថាមានសន្ទុះគាំទ្រខ្លាំងដោយរូបលោកលេចមុខជាច្រើនមិនថាការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយផលិតផល ការសម្តែងនានាជាច្រើនទៀត៕










