អស់ពីលួចយកយ័ន្តខ្មែរទាំងដុលយកទៅដាក់នៅក្នុងខ្សែភាពយន្ត GL ពេលនេះផលិតកម្មរបស់ថៃដែលផលិតខ្សែភាពយន្ត «Scarlet Heart Thailand» ត្រូវបានអ្នកគាំទ្រមីយ៉ាន់ម៉ាទាមទារឱ្យពិនិត្យឡើងវិញលើការរចនាសម្លៀកបំពាក់។ .png)
ភាពចម្រូងចម្រាសមួយបានកើតឡើងនៅលើបណ្ដាញសង្គមបន្ទាប់ពីអ្នកប្រើប្រាស់មួយចំនួននៅមីយ៉ាន់ម៉ាបានបង្ហាញការមិនពេញចិត្តចំពោះការរចនាសម្លៀកបំពាក់ក្នុងរឿងភាគ «Scarlet Heart Thailand» ដោយលើកឡើងពីក្តីបារម្ភអំពីការបង្ហាញអត្តសញ្ញាណវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួន។ ការរិះគន់នេះផ្តោតជាពិសេសលើសម្លៀកបំពាក់រាជវាំងមួយចំនួនដែលបង្ហាញក្នុងរូបភាព និងសម្ភារៈផ្សព្វផ្សាយរបស់រឿង។ អ្នករិះគន់មួយចំនួនយល់ថា ការរចនាទាំងនោះមានលក្ខណៈស្រដៀងនឹងសម្លៀកបំពាក់រាជវាំងមីយ៉ាន់ម៉ាក្នុងសម័យរាជវង្ស Konbaung ហើយបានស្នើឱ្យក្រុមផលិតពិនិត្យឡើងវិញដើម្បីជៀសវាងការយល់ច្រឡំអំពីប្រភពដើមនៃវប្បធម៌។
.png)
កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ មានការបង្កើតញត្តិមួយនៅលើវេទិកា Change.org ដោយអំពាវនាវឱ្យក្រុមហ៊ុន GMMTV និងក្រុមផលិតរឿងពិនិត្យឡើងវិញលើការរចនាសម្លៀកបំពាក់ដែលកំពុងបង្កឱ្យមានការជជែកវែកញែក។ អ្នកគាំទ្រដែលគាំទ្រញត្តិនេះបានលើកឡើងថា សម្លៀកបំពាក់ប្រពៃណីមិនមែនគ្រាន់តែជាធាតុតុបតែងសម្រាប់ភាពយន្តនោះទេ ប៉ុន្តែជាផ្នែកមួយនៃអត្តសញ្ញាណ និងមរតកវប្បធម៌របស់ប្រជាជាតិ។ ពួកគេចង់ឱ្យក្រុមផលិតបញ្ជាក់ពីប្រភពឯកសារយោងដែលបានប្រើប្រាស់ក្នុងការរចនា ព្រមទាំងពិនិត្យមើលថាតើការបង្ហាញសម្លៀកបំពាក់ទាំងនោះសមស្របនឹងបរិបទប្រវត្តិសាស្ត្ររបស់រឿងដែរឬទេ។

.png)
Scarlet Heart Thailand គឺជាស៊េរីរឿងភាគទូរទស្សន៍បែបប្រវត្តិសាស្ត្រលាយឡំជាមួយរឿងស្រមើស្រមៃ ដែលបានដកស្រង់ចេញពីប្រលោមលោកចិនឆ្នាំ ២០០៥ ចំណងជើងថា «Startling by Each Step» និពន្ធដោយ Tong Hua។
នេះមិនមែនជាលើកទី១នោះទេដែលផលិតកម្ម GMMTV ត្រូវរងនូវការរិះគន់ចំពោះសកម្មភាពបែបបន្លំៗយកទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួនបែបនេះ។ ជាក់ស្តែងកាលពីមួយរយៈមុនផលិតកម្មមួយនេះដែលផលិតរឿង GL ក៏បានយក «យ័ន្តសង្វាជ័យ »របស់ខ្មែរទាំងដុលទៅដាក់បញ្ជូលនៅក្នុងខ្សែភាពយន្តរបស់ខ្លួនដោយមិនចេះអៀនខ្មាសនិងស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ។ មានពេលខ្លះផលិតកម្មថៃមួយចំនួនក៏បានបន្លំយកប្រាសាទរបស់ខ្មែរដាក់បញ្ជូលនៅក្នុងផ្ទាំងរូបភាពរបស់ភាពយន្តផងដែរ៕










