មាន សូនីតា បានបង្ហាញថាឈុតតំណាងជាតិនាងបានចំណាយទឹកប្រាក់អស់ចំនួន២៥០០ដុល្លារ និងមានទម្ងន់រហូតដល់៤៥គីឡូក្រាមប៉ុន្តែឈុត «អំណាចមករខ្មែរ» ដែលនាងយកទៅប្រកួតUniversal Woman 2026 នៅតែត្រូវបានអ្នកមួយចំនួនមិនពេញចិត្ត។
នៅយប់ថ្ងៃទី២១ ខែតុលា មាន សូនីតា បានបង្ហោះវីដេអូខ្លីមួយជាមួយនឹងចំណងជើងថា«ដាក់ទាំងចិត្ត ជះទាំងលុយ នៅតែ…»។ នៅក្នុងវីដេអូនេះ មាន សូនីតា បាននិយាយថាដើរលើឆាកតែ១នាទីនាងត្រូវចំណាយទឹកប្រាក់ ២៥០០ដុល្លារ តែនៅតែមានអ្នកមិនពេញចិត្តចំពោះឈុតតំណាងជាតិនេះ។ បន្ទាប់មកអ្នកច្នៃម៉ូតដែលមានការច្នៃប្រឌិត សៃយ័ន្ត រតនៈ បាននិយាយថាឈុត «អំណាចមករខ្មែរ» គឺមានទម្ងន់៤៥គីឡូក្រាមដែលស្ទើរតែស្មើនឹងទម្ងន់ មាន សូនីតា ដែលជាអ្នកគ្រងឈុតនេះផ្ទាល់។
ដើម្បីបញ្ជាក់ការពិតនូវពាក្យសម្តីរបស់ពួកគេ មាន សូនីតា បានឡើងជញ្ជីងបង្ហាញមកកាន់ទស្សនិកជន។ ការដែលមានអ្នកនិយាយថាឈុតតំណាងជាតិនេះមិនស្អាត Universal Woman Cambodia 2026 បាននិយាយថានាងពិតជាមានការអន់ចិត្តខ្លាំងណាស់។ ការដែលជ្រើសរើសយកសត្វនេះមកបង្ហាញនៅលើឆាកអន្តរជាតិ មាន សូនីតា ថាដោយសារតែមានមនុស្សជាច្រើនពុំបានស្គាល់សត្វនេះនោះទេខណៈដែលវាមានឥទ្ធិពលគ្របដណ្តប់លើសត្វផ្សេងទៀតមិនថាជា នាគ ឬគ្រុឌឡើយ។

សត្វមករ គឺជាសត្វជាសត្វដែលមានអំណាចជាងសត្វណាទាំងអស់នៅក្នុងចក្រវាល វាអាចលេបនាគ គ្រុឌ និងទេពនិករទាំងឡាយ នៅលើផែនដី។ សត្វមករ នៅក្នុងភាសាពួកហិណ្ឌី និងភាសាសំស្រ្កឹត គឺជាសត្វក្រពើ ឬសត្វនាគ ដែលមាននិទានក្នុងគម្ពីរ វេទ នៃទេវកថារបស់ព្រហ្មញ្ញសាសនា។ លក្ខណៈទូទៅរបស់សត្វនេះ មានក្បាល និងដងខ្លួនជាសត្វនាគ ត្រចៀកជ្រូក ធ្មេញក្រពើ ប្រមោយដំរី ភ្នែកស្វា ស្រកាត្រី ជើងរាជសីហ៍ កន្ទុយក្ងោក និងជាយានជំនិះព្រះនាងគង្គារ និងព្រះពិរុណ(វិរុណ)។
គួរបញ្ជាក់ផងដែរថា មាន សូនីតា បានជាប់លំដាប់រងទី៤ ក្នុងការប្រកួត Universal Woman 2026 ។ ទោះជាយ៉ាងណាការឈានចូលប្រឡូកក្នុងវិស័យបវរកញ្ញានេះ មាន សូនីតា បានបង្ហាញថានាងទទួលបានគ្រប់រសជាតិ ខណៈការប្រកួតរបស់នាងត្រូវបានអ្នកតាមដានវិស័យបវរកញ្ញាបញ្ចេញមតិរិះគន់មួយចំនួនផងដែរ៕










