តារាពហុជំនាញល្បីឈ្មោះអ្នកនាង ខាត់ សុឃីម បានបង្ហាញអារម្មណ៍រំភើបនិងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះកូនប្រុសសំណព្វរបស់ខ្លួនគឺ ស្កាយ ដែលជា DJ មួយរូបក្នុងឱកាសខួបកំណើតគម្រប់អាយុ ២១ឆ្នាំនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ តារាចម្រៀងរូបនេះបានបង្ហាញថាកូនប្រុសរបស់ខ្លួនចេះគិតគូរបានល្អមិនធ្វើឱ្យឪពុកម្តាយពិបាកចិត្តឡើយ។

តាមរយៈសារជូនពរដែលបានបង្ហោះនៅលើបណ្តាញសង្គមអ្នកនាង ខាត់ សុឃីម បានសម្តែងក្តីរំភើបចំពោះការធំធាត់របស់កូនប្រុសដោយលើកឡើងថាពេលវេលាបានកន្លងផុតទៅយ៉ាងលឿនរហូតកូនប្រុសដែលធ្លាប់នៅតូចបានឈានដល់វ័យ ២១ឆ្នាំដោយមិនដឹងខ្លួន។ អ្វីដែលធ្វើឱ្យអ្នកនាងមានមោទនភាពបំផុតគឺការដែលកូនប្រុសចេះគិតគូរ និងមិនធ្វើឱ្យម្តាយឪពុកពិបាកចិត្ត។

អ្នកនាង ខាត់ សុឃីម បានសរសេរថា «១ភ្លែតសោះ ២១ឆ្នាំហើយ កូនប្រុសមាសម្តាយ ទឹកភ្នែកស្រក់មកមិនដឹងខ្លួន ថាកូនចេះគិតច្រើន មិនធ្វើឱ្យម៉ាក់ប៉ាពិបាកចិត្ត»។ តារាពហុជំនាញរូបនេះបានលើកឡើងថានៅពេលនេះពិភពលោកដ៏ធំទូលាយកំពុងរង់ចាំឱ្យកូនប្រុសចេញទៅស្វែងរកក្តីស្រមៃ និងកសាងអនាគតដោយខ្លួនឯង។ ក្នុងនាមជាម្តាយ អ្នកនាងបានជូនពរឱ្យកូនមានសុខភាពល្អ ឆ្លាតវៃ សង្ហា មានលទ្ធភាពរកប្រាក់ចំណូលបានច្រើនព្រមទាំងទទួលបានក្តីស្រលាញ់និងការរាប់អានពីមនុស្សជុំវិញខ្លួន។.png)
មិនត្រឹមតែអ្នកនាង ខាត់ សុឃីម ប៉ុណ្ណោះទេលោក ផាណូ ក៏បានចូលរួមជូនពរកូនប្រុសក្នុងថ្ងៃខួបកំណើតនេះដែរ។ ទោះបីជាមិនមែនជាឪពុកបង្កើតក៏ដោយ ក៏លោកបានបង្ហាញពីក្តីស្រលាញ់ការយកចិត្តទុកដាក់និងភាពស្និទ្ធស្នាលចំពោះកូនប្រុសម្នាក់នេះយ៉ាងកក់ក្តៅ។
ក្នុងសារជូនពរលោក ផាណូ បានសរសេរដោយលាយឡំជាមួយពាក្យសម្ដីបែបកំប្លែងថា «ថ្ងៃនេះកូនបែងចែកពេលវេលាបែបណាខ្លះ ថ្ងៃពិសេសមានតែមួយថ្ងៃ បែងចែកពេលសន្សំសំចៃឱ្យបានត្រឹមត្រូវ ប្រយ័ត្នជាន់ម៉ោងគ្នា ប៉ាមិនចង់ចំណាយពេលកំដរកូន Sad ទេ»។ លោកក៏បានជូនពរឱ្យស្កាយសម្រេចបាននូវបំណងប្រាថ្នាទាំងអស់ និងក្លាយជាបង្គោលគ្រួសារដ៏រឹងមាំនៅថ្ងៃអនាគត។
.png)
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតលោក ផាណូ មិនត្រឹមតែផ្តល់ពាក្យជូនពរដល់កូនប្រុសប៉ុណ្ណោះទេប៉ុន្តែលោកក៏បានថ្លែងអំណរគុណដល់ភរិយាគឺអ្នកនាង ខាត់ សុឃីម ដែលបានផ្តល់កំណើតឱ្យកូនប្រុសម្នាក់នេះ ដោយលោកបានចាត់ទុកស្កាយថាជាធនធានដ៏ល្អម្នាក់សម្រាប់សង្គមផងដែរ។ ជាមួយគ្នានេះ លោកក៏បានផ្តល់ដំបូន្មានដល់កូនស្រីក្នុងគ្រួសារថាប្រសិនបើបងប្រុសធ្វើខុស ប្អូនត្រូវហ៊ានប្រាប់ឪពុក មិនគួរជួយលាក់បាំងនោះទេ ព្រោះកូនគ្រប់រូបក៏ត្រូវការបងប្រុសល្អម្នាក់ដែរ៕










