បន្ទាប់ពីឈ្នះពាននិងត្រៀមតំណាងកម្ពុជាប្រកួតជាមួយនឹងបណ្តារប្រទេសផ្សេងទៀត តារាចម្រៀង មន្រ្តីយ៍ ឯក កំពុងប្រឈមមុខនឹងការវែកញែកពីអ្នកលេងអ៊ីនធឺណិតដោយមានអ្នកមួយចំនួនក៏បង្ហាញព្រួយបារម្ភចំពោះការចេញទៅប្រកួតនៅឯប្រទេសថៃ។ មិនត្រឹមតែប៉ុណ្ណោះទស្សនិកជនខ្លះថែមទាំងបង្ហាញគោលបំណងរបស់ខ្លួនមិនចង់ឱ្យតារាចម្រៀងរូបនេះចេញទៅប្រកួតឡើយ។

កាលពីពេលថ្មីៗនេះ មន្រ្តីយ៍ ឯក បានយកឈ្នះតារាចម្រៀង៦រូបផ្សេងទៀតដោយក្តោបបានជាម្ចាស់ជ័យលាភី «សំឡេងល្អឯកនៃកម្ពុជា» (Cambodia’s Finest Voice) ជាមួយបទចម្រៀង «I Let You Go» ដោយទទួលបានឱកាសតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Eurovision Song Contest Asia 2026 ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
.png)
ជ័យជម្នះនេះត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយសម្រាប់អាជីពសិល្បៈរបស់ មន្រ្តីយ៍ ឯក ខណៈដែលការចូលរួមក្នុងការប្រកួតកម្រិតអន្តរជាតិនេះក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការបង្ហាញសមត្ថភាពសិល្បៈចម្រៀង និងអត្តសញ្ញាណតន្ត្រីរបស់ខ្លួនទៅកាន់ទស្សនិកជនក្នុងតំបន់ និងពិភពលោក។

ទោះយ៉ាងណា ការត្រៀមខ្លួនចេញទៅប្រកួតនៅឯប្រទេសថៃស្របពេលប្រទេសទាំងពីរកំពុងដោះស្រាយបញ្ហានឹងគ្នាបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកជាច្រើនព្រមទាំងបារម្ភទៅលើ មន្រ្តីយ៍ ឯក។

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «ហឹទៅប្រលងប្រទេសចោរ គាត់នឹងទទួលសម្ពាធពីចោថៃហើយ, កុំទៅល្អជាង , ខ្ញុំអត់ហ៊ាននិយាយច្រើន តែបើសិនទៅប្រទេសចោរ សូមប្រយ័ត្នប្រយែងផងពិសេសរបស់ញុំា ព្រោះពួកហ្នឹងចរិតសាហាវៗណាស់, មិនបាច់ទៅទេ, ប្រលងនៅប្រទេសចោរ មិនចង់ឱ្យទៅសោះ, ប្រទេសចោរ គួរពិចារណា»។
ទន្ទឹមនឹងមតិយោបល់មួយចំនួនស្នើឱ្យ មន្រ្តីយ៍ ឯក ពិចារណារឿងចេញទៅប្រកួតនៅឯប្រទេសថៃ ក្នុងនោះក៏មានមតិយោបល់មួយចំនួនលើកទឹកចិត្តមកកាន់តារាចម្រៀងរូបនេះដូចគ្នា។
.png)
គួរឱ្យដឹងថា មន្រ្តីយ៍ ឯក គឺជាតារាចម្រៀងដែលកំពុងមានប្រជាប្រិយភាពនៅក្នុងចំណោមទស្សនិកជនជាយុវវ័យដោយមានប្រជាប្រិយភាពតាមរយៈបទ «ពិសី» «ចង់ទិញទុរេន» និងបទ «មួយលានរាត្រី» ជាដើម៕










