តារាចម្រៀង មន្រ្តីយ៍ ឯក បានក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងចម្រៀង «សំឡេងល្អឯកនៃកម្ពុជា» (Cambodia’s Finest Voice) ជាមួយបទចម្រៀង «I Let You Go» ដោយទទួលបានឱកាសតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Eurovision Song Contest Asia 2026 ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

ជ័យជម្នះនេះត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយសម្រាប់អាជីពសិល្បៈរបស់ មន្រ្តីយ៍ ឯក ខណៈដែលការចូលរួមក្នុងការប្រកួតកម្រិតអន្តរជាតិនេះក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការបង្ហាញសមត្ថភាពសិល្បៈចម្រៀង និងអត្តសញ្ញាណតន្ត្រីរបស់ខ្លួនទៅកាន់ទស្សនិកជនក្នុងតំបន់ និងពិភពលោក។ .png)
កម្មវិធី «សំឡេងល្អឯកនៃកម្ពុជា» ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងរកសិល្បករដែលមានសមត្ថភាព ដើម្បីតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Eurovision Song Contest Asia 2026។ ការប្រកួតនេះបានប្រមូលផ្តុំតារាចម្រៀងចំនួន ៧ រូប រួមមាន Goofy កញ្ញា កេសរ មន្រ្តីយ៍ ឯក MC Pich កញ្ញា Nov Dana ,សាទីយ៉ា និង Sam Rocker ដែលបានបង្ហាញសមត្ថភាពច្រៀង និងការបកស្រាយបទចម្រៀងរៀងៗខ្លួនដើម្បីដណ្តើមយកតំណែងជាម្ចាស់ជ័យលាភី។
ការទទួលជ័យជម្នះជាមួយបទ «I Let You Go» ហើយត្រូវបានជ្រើសរើសជាសិល្បករតំណាងប្រទេសកម្ពុជារបស់ មន្រ្តីយ៍ ឯក គឺផ្អែកលើ ៤០% នៃសំឡេងគាំទ្រពីសាធារណជន,៤០% ពីគណៈកម្មការជំនាញ និង ២០% ពីការបោះឆ្នោតតាមអនឡាញ។ បទ «I Let You Go» នេះមានច្រៀងជាភាសាខ្មែរ អង់គ្លេស និងបារាំង។
សម្រាប់កម្មវិធី Eurovision Song Contest Asia វាជាការពង្រីកទម្រង់ប្រកួតប្រជែងតន្ត្រី Eurovision មកកាន់តំបន់អាស៊ី ដោយផ្តល់ឱកាសឱ្យប្រទេសនានាបង្ហាញស្នាដៃចម្រៀង សមត្ថភាពសិល្បៈ និងអត្តសញ្ញាណវប្បធម៌របស់ខ្លួននៅលើឆាករួមមួយ។ កម្មវិធីនេះមានគោលបំណងប្រើប្រាស់តន្ត្រីជាមធ្យោបាយភ្ជាប់ប្រជាជនពីប្រទេសផ្សេងៗគ្នា និងជំរុញការផ្លាស់ប្តូរវប្បធម៌តាមរយៈសិល្បៈចម្រៀង។
កម្មវិធី Eurovision Song Contest មានប្រវត្តិយូរអង្វែងនៅទ្វីបអឺរ៉ុបនិងត្រូវបានគេស្គាល់ថាជាការប្រកួតចម្រៀងអន្តរជាតិដ៏ធំមួយដែលប្រទេសនីមួយៗបញ្ជូនសិល្បករតំណាងរបស់ខ្លួនទៅប្រកួតប្រជែងតាមរយៈបទចម្រៀង និងការសម្តែងផ្ទាល់។ ការពង្រីកកម្មវិធីមកកាន់តំបន់អាស៊ី ត្រូវបានរំពឹងថានឹងបង្កើតឱកាសថ្មីសម្រាប់សិល្បករក្នុងតំបន់ ព្រមទាំងបង្កើនការចាប់អារម្មណ៍លើវិស័យតន្ត្រីអាស៊ីនៅលើឆាកអន្តរជាតិ៕










