បន្ទាប់ពី Trend យាយសុខ និងបង្ហាញពីស្បៃខ្មែរពេលនេះ Trend ថ្មីមួយទៀតដែលបង្ហាញពីសំលៀកបំពាក់ប្រពៃណីខ្មែរដែលបង្ហាញពីទម្រង់ផ្សេងៗគ្នាតាមស្លាបកង្ហារកំពុងទទួលបាននៅការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកទស្សនា។ ក្នុងនោះតារាល្បីៗជាច្រើនដូចជា ទេព បូព្រឹក្ស ពេជ្រ វត្តីសារ៉ាវឌ្ឍី អ៊ិន លក្ខិណា ប៉ូគីមថេង សុតធីតា និងសិល្បការិនីជាច្រើនទៀតបាននាំគ្នាចូលរួមលេងយ៉ាងផុសផុល។

និន្នាការថ្មីមួយដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងទទួលបានការចាប់អារម្មណ៍នៅលើ TikTok។ ក្នុងនិន្នាការនេះអ្នកប្រើប្រាស់បង្កើតវីដេអូដែលបង្ហាញខ្លួនឯងធ្លាក់ចុះពីលើសាឡុងមកដេកលើឥដ្ឋក្រោមកង្ហារពិដាន ហើយសម្លៀកបំពាក់របស់ពួកគេផ្លាស់ប្ដូររាល់ពេលស្លាបកង្ហារបង្វិលកាត់ខ្លួន។ Trend នេះមើលទៅប្លែក និងទាក់ទាញ ដោយធ្វើឱ្យការផ្លាស់ប្ដូរសម្លៀកបំពាក់មានភាពរលូន ស្រស់ស្អាត និងស្រដៀងនឹងការថតវីដេអូពិត។
.png)
អ្នកខ្លះជ្រើសរើសថតដោយផ្ទាល់ ដោយភ្ជាប់ទូរសព្ទនៅលើពិដាន រួចថតខ្លួនឯងក្នុងទីតាំងដដែលជាច្រើនលើកដោយផ្លាស់ប្ដូរសម្លៀកបំពាក់រាល់លើក។ បន្ទាប់មកពួកគេកាត់តឃ្លីបទាំងនោះបញ្ចូលគ្នា ដើម្បីឱ្យសម្លៀកបំពាក់ផ្លាស់ប្ដូរនៅពេលស្លាបកង្ហារបង្វិលកាត់។ ទោះជាយ៉ាងណា វិធីនេះត្រូវការពេលវេលានិងការកាត់តច្រើន។ ដូច្នេះអ្នកប្រើប្រាស់ជាច្រើនជ្រើសរើសប្រើ AI ដើម្បីបង្កើតវីដេអូឱ្យបានលឿននិងងាយស្រួលជាងមុន។

ជុំវិញនិន្នាការថ្មីនេះគេសង្កេតឃើញថាតារាល្បីៗនិងបវរកញ្ញាខ្មែរជាច្រើនរូបបានចូលរួមលេងនិងបានបង្ហាញពីឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតប្លែកៗពីគ្នាក្នុងរយៈពេលដែលពួកគេធ្លាប់គ្រងឈុតនោះកន្លងមក។

Trend ថ្មីនេះមានការចូលរួមលេងដូចជាតារាចម្រៀង ទេព បូព្រឹក្ស បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បវរកញ្ញា អ៊ិន លក្ខិណា ប៉ូគីមថេង សុតធីតា គង់ ច័ន្ទស្រីមុំ សុខ ពិសី ព្រមទាំងសិល្បការិនីជាច្រើនរូបទៀត។
.png)
ទោះបី Trend នេះមានលក្ខណៈជាការកម្សាន្ត និងការបង្កើតមាតិកាតាមបណ្ដាញសង្គមក៏ដោយ ការប្រើប្រាស់ឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរជាផ្នែកសំខាន់នៃការបង្ហាញ បានធ្វើឱ្យវាក្លាយជានិន្នាការមួយដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រ និងអ្នកចូលចិត្តវប្បធម៌ខ្មែរ៕









