វត្តមានរបស់ឧបាសិកា ដួង ម៉ានិច នៅក្នុងកម្មវិធីកម្សាន្តបានទាក់ទាញការរិះគន់យ៉ាងខ្លាំងរហូតជំរុញឱ្យកម្មវិធី 3Fun មិនអាចចាក់ផ្សាយវគ្គនេះបានដើម្បីតបតាមការសំណូមពររបស់សាធារណជន។ យ៉ាងណាទន្ទឹមនឹងកម្មវិធីបានចេញបកស្រាយពិធីករ អៀង វិច្ឆ័យ បានបង្ហាញការសោកស្តាយខ្លួនចំពោះ Show នេះខណៈលោកបង្ហាញថាវាជា Show ដែលលោកពេញចិត្តបំផុតមួយ។

ថ្មីៗនេះវីដេអូខ្លីៗរបស់ ឧបាសិកា ដួង ម៉ានិច បានទាក់ទាញការរិះគន់យ៉ាងខ្លាំងទោះបីជាមិនទាន់ចេញផ្សាយជាផ្លូវការដ៏ដោយ។ ក្រោយមកកម្មវិធីកម្សាន្ត 3Fun បានចេញបកស្រាយថា វគ្គមួយនេះមិនមែនក្នុងគោលបំណងធ្វើកម្មវិធីបែបកំប្លែងដូចធម្មតានោះទេ ប៉ុន្តែផ្តោតលើការចែករំលែកអំពី ព្រះធម៌ ការសមាធិ និងការស្វែងរកសេចក្តីស្ងប់ផ្លូវចិត្ត។
កម្មវិធីបានបញ្ជាក់ថា ឧបាសិកា ដួង ម៉ានិច បានចែករំលែកបទពិសោធន៍ និងទស្សនៈរបស់ខ្លួនអំពីការជ្រើសរើសផ្លូវព្រះធម៌ ព្រមទាំងបង្ហាញពីវិធីសមាធិដែលអាចអនុវត្តបាននៅផ្ទះ។ ក្រុមការងារក៏បានអញ្ជើញលោកគ្រូដែលមានបទពិសោធន៍ផ្នែកសមាធិ មកចូលរួមចែករំលែកចំណេះដឹងផងដែរ។ គោលបំណងនៃវគ្គនេះ គឺចង់ផ្តល់ជាប្រធានបទសម្រាប់អ្នកទស្សនាស្វែងយល់អំពីការធ្វើសមាធិ ការលះបង់ និងការរក្សាភាពស្ងប់ក្នុងផ្លូវចិត្ត ព្រមទាំងការធ្វើអំពើល្អ និងសាងកុសល។.png)
ជាមួយនឹងការបញ្ជាក់របស់កម្មវិធីខាងលើលោក អៀង វិច្ឆ័យ ដែលជាពិធីករបានបង្ហាញការសោកស្តាយរបស់ខ្លួន។ លោកបានលើកឡើងនៅយប់ថ្ងៃទី២៥ ខែកញ្ញា ថា «សោកស្តាយណាស់ សូដែលល្អបំផុត ដែលខ្ញុំស្រលាញ់ ដែលខ្ញុំគិតថាសូនេះនឹងជួយបងប្អូនអោយយល់ពីព្រះធម៌ រៀនចេះសមាធិស្ងប់ផ្លួវចិត្ត មិនអាចចេញផ្សាយបាន ព្រោះបងប្អូនគាត់អត់ចង់អោយផ្សាយ ហើយខ្ញុំក៏យល់ព្រមតាមសំណើរបងប្អូន»៕










