វេជ្ជបណ្ឌិត Gabrielle Henry អតីតបវរកញ្ញា Miss Universe Jamaica 2025 បានដាក់ពាក្យប្តឹងស្ថាប័នរៀបចំកម្មវិធី Miss Universe Organization ដែលធ្វើឱ្យនាងរងរបួសអំឡុងពេលប្រកួតនៅឯប្រទេសថៃកាលពីឆ្នាំ២០២៥។ 
គេចាំបានថាកាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ អំឡុងវគ្គប្រកួតបឋមក្នុងឈុតរាត្រីស្រមោលសនៃការប្រកួត Miss Universe Jamaica បានដើរលើឆាកក្នុងរ៉ូបពណ៌ទឹកក្រូច និងពាក់ស្បែកជើងកែងខ្ពស់។ ខណៈកំពុងដើរ និងបង្ហាញខ្លួននៅលើឆាក នាងបានបត់ទៅផ្នែកខាងឆ្វេង ហើយហាក់ដូចជាដើរចេញពីគែមផ្លូវដើរបណ្តាលឱ្យនាងធ្លាក់ចុះពីឆាក និងប៉ះមុខយ៉ាងខ្លាំងផ្អើលអស់ពេញកម្មវិធី។
.png)
Henry បានពិពណ៌នាថា គ្រោះថ្នាក់នេះគឺជាបទពិសោធន៍ដ៏តក់ស្លុតបំផុតមួយក្នុងជីវិតរបស់នាង។ នាងបាននិយាយថា នៅពេលកើតហេតុ នាងមានអារម្មណ៍ដូចជាបាត់បង់ការយល់ដឹងពីខ្លួនឯង ហើយក្រោយមកបានបាត់ស្មារតី។ តាមការរៀបរាប់របស់ Henry នាងបានរង ការហូរឈាមក្នុងខួរក្បាល របួសលើផ្ទៃមុខ និងរបួសខ្នង។ បន្ទាប់ពីគ្រោះថ្នាក់ នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងប្រទេសថៃ និងត្រូវសម្រាកព្យាបាលក្នុងបន្ទប់ ICU។ 
Miss Universe Jamaica 2025 បានរៀបរាប់ថានៅពេលដំបូង Miss Universe Organization បានផ្តល់ការគាំទ្រខ្លះៗ ខណៈនាងកំពុងសម្រាកព្យាបាលនៅប្រទេសថៃ។ ប៉ុន្តែក្រោយពេលនាងត្រឡប់ទៅប្រទេស Jamaica នាងនិយាយថាមិនសូវទទួលបានព័ត៌មានបន្ថែមពីស្ថាប័ននេះពាក់ព័ន្ធនឹងការចំណាយលើការព្យាបាល ដែលនៅតែបន្តកើតមាននោះទេ។ 
Henry បាននិយាយថានាងមិនជឿថាខ្លួនបានជំពប់ដួលដោយខ្លួនឯងនោះទេហើយជឿថា គ្រោះថ្នាក់នេះអាចត្រូវបានការពារ ប្រសិនបើមានវិធានការសុវត្ថិភាពត្រឹមត្រូវនៅលើឆាក។
តាមការអះអាងរបស់បវរកញ្ញា Jamaica ក្រុមការងាររៀបចំឆាក និងភ្លើងបំភ្លឺ គួរតែមានវិធានការការពារដើម្បីបិទ ឬរាំងចន្លោះនៅលើឆាក ដើម្បីការពារបេក្ខនារីពីគ្រោះថ្នាក់ ក្នុងបទសម្ភាសន៍ នាងក៏បានរៀបរាប់ថា អ្វីដែលនាងធ្វើនៅលើឆាក គឺធ្វើតាមការហ្វឹកហាត់ដែលបានរៀបចំទុកជាមុន ដូចជាឈប់នៅកន្លែងដែលបានណែនាំ មើលកាមេរ៉ា ហើយបត់ទៅខាងឆ្វេងនៅពេលទទួលបានការណែនាំ។
.png)
ហេតុការណ៍នេះ Gabrielle Henry បានដាក់ពាក្យប្តឹង Miss Universe Organization រួមទាំងក្រុមហ៊ុនមេ JKN Legacy Inc. និង Legacy Holding Group USA។ បណ្តឹងនេះពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការធ្វេសប្រហែស ការជ្រើសរើស និងការគ្រប់គ្រងបុគ្គលិកដោយធ្វេសប្រហែស ព្រមទាំងការបង្កឱ្យមានការឈឺចាប់ និងរបួសផ្លូវចិត្តដោយធ្វេសប្រហែស ឬដោយចេតនា។ មេធាវីរបស់ Henry បានលើកឡើងថាបេក្ខនារីដែលចូលរួមកម្មវិធីគួរតែអាចរំពឹងថា អង្គការរៀបចំនឹងយកចិត្តទុកដាក់លើសុវត្ថិភាពរបស់ពួកគេ និងចាត់វិធានការចាំបាច់ដើម្បីការពារពួកគេ៕










