ទឹកជំនន់ហូរបុកមកពីប្រទេសថៃ ឡាយឡំនឹងភ្លៀងធ្លាក់ខ្លាំង បង្កជាគ្រោះទឹកជំនន់វាយប្រហារក្រុងប៉ោយប៉ែត បង្ខំឲ្យអាជ្ញាធរសម្រុកបើកយុទ្ធនាការប្រើគ្រឿងចក្រកាយផ្តាច់ផ្លូវ និងបើកទ្វារទឹកទាំងអស់ដើម្បីរំដោះទឹកលិចផ្ទះជិត ២៥០ខ្នង។.jpg)
_______________
អាជ្ញាធរបានសម្រុកបើកទ្វារទឹកទាំងអស់ និងកាយផ្តាច់ខ្នងប្រឡាយ និងផ្លូវ ដើម្បីរំដោះចរន្តទឹកឱ្យហូរធ្លាក់បានលឿនបំផុត ខណៈផ្ទះសម្បែងប្រជាពលរដ្ឋជិត ២៥០ គ្រួសារ ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ។ គ្រោះទឹកជំនន់យ៉ាងគំហុកនេះ ត្រូវបានគេមើលឃើញថា កើតឡើងដោយសារឥទ្ធិពលនៃរបាយទឹកភ្លៀងបន្តធ្លាក់ខ្លាំង បូករួមផ្សំនឹងចរន្តទឹកជំនន់ដ៏គំហុកដែលហូរបុកធ្លាក់ឆ្លងដែនមកពីប្រទេសថៃ បណ្ដាលឲ្យទឹកអូរនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កើនឡើងយ៉ាងរហ័ស និងហៀរហូរចូលលិចលង់ភូមិឋានរបស់ប្រជាពលរដ្ឋយ៉ាងតានតឹង។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពផ្លូវការរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ គ្រោះទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀងលាយឡំទឹកបុកមកពីភាគីថៃ បានវាយប្រហារចំលើផ្ទះប្រជាពលរដ្ឋសរុបចំនួន ២៤២ គ្រួសារ ដែលរស់នៅខាងត្បូងផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត។ ភូមិសាស្ត្រដែលរងការជន់លិចខ្លាំង រួមមានភូមិចំនួន ៦ ស្ថិតក្នុងសង្កាត់អូរជ្រៅ និងសង្កាត់ផ្សារកណ្ដាល។ ចំពោះមុខសញ្ញាអាសន្ននេះ កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩១១ សហការជាមួយអាជ្ញាធរ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់កាយផ្ដាច់ផ្លូវ និងខ្នងប្រឡាយដើម្បីបើកមុខទឹកផង និងបានប្រើប្រាស់កាណូតចែវចុះជួយជម្លៀសពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ ទៅកាន់ទីទួលសុវត្ថិភាពនៅតាមអគារសាលារៀន និងវត្តអារាមជាបណ្តោះអាសន្ន។ គិតត្រឹមថ្ងៃនេះ ស្ថានភាពកម្ពស់ទឹកអូរព្រំដែនក្រុងប៉ោយប៉ែត បានហក់ឡើងដល់ ៤.១៥ ម៉ែត្រ ដែលកាន់តែកៀកទៅនឹងកម្រិតប្រកាសអាសន្ន ៤.៥០ ម៉ែត្រ ទៅហើយ។
ក្រៅពីផលប៉ះពាល់នៅក្រុងប៉ោយប៉ែតដូចខាងលើនេះ ស្ថានភាពទឹកបុកហូរខ្លាំង និងការគំរាមកំហែងពីគ្រោះធម្មជាតិក៏ត្រូវបានគេមើលឃើញនៅក្នុងខេត្តប៉ៃលិន ផងដែរ។ អភិបាលខេត្ដប៉ៃលិន លោកស្រី បាន ស្រីមុំ បានចេញមុខអំពាវនាវយ៉ាងទទូច និងប្រកាសអាសន្នដល់ប្រជាពលរដ្ឋទាំងអស់ដែលមានទីលំនៅក្បែរមាត់អូរ និងតាមដងស្ទឹង ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងប្រញាប់រៀបចំទុកដាក់ទ្រព្យសម្បត្តិ ឯកសារសំខាន់ៗ ត្រៀមឱ្យរួចជាស្រេចដើម្បីជម្លៀស។ .jpg)
ជារួមមក ក្នុងកាលៈទេសៈដ៏រសើបនេះ អាជ្ញាធរបានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ពិសេសត្រូវមើលថែទាំកូនចៅតូចៗឱ្យបានល្អ ជៀសវាងគ្រោះថ្នាក់លង់ទឹកជាយថាហេតុ។ ទន្ទឹមនឹងនេះ សូមពលរដ្ឋបន្តតាមដានស្ថានភាពកម្ពស់ទឹក និងបម្រែបម្រួលអាកាសធាតុ តាមរយៈការជូនដំណឹងជាប្រចាំរបស់អាជ្ញាធរមូលដ្ឋាន និងក្រសួងជំនាញ ដើម្បីអាចទទួលព័ត៌មានទាន់ហេតុការណ៍ និងត្រៀមខ្លួនជម្លៀសទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា និងមានសុវត្ថិភាព៕










