តារាសម្តែង Jang Dong Yoon បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយប្រកាសថា លោកនឹងរៀបការជាមួយតារាសម្តែង Kim Seung Yoon នៅខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីអ្នកទាំងពីររក្សាទំនាក់ទំនងស្នេហាជាលក្ខណៈឯកជនអស់រយៈពេលជាច្រើនឆ្នាំ។
Jang Dong Yoon បានប្រកាសដំណឹងនេះដោយខ្លួនឯង តាមរយៈសំបុតរដែលសរសេរដោយដៃ និងបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី២៥ ខែសីហា។ លោកបានបញ្ជាក់ថា ពិធីមង្គលការនឹងរៀបចំយ៉ាងសាមញ្ញ ក្នុងទម្រង់ពិធីសាសនាគ្រិស្ត ដោយមានតែសមាជិកគ្រួសារចូលរួម។ លោកបានរៀបរាប់ថា ការសម្រេចចិត្តរៀបការមិនមែនកើតឡើងភ្លាមៗនោះទេ ប៉ុន្តែជាលទ្ធផលពីការគិតពិចារណាយ៉ាងយូរ និងការរស់នៅជាមួយគ្នារយៈពេលយូរ រហូតអ្នកទាំងពីរកាន់តែយល់ពីគ្នា និងចេះថែរក្សាគ្នាទៅវិញទៅមក។ Jang Dong Yoon ក៏បានស្នើឱ្យអ្នកគាំទ្រមើលមកលើទំនាក់ទំនងរបស់ពួកគេដោយក្តីស្រឡាញ់ និងការគាំទ្រ។
.png)
Jang Dong Yoon វ័យ៣៤ឆ្នាំនិង Kim Seung Yoon វ័យ២៩ឆ្នាំបានស្គាល់គ្នាតាមរយៈការងារសិល្បៈ ហើយបន្តធ្វើការជាមួយគ្នានៅគម្រោងជាច្រើន។ Kim Seung Yoon ក៏បានចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្លី «Please Be My Ear» ដែលជាស្នាដៃដឹកនាំដំបូងរបស់ Jang Dong Yoon ហើយក្រោយមកបានសម្តែងក្នុង «The Yeast »ដែលជាខ្សែភាពយន្តដឹកនាំដោយលោកផងដែរ។ អ្នកទាំងពីរក៏ធ្លាប់បង្ហាញខ្លួនក្នុងរឿង «The Tale of Nokdu» ឆ្នាំ២០១៩ ផងដែរ។ ទោះជាយ៉ាងណា ពួកគេបានរក្សាទំនាក់ទំនងផ្ទាល់ខ្លួនឱ្យនៅឆ្ងាយពីការចាប់អារម្មណ៍របស់សាធារណជន រហូតដល់ការប្រកាសរៀបការនាពេលនេះ។ .png)
ដំណឹងរៀបការរបស់ Jang Dong Yoon និង Kim Seung Yoon កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ K-Drama ខណៈអ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរចំពោះជំពូកថ្មីក្នុងជីវិតរបស់តារាសម្តែងទាំងពីររូបនេះ៕










