ថ្មីៗនេះតារាចម្រៀង ទេព បូព្រឹក្ស បាន Live នៅលើហ្វេកប៊ុកដោយបញ្ជាក់ថានាងមិនចង់សាងសត្រូវនោះទេ។ មិនត្រឹមតែប៉ុណ្ណោះតារាចម្រៀងរូបនេះបានសង្កេតឃើញថាមានគណនីក្លែងក្លាយ (Fake Account ) បានចូលមកខម្មិនកុំឱ្យមានការរាប់អានអ្នកនេះកុំឱ្យរាប់អានអ្នកនោះចំណែកឈ្មោះនាងនិង ដេវីត ត្រូវគេយកធ្វើជាប្រធានបទទាំងគ្មានសាច់ការ។

ប្រិយមិត្តតាមដានវិស័យសិល្បៈជ្រាបមកហើយថា តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ជាភរិយា កំពុងតែមមាញឹកនឹងការងាររកស៊ីក្រៅពីអាជីពសិល្បៈដោយអ្នកទាំងពីរទើបតែបើកម៉ាតថ្មីៗនេះរួមទាំងគ្រោងលក់ប្រ៊េនឆាយម៉ាតទៀតផង។ ក្នុងឱកាសបើកសាកល្បង ទេព បូព្រឹក្ស បានតុបតែងខ្លួនជាស្ទាយថ្មីនិងបាន Live នៅលើបណ្តាញសង្គមផងដែរ។

ក្នុងពេលដែលកំពុងផ្សាយផ្ទាល់តារាចម្រៀង ទេព បូព្រឹក្ស បាននិយាយថានាងជាមនុស្សតែងតែចូលចិត្តសាងមិត្តជាងសាងសត្រូវមិនចង់មានទំនាស់ជាមួយនឹងនរណានោះទេ តែបែរជាយកឈ្មោះរបស់នាងទៅប្រឡូកប្រឡាក់ទាំងគ្មានសាច់ការទាល់តែសោះដោយយកឈ្មោះរបស់នាងទៅបង្កើតជាប្រធានបទ។ ទេព បូព្រឹក្ស បានបន្តទៀតថាបើចង់ធ្វើអ្វីក៏ធ្វើទៅប៉ុន្តែទុកឱ្យពួកគេនៅតែផ្លូវពួកគេ ហើយកន្លែងរកស៊ីរបស់នាងពេលខ្លះរងសម្ពាធ។

ទេព បូព្រឹក្ស បញ្ជាក់ថានាងជាមនុស្សរាប់មិត្តជាងរាប់សត្រូវប៉ុន្តែក៏មិនត្រូវយកឈ្មោះនាងនិងស្វាមី(ជី ដេវីត) ទៅដ្រាម៉ាទេចំណុចនេះគឺពុំត្រឹមត្រូវឡើយ។ ជាមួយគ្នានេះដែរ តារាចម្រៀងរូបនេះថារយៈពេល១សប្តាហ៍មកនេះគឺសម្បូរទៅដោយគណនីក្លែងក្លាយធ្វើជាកាន់ជើងពួកគេ ជួនកាលធ្វើជាផុសឱ្យមានបញ្ហា។ ជាក់ស្តែង ទេព បូព្រឹក្ស ថានៅសុខៗក៏មានអ្នកមកជេរនាងនិងជី ដេវីត ទាំងដែលនាងមិនដែលធ្វើរឿងទុក្ខទោម្នេញ។

ជុំវិញការលើកឡើងរបស់ ទេព បូព្រឹក្ស តាមរយៈការ Live ខាងលើនេះអ្នកលេងបណ្តាញសង្គមមួយចំនួនបានដាក់ការសង្ស័យថាខ្លឹមសារនេះគឺអាចសំដៅទៅដល់ អាជី ពីព្រោះកន្លងមក អ្នកលក់អនឡាញរូបនេះបានយកឈ្មោះ ទេព បូព្រឹក្ស និង ជី ដេវីត និយាយនៅក្នុងវីដេអូពីទម្លាយរឿងអន់ចិត្តដែលអ្នកទាំងពីរមិនបានឆ្លើយតបក្នុងការចង់ដាក់ផលិតផលចូលទៅក្នុងម៉ាតរបស់ពួកគេ៕









