Home ព័ត៌មានជាតិ ចេតិយបុរាណវត្តសំពៅប្រាំលើភ្នំបូកគោ ប្រឈមនឹងការប្រេះស្រក និងជ្រុះបាក់ក្បាច់ចម្លាក់

ចេតិយបុរាណវត្តសំពៅប្រាំលើភ្នំបូកគោ ប្រឈមនឹងការប្រេះស្រក និងជ្រុះបាក់ក្បាច់ចម្លាក់

77
0

គួរឲ្យសោកស្ដាយ! មហាជនស្នើសុំឱ្យមានការជួសជុលបន្ទាន់ ក្រោយឃើញទិដ្ឋភាពក្បាច់ចម្លាក់បាក់បែកពេញដី នៃទីអារាមប្រវត្តិសាស្ត្រអាយុកាល ១០២ ឆ្នាំមួយនេះ ដែលជាតំបន់ទេសចរណ៍ដ៏អស្ចារ្យទាក់ទាញភ្ញៀវទេសចររាប់លាននាក់ឱ្យចង់មកទស្សនាអារាមប៉ះផ្ទាល់ជាមួយពពក និងអ័ព្ទវិលវល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN0MQTyZCoCSCUNt2oew1ftqIGmOVyM2qy4PVh-sGH18APA_OQvUqwzd03RVjXLHhq1fCnxPa0IryWUVU3Kix3MDIZIOfduMGPCjS7oBR3w_OblZ0sI-jxl98xXtikv_JVUOWtlR3mSYHkE6Znj-H8N23cAa9X4x79Hl5a3-SCnbWbVe0NA_tMbGwkB0M/s1280/photo_2026-08-24_16-04-03.jpg
______________

មហាជនស្នើសុំឱ្យមានការជួសជុលបន្ទាន់! ក្រោយឃើញទិដ្ឋភាពនៃការប្រេះស្រាំ និងជ្រុះធ្លាក់ក្បាច់ចម្លាក់មួយចំនួនពីតួចេតិយបុរាណ បានបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់សាធារណជនជុំវិញការបាត់បង់កេរដំណែលប្រវត្តិសាស្ត្រដ៏មានតម្លៃមួយនេះ។ វត្តសំពៅប្រាំ មិនត្រឹមតែជាទីអារាមដ៏សក្ការៈប៉ុណ្ណោះទេ ប៉ុន្តែជាស្ថាបត្យកម្មដ៏អស្ចារ្យតែមួយគត់ ដែលបានសាងសង់ឡើងនៅលើកំពូលភ្នំដាច់ស្រយាលកម្ពស់ជាង ១,១០០ ម៉ែត្រ ហ៊ុមព័ទ្ធដោយសមុទ្រអ័ព្ទ និងពពកវិលវល់ស្ទើរពេញមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnixq7egDmsF4FAGTHGtkKuMmQ6x8cCAzNbtYPpPIB3Z75V8KMuQQfOZ7_JwRdAdhSs_XjeHjbNb_VQ1tIcD4DzhnxMd8LSry_1PWkkzgeZ1btwKkhzptEKhei2QQDBDfIVG2OZYwLa7sqzRiPe4-NgZFeMA_kdQuGdepkUovYOnN_eCJuHEsztn7E-_A/s1280/photo_2026-08-24_16-04-05%20(2).jpg

យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់វត្តសំពៅប្រាំផ្ទាល់ កាលពីថ្ងៃទី២៣ ខែសីហា បានបង្ហាញពីទិដ្ឋភាពជាក់ស្តែងនៃបំណែកក្បាច់ចម្លាក់បុរាណជាច្រើន ដែលបានរបេះធ្លាក់មកបាក់បែកនៅលើដី។ ប្រភពដដែលបានបញ្ជាក់ថា មូលហេតុចម្បងដែលបណ្តាលឱ្យចេតិយបុរាណនេះរងការខូចខាត គឺដោយសារតែអាយុកាលកាលវេលាដ៏យូរលង់ រួមផ្សំជាមួយនឹងឥទ្ធិពលអាកាសធាតុនៅលើកំពូលភ្នំបូកគោ ដែលមានកំហាប់សំណើមខ្ពស់ ខ្យល់បោកបក់ខ្លាំង និងការប៉ះទង្គិចផ្ទាល់ជាមួយពពក និងអ័ព្ទជោកជាំជារៀងរាល់ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq8na91tKGQWqZi0TROTedUleVwzluFTPJ1zApZNTwccoT-AZqABx8vt5lkMH5-tNdNT6avh6WjRwGgqgvIie3j0Ai9FwHLhCvuUCOytImZpZ98TYh-gZa2ay64LoRIdZ6dQuRGV2P8w8g5vSA1akwHS88LWPYUm8GzKxsBqI1rOUbNJ1GcgD7EnjmMEs/s1280/photo_2026-08-24_16-04-03%20(2).jpg

សូមបញ្ជាក់ថា ទីអារាមដ៏ស័ក្តិសិទ្ធិមួយនេះត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៩២៤ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ដែលគិតមកទល់ពេលនេះ មានអាយុកាលរហូតដល់ទៅ ១០២ ឆ្នាំហើយ។ ចំពោះវិស័យទេសចរណ៍ ទីអារាមបុរាណមួយនេះគឺជាផ្ទាំងទស្សនីយភាពដ៏ទាក់ទាញ និងជាម៉ាញេទិកឆក់យកបេះដូងភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ឱ្យមកកម្សាន្តនៅខេត្តកំពត។ ភាពអស្ចារ្យនៃផ្ទាំងថ្មធម្មជាតិរាងដូចសំពៅប្រាំ បូករួមនឹងសំណង់ព្រះវិហារចាស់បុរាណដែលឈរជើងយ៉ាងរឹងមាំចំកណ្តាលជំនោរខ្យល់ត្រជាក់ និងផ្សែងអ័ព្ទបក់កាត់ដូចឋានសួគ៌ក្រោមមេឃ បានធ្វើឱ្យទីនេះក្លាយជាទីតាំងថតរូបដ៏ពេញនិយម និងជាកន្លែងទេសចរណ៍បែបវប្បធម៌ សាសនា និងធម្មជាតិដែលមិនអាចរំលងបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOaubCpN02kdP2IgkIs10JVvCteZL6LAXv94qZB1ty-M9SmpSsH2ezkSxtye0nNoLtmxxq9sWdLF6-oaPi0d4WmTIP00BbgUB9B7eUvWeHUsydh0FvHrYQkZEHolXQbllRehd557ihYT2gFuUA_-QJVmHWyX90fWFGCjUpSXkAtRBhfndM1JNVwzQixnc/s1280/photo_2026-08-24_16-04-05.jpg

ចំពោះមុខស្ថានភាពទ្រុឌទ្រោមនេះ បច្ចុប្បន្នមហាជន និងអ្នកស្នេហាវិស័យវប្បធម៌ បាននិងកំពុងគោរពស្នើសុំយ៉ាងទទូចដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយចុះពិនិត្យ វាយតម្លៃ និងធ្វើការជួសជុលអភិរក្សឡើងវិញឱ្យបានទាន់ពេលវេលា ដើម្បីថែរក្សាដួងព្រលឹងវប្បធម៌ និងអារាមប៉ះពពកដ៏អស្ចារ្យមួយនេះឱ្យនៅគង់វង្សតទៅ៕