មហាជនបានសម្តែងការមិនពេញចិត្តជាខ្លាំង ក្រោយរូបភាពវីរភាពកងយោធពលខេមរភូមិន្ទការពារព្រំដែន និងយុទ្ធជនពលីត្រូវបានគេរចនាធ្វើជាផ្ទាំងឆ្នោតឡូតូអនាធិបតេយ្យបំពុលក្មេងៗ ដែលពេលនេះកំពុងដុតបញ្ឆេះកំហឹងប្រជាជនខ្មែរទូទាំងប្រទេស និងមានការស្នើសុំទៅដល់ស្ថាប័នមានសមត្ថកិច្ចបើកការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់ ដើម្បីវែកមុខចាប់មេខ្លោងយកមកដាក់គុកកុំឱ្យរួចខ្លួន។
________________ 
តើទង្វើដ៏អសីលធម៌បែបនេះ គួរដាក់ទោសរបៀបណាទើបស័ក្តិសម? រលកនៃការរិះគន់យ៉ាងចាស់ដៃ និងការសម្តែងការមិនពេញចិត្តបាននិងកំពុងផ្ទុះឡើងពេញបណ្ដាញសង្គម ជុំវិញសកម្មភាពឆ្នោតកោសផ្សងសំណាងតាមដងផ្លូវ ដែលបានយករូបថតរបស់វីរកងទ័ពការពារព្រំដែនកម្ពុជា និងយុទ្ធជនពលី ទៅធ្វើជាអាជីវកម្មល្បែងស៊ីសងបំពុលក្មេងៗយ៉ាងអនាធិបតេយ្យបំផុត។.jpg)
យោងតាមការបង្ហោះសាររិះគន់យ៉ាងចាក់ដោតរបស់គណនីហ្វេសប៊ុកឈ្មោះ Yousos Apdoulrashim បានលាតត្រដាងពីផ្ទាំងឆ្នោតកោស ដែលបានយករូបថតរបស់កងយោធពលខេមរភូមិន្ទ និងវីរជនការពារព្រំដែនកម្ពុជា ទៅដាក់រចនាធ្វើជាផ្ទាំងភ្នាល់ស៊ីសងយកប្រាក់។ ម្ចាស់គណនីខាងលើបានលើកឡើងចំៗថា៖ «ពីមុនឆ្នោតសៀម ឥឡូវមានឆ្នោតខ្មែរដាក់រូបវីរកងទ័ពមកតាមដងផ្លូវ ក្មេងៗឱ្យចេះលេងល្បែងស៊ីសងបន្ថែមទៀត តើអនាគតក្មេងៗនឹងទៅជាយ៉ាងណា? នេះឬការគោរពវីរភាពកងទ័ពជួរមុខយើង? សូមក្រសួងពាក់ព័ន្ធមេត្តាជួយមើលផង»។ សកម្មភាពនេះត្រូវបានមហាជនចាត់ទុកថាជាការបន្ទាបតម្លៃយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កិត្យានុភាព ព្រមទាំងពលិកម្មដ៏ឧត្តុង្គឧត្តមរបស់កងទ័ពជាតិ ដែលកំពុងលះបង់សាច់ស្រស់ឈាមស្រស់ឈរជើងការពារទឹកដីយ៉ាងលំបាកវេទនា។
ជុំវិញករណីដ៏រសើបនេះ មតិរបស់សាធារណជនមួយចំនួនធំបានលើកឡើងសង្ស័យថា នេះអាចមិនមែនជាយល់ខុសធម្មតានោះទេ ប៉ុន្តែវាអាចជាស្នាដៃរបស់ក្រុមវិច្ឆេទកម្មដែលទទួលបានហិរញ្ញវត្ថុពីចោរសៀមឈ្លានពាន ឬពួកប្រតិកិរិយាក្រៅច្បាប់ ក្នុងគោលបំណងបំភាន់ និងបញ្ឆេះដុតកំហឹងឈឺចាប់របស់ពលរដ្ឋ ដើម្បីបំផ្លាញបទឈប់បាញ់ និងស្ថិរភាពនយោបាយ។ ជាមួយគ្នានេះ អ្នកលេងបណ្តាញសង្គម រួមទាំងគណនីល្បីៗជាច្រើន បានចូលមកបញ្ចេញមតិយោបល់ដង្ហោយសុំឱ្យមានចំណាត់ការច្បាប់ក្តៅៗ ដោយសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច និងប៉ូលីស មេត្តាបើកការស៊ើបអង្កេតជាបន្ទាន់ ដោយចាប់ផ្តើមស្រាវជ្រាវពីក្រោមទៅលើ គឺចុះទៅសាកសួរក្រុមអ្នកដើរលក់ឆ្នោតនៅតាមមូលដ្ឋានផ្ទាល់ ថាតើពួកគេបានទទួលផ្ទាំងឆ្នោតទាំងនេះពីប្រភពណា រួចវែកញែករកឱ្យឃើញមេខ្លោងពិតប្រាកដ ឬក្រុមហ៊ុនអាណាធិបតេយ្យដែលនៅពីក្រោយខ្នង ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន និងគ្មានការលើកលែងឡើយ។.jpg)
ជារួមមក ទង្វើនៃការយករូបភាពវីរកងទ័ពជាតិទៅធ្វើជាឧបករណ៍បម្រើឱ្យល្បែងស៊ីសង គឺជាទង្វើដ៏ថោកទាបដែលមិនអាចអត់ឱនឱ្យបានឡើយ ព្រោះវាបានប៉ះពាល់ចំៗទៅលើបេះដូង និងកិត្តិយសរបស់ប្រជាជាតិទាំងមូល។ ភាពស្ងប់ស្ងាត់ ឬការយឺតយ៉ាវណាមួយរបស់អាជ្ញាធរក្នុងការបង្ក្រាបករណីនេះ អាចនឹងធ្វើឱ្យក្រុមកែច្នៃល្បែងខុសច្បាប់កាន់តែបានចិត្ត ដូច្នេះមានតែចំណាត់ការច្បាប់ដ៏ម៉ឺងម៉ាត់ និងទាន់ពេលវេលាប៉ុណ្ណោះ ទើបអាចរក្សានូវតម្លៃពលិកម្មរបស់វីរជនជួរមុខ និងការពារសណ្តាប់ធ្នាប់សង្គមឱ្យមានភាពរឹងមាំឡើងវិញ៕










