តារាចម្រៀងប៉ុបវៀតណាម ផឿង មីជី (Phương Mỹ Chi) បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងរូបនេះបានទម្លាក់បទថ្មីរបស់ខ្លួនដោយបញ្ជូលពីវប្បធម៌ខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះក្នុងបទចម្រៀងនេះ មីជី ក៏បានច្រៀងជាភាសាខ្មែរមួយឃ្លាដែរថា «បងមានស្រឡាញ់អូនទេ?»។

នៅយប់ថ្ងៃទី១២ ខែសីហា ផឿង មីជី តារាចម្រៀងស្រីវ័យក្មេងឈានមុខម្នាក់របស់វៀតណាម ផឿង មីជី បានទម្លាក់បទថ្មីរបស់ខ្លួនមានចំណងជើងថា «Heaven With My Love » (Thiên Đường Với Người Thương)។ វីដេអូនេះបានបង្ហាញពីរឿងរ៉ាវស្នេហារបស់មនុស្សពីរនាក់ ដែលជាមិត្តស្និទ្ធតាំងពីកុមារ ធំឡើងនៅក្នុងបរិយាកាសវប្បធម៌ខ្មែរហើយនៅទីបំផុតក្លាយជាគូជីវិត។ MV នេះបានរួមបញ្ចូលមរតកវប្បធម៌ខ្មែរដោយបង្ហាញនូវទិដ្ឋភាព ពិធីមង្គលការបែបប្រពៃណីខ្មែរ របាំខ្មែរ រួមទាំងឧបករណ៍ភ្លេងខ្មែរ។ ធាតុផ្សំវប្បធម៌ទាំងនេះត្រូវបានបង្ហាញយ៉ាងប្រណីត និងចុះសម្រុងគ្នា បង្កើតឱ្យមានការតភ្ជាប់ដ៏ទាក់ទាញរវាងសិល្បៈតន្ត្រី និងមរតកវប្បធម៌។

តាមរយៈចក្ខុវិស័យច្នៃប្រឌិត ផឿង មីជី (Phương Mỹ Chi) កំពុងជួយនាំយកសម្រស់នៃវប្បធម៌ខ្មែរឱ្យកាន់តែជិតស្និទ្ធទៅកាន់ទស្សនិកជនវៀតណាម ដោយផ្តល់នូវវិធីសាស្ត្រថ្មី និងមានអត្ថន័យស្របពេលវីដេអូចម្រៀងនេះបានបញ្ជាក់យ៉ាងច្បាស់ថាជាវប្បធម៌ខ្មែរ។ តារាចម្រៀង ផឿង មីជី មិនត្រឹមតែស្លៀកសំលៀកបំពាក់ខ្មែរប៉ុណ្ណោះទេប៉ុន្តែនាងក៏សម្តែងរបាំប្រពៃណីដោយផ្ទាល់ផងដែរ។ ដើម្បីអាចសម្តែងបានយ៉ាងល្អតារាចម្រៀងវៀតណាមរូបនេះបានចំណាយពេលរៀនរាំជាមួយទីប្រឹក្សាវប្បធម៌របស់គម្រោង ដើម្បីស្វែងយល់ពីចលនា និងស្មារតីនៃសិល្បៈរបាំខ្មែរ។.png)
ផឿង មីជី (Phương Mỹ Chi) មានអាយុ ២៣ ឆ្នាំ បានក្លាយជាតារាល្បីក្នុងវិស័យតន្ត្រីនៅអាយុ ១០ ឆ្នាំ បន្ទាប់ពីឈ្នះជើងឯករងក្នុងការប្រកួត The Voice Kids VietNam ឆ្នាំ ២០១៣។ នាងបានចេញវីដេអូចម្រៀង និងអាល់ប៊ុមជាច្រើនដែលទទួលបានជោគជ័យ។ មិនត្រឹមតែជោគជ័យផ្នែកចម្រៀង មីជី ក៏បានសម្តែងក្នុងខ្សែភាពយន្តមួយចំនួនផងដែរ។ បន្ទាប់ពីរយៈពេល ១៣ ឆ្នាំក្នុងវិស័យតន្ត្រី មីជី បានផ្លាស់ប្តូរខ្លួនឯងជាមួយនឹងប្រភេទផ្សេងៗ ដោយរួមបញ្ចូលរបាំ៕










