ប្លង់ថតរូបថ្មីនៅប្រាសាទអង្គរវត្តក្នុងរដូវកាលបៃតងកំពុងទាក់ទាញចំណាប់អារម្មណ៍មហាជនយ៉ាងច្រើន។ ស្របពេលប្លង់ថ្មីកំពុងល្បីល្បាញ ប៊ី សុធារី បានយកមកុដរបស់ខ្លួនដែលទើបតែប្រកួតឈ្នះបញ្ចេញសម្រស់យ៉ាងចែងចាំងនៅទីនោះ។ ក្រៅពីប្លង់ថ្មីកំពុងល្បី Miss Cosmo Cambodia 2026 បានថតឈុតប្រពៃណីយ៉ាងស្រស់ស្អាតជាមួយនឹងប្រាង្គប្រាសាទរួមទាំងបឹងឈូកផងដែរ។

នៅល្ងាចថ្ងៃទី១១ ខែសីហា ប៊ី សុធារី ដែលទើបឈ្នះតំណែង Miss Cosmo Cambodia 2026 បានបង្ហោះវីដេអូមួយយ៉ាងត្រជាក់ភ្នែកជាមួយនឹងឈុតប្រពៃណីខ្មែរ និងមកុដដ៏ស្រស់ស្អាតចែងចាំងជាមួយនឹងប្លង់ថតរូបដែលកំពុងពេញនិយមនៅមុខប្រាសាទអង្គរវត្តទិសខាងលិច។ មិនត្រឹមតែទីកន្លែងដែលកំពុងល្បីនេះប៉ុណ្ណោះទេ ប៊ី សុធារី ក៏បានផ្តិតរូបភាពនៅឯប្រាសាទអង្គរវត្ត រួមទាំងបឹងឈូកដ៏ស្រស់ស្អាតផងដែរ។

ជាមួយនឹងវីដេអូនេះ ប៊ី សុធារី បានភ្ជាប់មកជាមួយនឹងអត្ថន័យថា «ទុកឱ្យមកុដជាអ្នកនិយាយជំនួសយើង។ វប្បធម៌របស់យើង មិនមែនគ្រាន់តែជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ វាគឺជា អត្តសញ្ញាណរបស់យើង។កុំបាក់ទឹកចិត្ត។ កុំបោះបង់អ្វីដែលជារបស់យើង។ គ្រាន់តែធ្វើខ្លួនឱ្យកាន់តែជាខ្មែរ កាន់តែស្រឡាញ់ភាពជាខ្មែរ និងកាន់តែមានមោទនភាពចំពោះអត្តសញ្ញាណរបស់យើង»។
សកម្មភាពនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកតាមដានវិស័យបវរកញ្ញាពីព្រោះ ប៊ី សុធារី ទើបតែឈ្នះមកុដថ្មីហើយក៏មិនបង្អង់ពេលយូរចាប់ផ្តើមសកម្មភាពក្នុងនាមជាបវរកញ្ញាក្នុងពេលដែលនឹងតំណាងស្រ្តីខ្មែរប្រកួតនៅលើឆាកអន្តរជាតិ។ ក្នុងពេលដែល ប៊ី សុធារី ក្លាយជាម្ចាស់មកុដ Miss Cosmo Cambodia 2026 កំពុងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសនាងនឹងជួបដៃគូចាស់ដែលជាបវរកញ្ញាមីយ៉ាន់ម៉ា៕










