មិនអាចបញ្ចប់ត្រឹមការសុំទោស និងសងលុយវិញឡើយ! មហាជនកំពុងទាមទារយុត្តិធម៌ជូនវីរកងទ័ពម្នាក់ដែលរងការដាក់ទំនាយដល់អាយុជីវិត ខណៈក្នុងនីតិវិធីច្បាប់បានចែងយ៉ាងច្បាស់ថា ការប្រើប្រាស់ពាក្យសម្ដី ឬប្រព្រឹត្តិអំពើដែលចូលរួមក្នុងការធ្វើឲ្យខូចដល់ទឹកចិត្តកងទ័ព គឺជាបទល្មើសព្រហ្មទណ្ឌដែលត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត។ តើម្ចាស់ហាង “Mr.8 Gaming” អាចរួចខ្លួនដែរឬទេ?

យោងតាមការវិវឌ្ឍចុងក្រោយនៃករណីវិវាទរវាងម្ចាស់ហាងទូរស័ព្ទ “Mr.8 Gaming” និងវីរកងទ័ពជួរមុខ លោក រឹត កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ខាងភាគីម្ចាស់ហាងស្រីបានចេញវីដេអូបង្ហោះលើបណ្តាញសង្គម Facebook ដើម្បីលើកដៃសុំទោសយុទ្ធជនរងគ្រោះ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជាសាធារណៈ។ ទោះជាយ៉ាងណា សារឆ្លើយតបដ៏ក្តុកក្តួលមួយពីសំណាក់បងៗវីរកងទ័ពជួរមុខដែលបានពោលថា «សូមកុំប្រមាថជីវិតពួកខ្ញុំ ដោយដាក់ទំនាយឱ្យត្រូវគ្រាប់ផ្លោង ពីព្រោះពួកខ្ញុំបានលះបង់ដើម្បីជាតិមាតុភូមិ ដើម្បីសេចក្តីសុខរបស់ពុកម៉ែបងប្អូន» បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមការឈឺចាប់ និងមិនអាចទទួលយកការសុំទោសនេះឡើយ។ មហាជនបាននាំគ្នាស្វែងរក និងបង្ហាញភស្តុតាងច្បាប់យ៉ាងច្បាស់លាស់ ដោយបញ្ជាក់ថាទង្វើដេញឱ្យកងទ័ពដែលកំពុងឈរជើងការពារព្រំដែននៅទិសប្រាសាទតាមាន់ ទៅត្រូវគ្រាប់ផ្លោងស្លាប់ គឺជាការបំផ្លាញទឹកចិត្តអ្នកស្នេហាមាតុភូមិយ៉ាងធ្ងន់ធ្ងរ។
ផ្អែកលើទិដ្ឋភាពច្បាប់ មាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានចែងយ៉ាងច្បាស់អំពី «បទធ្វើឱ្យខូចទឹកចិត្តកងទ័ព» ថា រាល់អំពើចូលរួមក្នុងការធ្វើឱ្យខូចទឹកចិត្តកងទ័ព ដើម្បីធ្វើឱ្យខូចខាតដល់ការការពារជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការដ្ឋចាប់ពី ៤,០០០,០០០ (បួនលាន) រៀល ទៅ ១០,០០០,០០០ (ដប់លាន) រៀល។ អ្នកជំនាញផ្នែកច្បាប់បានកត់សម្គាល់ថា នៅក្នុងទម្រង់ច្បាប់ព្រហ្មទណ្ឌ បទល្មើសដែលបានសម្រេចរួចទៅហើយ គឺមិនអាចរលត់បណ្តឹងអាជ្ញា ឬរួចខ្លួនដោយគ្រាន់តែការសុំទោស ឬសម្រុះសម្រួលរវាងបុគ្គលនិងបុគ្គល (ការសងទូរស័ព្ទដៃម៉ាក OPPO និងលុយ ២០ម៉ឺនរៀល) នោះឡើយ។ ខណៈពេលនេះ សាធារណជននៅតែបន្តរួមគ្នាទទូចសុំឱ្យក្រសួងការពារជាតិ និងអាជ្ញាធរមានសមត្ថកិច្ច បើកការស៊ើបអង្កេត និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីការពារកិត្តិយសរបស់កងទ័ពជាតិ។
ជារួមមក រឿងរ៉ាវវិវាទនេះបានដើរហួសពីកម្រិតជម្លោះពាណិជ្ជកម្មអនឡាញទូទៅហើយ ដោយវាបានក្លាយជាសំណុំរឿងប៉ះពាល់ដល់សន្តិសុខផ្លូវចិត្តរបស់កងទ័ពជាតិទាំងមូល។ រលកនៃការដកស្រង់មាត្រា ៤៧២ មកព្រមាននៅពេលនេះ គឺជាសារដាស់តឿនសង្គមដ៏មានឥទ្ធិពលមួយ បញ្ជាក់ថាកិត្តិយស និងអាយុជីវិតរបស់វីរកងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី គឺជាតម្លៃស្នូលរបស់ជាតិ ដែលមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់យកមកប្រមាថមើលងាយ ឬជាន់ឈ្លីតាមអំពើចិត្តបានឡើយ៕









