នៅក្នុងវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីគេបានឃើញផេករបស់ ប៉ូគីមថេង សុតធីតា បាននិយាយជាមួយនឹងពាក្យមិនសមរម្យយ៉ាងខ្លាំងដែលគេជឿថាសំណេរនោះចង់សំដៅទៅកាន់ ប៊ី សុធារី ដែលជាគូប្រជែងនឹងគ្នាក្នុងការប្រកួត។ មនុស្សជាច្រើនបានបញ្ចេញមតិថាសំណេរនោះមិនមែនជា ប៉ូគីមថេង សុតធីតា សរសេរនោះទេប៉ុន្តែអ្នកកាន់ផេកជាអ្នកបង្កឡើងខណៈរឿងនេះបានប៉ះពាល់កេរ្តិ៍ឈ្មោះដល់ម្ចាស់ផេកផ្ទាល់។

នៅវគ្គប្រកួតបឋម នារាត្រីថ្ងៃទី៧ ខែសីហា ប៉ូគីមថេង សុតធីតា បានឈ្នះពានរង្វាន់ «Best talent award» នៅក្នុងការប្រកួត Miss Cosmo Cambodia 2026 ក្រោយសំឡេងអបអរសាទរយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ មានការចែករំលែកជាច្រើនបន្ទាប់ពីគណនី ប៉ូគីមថេង សុតធីតា បានឆ្លើយតបនឹងការបង្ហោះមួយដែលធ្វើឱ្យមានរឿងចម្រូងចម្រាសកើតឡើង។

ជាមួយនឹងពានរង្វាន់ដែលឈ្នះមានអ្នកលេងបណ្តាញសង្គមបានបង្ហាញពីចង្ងល់របស់ខ្លួនទាក់ទងនឹងការឈ្នះនេះខណៈដែលគេបានឃើញគណនី ប៉ូគីមថេង សុតធីតា បានចូលទៅឆ្លើយតបយ៉ាងក្តៅគគុក។ ក្នុងសំណេរនោះផេករបស់ ប៉ូគីមថេង សុតធីតា បានសរសេរថា « បាទ ក្បាច់គុនល្បុក្កតោខ្មែរ អត្តសញ្ញាណខ្មែរ។ ដាក់ពិន្ទុដោយគណៈកម្មការ ផ្ទាល់ ឈ្នះស័ក្តសមហើយ។មិនមែនរាំញាក់ដោះ ញាក់គូទ ហែកជើងឡើងចង់ លាន….ធ្លាក់ មកទេ។ BEST TALENT WINNER គឺគណៈកម្មការអ្នក ដាក់ពិន្ទុម៉ង»។ ទោះបីជាសំណេរនេះបានលុបចេញក៏ដោយប៉ុន្តែមានអ្នក Screenshot ជាប់និងបានចែករំលែកយ៉ាងច្រើន។

អ្នកមួយចំនួនបានសម្តែងការខកចិត្តនូវពេលឃើញសំណេរបែបនេះកើតឡើងខណៈ ប៉ូគីមថេង សុតធីតា ក៏បានជ្រើសរើសប្រធានបទអំពើ Bully ។ មានមតិជាច្រើនបានសម្តែងការជឿទុកចិត្តរបស់ខ្លួនថា នោះមិនមែនជាសំណេរដែល ប៉ូគីមថេង សុតធីតា សរសេរឡើងនោះទេ ប៉ុន្តែអ្នកកាន់ផេកទៅវិញទេដែលបង្កឱ្យមានរឿងនេះកើតឡើងនិងអាចដោយសារតែបុគ្គលអ្នកកាន់ផេកនោះភ្លេចប្តូរគណនីរបស់ខ្លួនមុនការបញ្ចេញមតិ។

យ៉ាងណាក៏ដោយ ទោះបីជា សំណេរនេះ ប៉ូគីមថេង សុតធីតា មិនបានសរសេរក៏ដោយប៉ុន្តែរឿងនេះក៏បានធ្វើឱ្យរូបនាងផ្ទាល់ខូចកេរ្តិ៍ឈ្មោះដោយសារតែ Admin ផេករបស់ខ្លួនដែលមានពាក្យសម្តីមិនសមរម្យបញ្ចេញមតិយោបល់ដាក់បេក្ខភាពផ្សេងទៀត ជាពិសេសសំណេរនេះមនុស្សជាច្រើនជឿថាគឺជា ប៊ី សុធារី ខណៈការប្រកួតអ្នកទាំងពីរត្រូវបានគេចាត់ទុកថាជាដៃគូប្រជែងខ្លាំង។

នៅម៉ោង២ និង១៨នាទី រសៀលថ្ងៃទី៨ ខែសីហា ប៉ូគីមថេង សុតធីតា បានប្រកាសជាសាធារណៈលើបណ្តាញសង្គមដោយធ្វើការសូមទោសចំពោះហេតុការណ៍ដែលបានកើតឡើងចេញពីអ្នកកាន់ផេកម្នាក់។ សុតធីតា អះអាងថាការប្រើប្រាស់ពាក្យពេចន៍ មិនសមរម្យ និងប្រាសចាកសីលធម៌សង្គមពុំមែនកើតចេញពីរូបនាងឡើយខណៈនាងកំពុងដោះស្រាយជាមួយនឹងបុគ្គលនោះនិងបានដកគេចេញពីការកាន់ផេកនាងហើយ។

ប៉ូគីមថេង សុតធីតា បានសង្កត់ធ្ងន់ចុងក្រោយថា «មេរៀនមួយនេះ បានកំពុងបង្រៀនយើងថា មុនបង្ហោះ ឬចែកចាយគំនិតអ្វីមួយលើបណ្តាញសង្គម “ត្រូវគិតមុននឹងសរសេរ (Think Before You Type)” ហើយនាងនឹងបន្តបេសកកម្មក្នុងការប្រើប្រាស់សំលេង តស៊ូមតិលើរឿងនេះ ក្នុងដំណើរនៃការប្រកួត Miss Cosmo Cambodia ដើម្បីជាសម្លេងនាំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍ បើទោះបីជារាត្រីនេះនាងទទួលបានមកុដ រឺមិនបានក៏ដោយក៏នាងនៅតែបន្តបេសកម្មនេះជារៀងរហូតដើម្បីជាសំឡេងផ្លាស់ប្តូរភាពវិជ្ជមានដល់សង្គម គាំទ្របេក្ខភាពគ្រប់ៗរូបដោយក្តីស្រលាញ់ មិនមែនការខឹងស្អប់»៕









