ប៊ែលឡា កូនស្រីច្បងរបស់ ផន សុផារី បានធ្វើឱ្យមហាជនសរសើរយ៉ាងខ្លាំងក្រោយពីក្មេងស្រីរូបនេះបានបង្ហាញថ្វីដៃលេងព្យាណូយ៉ាងពីរោះជូនភ្ញៀវចូលរួមក្នុងពិធីសម្ពោធផលិតផលថ្មីរបស់ឪពុកម្តាយរបស់ខ្លួន។ មិនត្រឹមតែ ផន សុផារី និងស្វាមី មានមោទនភាពចំពោះ ប៊ែលឡា ប៉ុណ្ណោះទេ ប៉ុន្តែទស្សនិកជនទស្សនាតាមការ Live ក៏រំភើបចិត្តជំនួសអ្នកទាំងពីរដូចគ្នាដែលពួកគេមានកូនស្រីស្អាតឆ្លាតពូកែទាំងវ័យក្មេងបែបនេះ។

ប្រិយមិត្តប្រាកដជាស្គាល់មកហើយកុមារី ប៊ែលឡា និង អ៊ែលលី កូនស្រីបណ្តូលចិត្តរបស់ ផន សុផារី និងលោក សុង សុវណ្ណារ៉ា បានឆាបឆក់ក្តីស្រលាញ់ពីមហាជនយ៉ាងខ្លាំងដែលធ្វើឱ្យឪពុកម្តាយយីអ៊ុនឡើងទៅតាមនោះបន្ទាប់ពីកូនស្រីមានប្រជាប្រិយភាពលើបណ្តាញសង្គម។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ក្មេងស្រីទាំងពីររូបនេះមិនត្រឹមតែក្មេងល្អ ចេះស្តាប់ទូន្មានឪពុកម្តាយប៉ុណ្ណោះទេប៉ុន្តែក៏ឆ្លាតវៃដូចគ្នាដែលធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់។
ជាក់ស្តែង នៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ផន សុផារី និងស្វាមី បានរៀបចំកម្មវិធីសម្ពោធផលិតផលថ្មីរបស់ខ្លួនដោយមានការចូលរួមពីបណ្តាអ្នកមានឥទ្ធិពលលើបណ្តាញសង្គមជាច្រើន ខណៈកម្មវិធីនោះក៏មានការ live តាមរយៈបណ្តាញសង្គមផងដែរ។នៅក្នុងកម្មវិធីនេះដែរ ប៊ែលឡា ដែលជាកូនស្រីច្បងមានអាយុ ៨ឆ្នាំប៉ុន្តែបានបង្ហាញសកម្មភាពលេងព្យាណូយ៉ាងពីរោះ អមមកជាមួយនឹងអ្នកលេងវីយូឡុងមួយរូបទៀត។
.png)
មុននឹងការសម្តែងជាផ្លូវការនេះ ប៊ែលឡា បានរត់ដួលបង្កឱ្យមានរបួសផងដែរប៉ុន្តែក្មេងស្រីរូបនេះនៅតែតាំងចិត្តចង់លេងព្យាណូនៅក្នុងថ្ងៃកម្មវិធី។
ក្រោយពេលវីដេអូនេះបានចែកចាយនៅលើបណ្តាញសង្គម មហាជនបានកោតសរសើរមិនដាច់ពីមាត់ទៅកាន់ ប៊ែលឡា ដែលជាក្មេងស្រីពោរពេញដោយសមត្ថភាព។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «ខ្ញុំជាហ្វេនរំភើបប៉ុណ្ណឹងហើយធ្វើជាម្ដាយឪពុកគេរំភើបយ៉ាងណា។, ប៉ាម៉ាក់ឈរញញឹមយ៉ាងមានក្ដីសុខ » រួមទាំងមតិយោបល់ជាច្រើនទៀតដែលកោតសរសើរ ប៊ែលឡា ជាក្មេងស្រីពូកែ៕










