ថ្មីៗនេះនៅលើបណ្តាញសង្គមមានការជជែកវែកញែកយ៉ាងច្រើនទាក់ទងនឹងនឹងបុរសម្នាក់ធ្វើមាតិកាតុបតែងខ្លួនប្រៀបដូចជាជនអនាថាហើយដើរសំដៅទៅកាន់ស្រ្តីចំណាស់ម្នាក់ដែលកំពុងលក់នំដោយបុរសនោះទទូចសុំនំរបស់គាត់។ ដោយក្តីខឹងសម្បារអាណិតទៅកាន់ស្រ្តីចំណាស់នោះ វ៉ាន់ នីឡា ថាដើម្បីតែផលប្រយោជន៍ខ្លួនឯងបុរសនេះយកភាពភ័យខ្លាចរបស់អ្នកដទៃមកលេងសើច។

នៅយប់ថ្ងៃទី២៩ ខែកក្កដា គណនីមួយឈ្មោះថា «Suos Chit កំប្លែង» បានបង្ហោះវីដេអូជាង១នាទីហើយវីដេអូនោះបានរីករាលដាលយ៉ាងខ្លាំងនៅលើបណ្តាញសង្គមជាមួយនឹងមតិវែកញែកជាច្រើន។ វីដេអូនេះគឺបានបង្ហាញពីបុរសម្នាក់ដែលជាអ្នកធ្វើវីដេអូតុបតែងខ្លួនដូចជាជនអនាថាហើយសំដៅទៅកាន់ស្រ្តីចំណាស់ដែលកំពុងលក់នំតាមដងផ្លូវ។ ស្រ្តីចំណាស់នោះបាននិយាយដោយភាពតក់ស្លុតផងនិងប្រកែកយ៉ាងច្បាស់លាស់ថាគាត់មិនឱ្យនំបុរសនោះទេ ខណៈដែលគាត់លក់ពុំទាន់ដាច់ឡើយ។ ស្រ្តីចំណាស់នេះបានបង្ហាញការភ័យខ្លាចដោយសារតែបុរសនេះតាមគាត់ជាយូរមកហើយ។

ក្រោយពីវីដេអូនេះផ្ទុះនៅលើបណ្តាញសង្គមបានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតមួយចំនួនរិះគន់ស្រ្តីចំណាស់នេះថាចិត្តអាក្រក់ ខណៈដែលមតិខ្លះទៀតអាណិតស្រ្តីចំណាស់នេះដែលគាត់ត្រូវបានគេយកមកធ្វើវីដេអូនាំឱ្យមានមតិជេរស្រ្តីគាត់ថាជាមនុស្សចិត្តអាក្រក់ ស្របពេលដែលអ្នកសុំមានរូបរាងមាំមួនបើប្តូរជាគេក៏មិនឱ្យដូចគ្នា។ .png)
ជាមួយនឹងប្រតិកម្មចម្រុះ តារាចម្រៀងនិងជាពិធីការិនី វ៉ាន់ នីឡា ក៏បានបង្ហាញការខឹងសម្បារទៅកាន់អ្នកធ្វើវីដេអូនេះដែលយកស្រ្តីចំណាស់នេះមកលេងសើចដើម្បីតែផលប្រយោជន៍ខ្លួន។ កញ្ញា វ៉ាន់ នីឡា បានចែករំលែកវីដេអូ Prank នោះជាមួយនឹងសម្តីថា «បើសុខៗគាត់រត់ហេរមកចឹងក៏ខ្ញុំខ្លាចដែរ ឮពាក្យគាត់និយាយទេ “ អាអូនអ៊ំអន្សមអត់ដាច់កុំមកធ្វើបាបខ្ញុំ “ គាត់បង្ហាញអាកប្បកិរិយាបែបនេះដោយសារគាត់ភ័យ ចង់ការពារខ្លួន គាត់ក៏បានសុំឱ្យគេជួយ គាត់ចាស់ចំណាស់នេះហើយនៅយកគាត់មកធ្វើ content ឱ្យគេជេរគាត់ទៀត»។
តារាចម្រៀងរូបនេះបន្ថែមទៀតថា «ខ្ញុំមិនដែល share អំពី content អ្នកណាឡើយ តែពូនេះដើម្បីផលប្រយោជន៍ខ្លួនឯងយកភាពភ័យខ្លាចអ្នកដទៃមកលេងសើច។ ពេលគេខម្មិនជេរយាយគាត់ reply រូបបេះដូង ពេលគេកាន់ជើងយាយគាត់អត់តបអីទាំងអស់ គិតមើលទៅពីណាអាក្រក់ យាយឬក៏គាត់ ..ខ្ញុំខឹង»។
ក្រោយពីមានមហាជនរិះគន់បុរសរូបនេះបានបង្ហោះរូបមួយសន្លឹកដែលជូនទឹកប្រាក់ទំនងជា៥០០០០រៀលដល់ស្រ្តីចំណាស់នោះដោយបញ្ជាក់ថាខ្លួនលោកធ្វើវីដេអូនេះឡើងគ្រាន់តែចង់ជួយចាស់ជរាជួបការលំបាកហើយក៏ចង់ដឹងចិត្តគាត់ថាពេលដែលយើងលំបាកជាងគាត់តើគាត់អាចជួយរំលែកយើងបានដែរឬក៏អត់ទេ។ បុរសនេះថែមទាំងបញ្ជាក់ថាវីដេអូនេះគ្រាន់តែជាវីដេអូអប់រំតែប៉ុណ្ណោះ។ ទោះបីជាមានការបកស្រាយបែបនេះក្តី អ្នកមួយចំនួននៅបន្តរិះគន់គណនីនេះដដែលដោយលើកឡើងទៀតថាវីដេអូរបស់លោកគឺគ្មានតម្លៃអប់រំនៅក្នុងនោះទេហើយការជួយការមានវិធីសាស្រ្តច្រើនយ៉ាងមិនមែនធ្វើឱ្យគេជេរស្រ្តីចំណាស់រូបនេះទេ៕










