លោកស្រី ឡៃ ស៊ូយៀក ដែលប្រិយមិត្តស្គាល់ថាជាម្ចាស់ប្រ៊េន Miss ចេញមកឆ្លើយតបទៅនឹងពាក្យរិះគន់របស់អ្នកលេងបណ្តាញសង្គមបន្ទាប់ពីពាក់គ្រឿងអលង្ការមាសធំៗចូលរួមកម្មវិធីភ្ជាប់ពាក្យ។

នៅលើបណ្តាញសង្គមទិកតុក មានគណនីមួយបានចូលខម្មិនលើការបង្ហោះរបស់ម្ចាស់ប្រ៊េនរូបនេះដោយពាក្យសម្តីថា «មានក៏គេមិនពាក់ដល់ថ្នាក់ហ្នឹងទេ គ្រឿងលម្អកាយ តែអានេះពាក់ដូចមនុស្សឆ្កួត»។ លោកស្រី ឡៃ ស៊ូយៀក បានឆ្លើយតបថាមានការបញ្ចេញមតិជាច្រើនប៉ុន្តែខ្លួនសុំយកខម្មិននេះមកបកស្រាយដោយបានចោទសួរទៅវិញថាតើមនុស្សជាគេត្រូវពាក់បែបមិច។
.png)
ម្ចាស់ប្រ៊េនរូបនេះបន្តទៀតថា ប្រសិនជាចង់លម្អនរណាម្នាក់ពាក្យខ្មែរសមរម្យគឺមានច្រើនដែលអាចយកប្រើប្រាស់បានក្នុងការនិយាយកែប្រែស្ថាបនានូវអ្វីដែលគិតថាខុសពីគំនិតរបស់ខ្លួនដោយភាសានិយាយខាងលើនេះមិនសូវសមរម្យឡើយ។ លោកស្រី ឡៃ ស៊ូយៀក លើកឡើងទៀតថា កុំវាយតម្លៃនរណាម្នាក់ទៅលើការតុបតែងខ្លួនពីព្រោះការស្លៀកពាក់គឺផ្អែកទៅតាមអារម្មណ៍របស់មនុស្សម្នាក់ៗ។ ការដែលពាក់គ្រឿងអលង្ការធំៗ ម្ចាស់ប្រ៊េនរូបនេះបានអះអាងថាក៏មិនមែនជាចំណង់ចំណូលចិត្តរបស់ខ្លួនដូចគ្នាប៉ុន្តែជាជ្រុលធ្វើគ្រឿងអលង្ការធំៗបែបនេះហើយក៏ពាក់តែម្តងទៅ។
លោកស្រី ឡៃ ស៊ូយៀក ក៏ជំរុញឱ្យអ្នករិះគន់ក្រឡេកទៅមើលការតុបតែងខ្លួនធម្មតាៗរបស់ខ្លួនដូចគ្នាពីព្រោះពេលខ្លះក៏មានការស្លៀកពាក់ធម្មតាហើយគ្រឿងអលង្ការស្ទើរតែគ្មានពាក់ទៀតផង។ យ៉ាងណាក៏ដោយ ម្ចាស់ប្រ៊េនថាខ្លួនមិនមែនមិនទទួលយកការរិះគន់នោះទេ ប៉ុន្តែពាក្យខ្មែរមួយគំនរ ពីរោះៗស្តាប់សមរម្យគួរយកមកប្រើមិនមែនជាពាក្យថា «ដូចមនុស្សឆ្កួត» ដែលជាពាក្យឈ្លើយនោះទេ។
ម្ចាស់ប្រ៊េន Miss បានលើកឡើងទៀតថា ទោះបីជាមនុស្សដូចជាខ្លួនបើកទូលាយក៏ដោយប៉ុន្តែបើបិទហើយគឺប្រយ័ត្នប្រយែងបន្តិច រិះគន់គេបានតែបើគេធ្វើដាក់វិញកុំខឹងព្រោះមនុស្សគឺមានដែនកំណត់៕










