ធ្លាប់ទេ? ពេលប្រញាប់ម្តងៗ គ្រាន់តែពាក់អាវក្រាស់ៗ ឬឈុតការពារខ្លួន គឺទើសឆ្គង ញីញ័រ ចំណាយពេលយូរ ចង់ហត់តែម្តង។ ប៉ុន្តែពេលនេះ បញ្ហានេះត្រូវបានដោះស្រាយហើយ ដោយសារក្រុមអ្នកស្រាវជ្រាវលំដាប់កំពូលមកពីវិទ្យាស្ថាន KAIST នៃប្រទេសកូរ៉េខាងត្បូង និងសាកលវិទ្យាល័យ Stanford របស់អាមេរិក បានសហការគ្នាបង្កើតសម្លៀកបំពាក់វៃឆ្លាតម្យ៉ាង ដែលអាចពាក់ចូលខ្លួនយើងដោយស្វ័យប្រវត្ត ដោយមិនបាច់ប្រើដៃទាញទាល់តែសោះ។
ឈុតសម្លៀកបំពាក់បច្ចេកវិទ្យាខ្ពស់នេះ ត្រូវបានគេបង្កប់នូវ «រ៉ូបូតទម្រង់វល្លិដើរដោយថាមពលខ្យល់» (Air-powered vine robots) នៅតាមសាច់ក្រណាត់។ យន្តការរបស់វាគឺងាយស្រួលបំផុត គ្រាន់តែយើងលូកដៃចូលទៅក្នុងអាវ រួចប្រព័ន្ធម៉ាស៊ីននឹងបាញ់សម្ពាធខ្យល់ចូលទៅក្នុងបំពង់ទន់ៗទាំងនោះ។ ភ្លាមៗនោះ សាច់ក្រណាត់អាវនឹងរីកមាឌ រួចរុញពន្លាតខ្លួនវាព័ទ្ធជុំវិញដៃជើង និងដងខ្លួនរបស់យើងយ៉ាងរលូន ដោយចំណាយពេលត្រឹមតែប្រហែល ១០ វិនាទីប៉ុណ្ណោះ។ សាច់ក្រណាត់ដែលយកមកប្រើប្រាស់ គឺមានសភាពទន់ ស្វិត និងទប់ខ្យល់បានល្អ ដែលមើលទៅស្រដៀងនឹងអាវខ្យល់ ឬអាវជ័រ ប៉ុន្តែវាមានសុវត្ថិភាពខ្ពស់ មិនបង្កការកកិត ឬថប់ដង្ហើមដល់អ្នកពាក់ឡើយ។
.jpg)
តើគេបង្កើតអាវនេះឡើងមកធ្វើអ្វី? គោលបំណងធំនៃការបង្កើតអាវយន្តនេះ មិនមែនសម្រាប់ពាក់ដើរលេង ឬពាក់ការពារទឹកភ្លៀងធម្មតានោះទេ ប៉ុន្តែវាត្រូវបានរចនាឡើងសម្រាប់ឧស្សាហកម្មលំដាប់ខ្ពស់ និងការងារសង្គ្រោះបន្ទាន់៖
ទីមួយ គឺសម្រាប់ប្រើប្រាស់ក្នុងបន្ទប់ស្អាតដាច់ខាត (Cleanrooms) នៃរោងចក្រផលិតបន្ទះឈីប ឬគ្រឿងអេឡិចត្រូនិកទំនើបៗ។ នៅក្នុងបន្ទប់បែបនោះ បុគ្គលិកត្រូវពាក់ឈុតការពារហ្មត់ចត់បំផុត ដើម្បីកុំឱ្យកម្ទេចធូលី សក់ ឬកោសិកាស្បែកងាប់ៗពីខ្លួនមនុស្សធ្លាក់ទៅប្រឡាក់គ្រឿងម៉ាស៊ីន ដែលអាចធ្វើឱ្យខូចខាតដល់បន្ទះឈីបតម្លៃរាប់លានដុល្លារ។ ការពាក់អាវដោយមិនបាច់ប្រើដៃប៉ះផ្ទាល់បែបនេះ ជួយកាត់បន្ថយការភាយចេញនូវកម្ទេចធូលីទាំងនោះបានយ៉ាងប្រសើរ។
ទីពីរ គឺសម្រាប់ក្រុមសង្គ្រោះបន្ទាន់ ដូចជាគ្រូពេទ្យជួរមុខ ក្រុមពន្លត់អគ្គិភ័យ ឬអ្នកជំនាញដែលត្រូវចុះអន្តរាគមន៍ក្នុងតំបន់មានសារធាតុគីមីពុល និងមេរោគឆ្លង។ ក្នុងស្ថានភាពគ្រោះថ្នាក់ដែលត្រូវប្រជែងនឹងពេលវេលា ឈុតរ៉ូបូតនេះជួយឱ្យពួកគេអាចពាក់អាវការពារខ្លួនបានភ្លាមៗក្នុងពេលត្រឹមតែមួយប៉ព្រិចភ្នែក ដោយមិនបាច់ចំណាយពេលរៀបចំច្រើនឡើយ។
បច្ចុប្បន្ន គម្រោងស្រាវជ្រាវនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពបច្ចេកវិទ្យា ហើយវាក៏ជាជំហានថ្មីមួយដែលបង្ហាញឱ្យឃើញថា នាពេលអនាគត រ៉ូបូតមិនមែនមានតែទម្រង់ជាដែក ឬម៉ាស៊ីនរឹងៗនោះទេ ប៉ុន្តែវាក៏អាចមានទម្រង់ជាសាច់ក្រណាត់ទន់ៗដែលអាចរស់នៅ និងជួយសម្រួលដល់ជីវភាពរស់នៅរបស់មនុស្សយើងគ្រប់វិនាទីផងដែរ៕










