ឆក់យកឱកាសជំនួបនៅសៀងហៃ! នាយករដ្ឋមន្រ្តីថៃ អនុទីន ឆាន់វីរ៉ាគុល បានបង្ហើបប្រាប់អ្នកសារព័ត៌មានមុនឡើងយន្តហោះថា ប្រទេសថៃនឹងមិនបិទទ្វារចរចានោះឡើយ ហើយថែមទាំងរំពឹងទុកថា ប្រទេសចិននឹងដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់ ក្នុងការរៀបចំឱ្យមានជំនួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបន្ធូរបន្ថយភាពតានតឹង និងស្វែងរកច្រកចេញរួមគ្នាចំពោះវិវាទព្រំដែនដែលកំពុងកើតមានឡើង។
នៅក្នុងសេចក្តីថ្លែងការណ៍មុនពេលចាកចេញទៅកាន់ប្រទេសចិន នៅថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែកក្កដា លោក អនុទីន បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសថៃ “មិនបិទទ្វារនោះទេ” ប្រសិនបើទីក្រុងប៉េកាំងផ្តល់ការដោះស្រាយ ឬចង់ដើរតួជាអ្នកកណ្តាលដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ។ ជំហរនេះត្រូវបានគេមើលឃើញថា ជាការកែប្រែយុទ្ធសាស្ត្រការទូតដ៏គួរឱ្យកត់សម្គាល់របស់ភាគីថៃ ដែលពីមុនតែងតែប្រកាន់យកយន្តការទ្វេភាគីដោះស្រាយផ្ទាល់ជាមួយកម្ពុជា ប៉ុន្តែពេលនេះបែរជាបង្ហាញភាពទន់ភ្លន់ និងស្វាគមន៍អន្តរាគមន៍ពីមហាអំណាចចិនទៅវិញ។
មិនតែប៉ុណ្ណោះលោកក៏បានបន្ថែមទៀតថា ស្ថានភាពព្រំដែនថៃ-កម្ពុជា គឺជាប្រធានបទដ៏សំខាន់មួយដែលអាចនឹងត្រូវលើកយកមកជជែក នៅក្នុងជំនួបកំពូលរវាងរូបលោក ជាមួយប្រធានាធិបតីចិន លោក Xi Jinping និងនាយករដ្ឋមន្ត្រី លោក Li Qiang ដោយលោកបានចាត់ទុកប្រទេសចិនថាជា មិត្តភក្តិដ៏មានឥទ្ធិពល និងយូរអង្វែងរបស់ថៃ។ មុននឹងធ្វើដំណើរចាកចេញ លោកនាយករដ្ឋមន្ត្រីថៃក៏បានជួបពិភាក្សា និងពិគ្រោះយោបល់យ៉ាងម៉ត់ចត់ជាមួយខាងកងទ័ពថៃរួចរាល់ហើយដែរ ជុំវិញបញ្ហាសន្តិសុខនេះ។
ក្រៅពីការស្វះស្វែងរកផ្លូវចរចាលើបញ្ហាព្រំដែនជាមួយភាគីកម្ពុជា របៀបវារៈនៃដំណើរទស្សនកិច្ចរបស់លោក អនុទីន ទៅកាន់ប្រទេសចិន ក៏ផ្ដោតសំខាន់លើការស្តារទំនាក់ទំនងសេដ្ឋកិច្ច ការជំរុញពាណិជ្ជកម្មទ្វភាគី និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ ភាគីថៃក៏គ្រោងនឹងស្នើសុំការគាំទ្រពីចិន ក្នុងការដោះស្រាយវិបត្តិបរិស្ថាន និងសន្តិសុខឆ្លងដែនផ្សេងទៀត ដូចជាការបំពុលប្រភពទឹកនៅក្នុងទន្លេកុក (Kok River) និងការស្វែងរកកិច្ចសហប្រតិបត្តិការជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីរួមគ្នាបង្ក្រាបបទល្មើសគ្រឿងញៀន និងបញ្ហាផ្សែងអ័ព្ទឆ្លងដែន ដែលកំពុងតែគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋនៅក្នុងតំបន់។
តាមរយៈការវិភាគលើជំហរការទូតដ៏ទន់ភ្លន់ខុសពីធម្មតារបស់ភាគីថៃនាពេលនេះ បានបង្ហាញឱ្យឃើញថា មេដឹកនាំថៃរូបនេះទំនងជាកំពុងរងសម្ពាធយ៉ាងខ្លាំង ទាំងពីសំណាក់ប្រជាពលរដ្ឋផ្ទាល់ជុំវិញវិបត្តិសេដ្ឋកិច្ចដែលកំពុងដុនដាប និងទាំងពីសហគមន៍អន្តរជាតិជុំវិញការកាន់កាប់ទឹកដីដែលដណ្ដើមបានដោយខុសច្បាប់ពីកម្ពុជានាពេលកន្លងមក។ កត្តាទាំងនេះហើយ ទើបបង្ខំឱ្យរដ្ឋាភិបាលលោក អនុទីន ត្រូវដុតដៃដុតជើងស្វះស្វែងរកឱកាសចង់ជួបសម្របសម្រួលដោះស្រាយជាមួយថ្នាក់ដឹកនាំកម្ពុជា ក្រោមខ្សែភ្នែករបស់ប្រទេសចិន ដើម្បីដកខ្លួនចេញពីសម្ពាធនយោបាយ និងស្វែងរកការយោគយល់ជាអន្តរជាតិឡើងវិញ៕










