Home ព័ត៌មានអន្តរជាតិ ទឹកដោះគោស្រស់ថៃលក់មិនដាច់ កសិកររាប់ម៉ឺនគ្រួសារក្រោកការតវ៉ាពេញក្រុងបាងកក

ទឹកដោះគោស្រស់ថៃលក់មិនដាច់ កសិកររាប់ម៉ឺនគ្រួសារក្រោកការតវ៉ាពេញក្រុងបាងកក

101
0

ខឹ.ងគ្នាឯងមិនព្រមជួយទិញ! កសិករថៃរាប់ម៉ឺនគ្រួសារបានលើកគ្នាមកបិទផ្លូវនៅខាងមុខវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក ដើម្បីដាក់សម្ពាធសុំការអន្តរាគមន៍បន្ទាន់ពីលោក អានុទីន ជុំវិញវិបត្តិទឹកដោះគោឆៅចាល់លិចទីផ្សារយ៉ាងធ្ងន់ធ្ងរ។ ស្ថានភាពនេះបានរុញច្រានឱ្យជីវភាពកសិករក្នុងស្រុកធ្លាក់ចូលក្នុងបំណុលវ័ណ្ឌក ខណៈទិន្នផលទឹកដោះគោរាប់រយតោនកំពុងស្អុយចោលរាល់ថ្ងៃដោយគ្មានក្រុមហ៊ុនប្រមូលទិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs4Nrx6_7K1iiEa6Wm0Dac2js3X3_ud9DZ9Tem5js4JobPd3QpKJnGfhmYOa4s1vfUcOYBglYQL2amRrXVTSQraDTYXmpSK2oWpu95L2Yj67hoWkqn1qsq4-07jZ0mm8lBdDd9RGk37rcs381o-8EZEvV6-6EV3Z4G0Ld6zmk72EicHbTGJsNDj1LDQnM/s1000/photo_2026-07-16_09-40-50%20(3).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ខាវសុត (Khaosod) របស់ថៃ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា បានឱ្យដឹងថា ក្រុមកសិករចិញ្ចឹមគោទឹកដោះគោជាង ២,០០០ នាក់ ដែលជាតំណាងឱ្យសហករណ៍ជាង ៦០ កន្លែង បានសម្រេចចិត្តធ្វើបាតុកម្មបិទផ្លូវសំខាន់ៗជុំវិញវិមានរដ្ឋាភិបាល។ មូលហេតុចម្បងដែលបង្កឱ្យមានវិបត្តិទឹកដោះគោចាល់លិចទីផ្សារនេះ គឺបណ្តាលមកពីឥទ្ធិពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ថៃ-អូស្ត្រាលី និងថៃ-នូវែលសេឡង់ ដែលបានលុបចោលពន្ធនាំចូលមកត្រឹម ០% ធ្វើឱ្យទឹកដោះគោម្សៅតម្លៃថោកពីបរទេសហូរចូលមកវាយលុកទីផ្សារក្នុងស្រុកយ៉ាងគំហុក។ កត្តានេះបានបង្ខំឱ្យក្រុមហ៊ុនកែច្នៃអាជីវកម្មខ្នាតយក្សងាកទៅប្រើប្រាស់វត្ថុធាតុដើមនាំចូលទាំងនោះជំនួសវិញ និងបានកាត់ផ្តាច់កិច្ចសន្យាប្រមូលទិញពីកសិករថៃ រហូតដល់បង្កជាបំណុលកកស្ទះលើសពី ៦០០ លានបាតដែលអង្គការរដ្ឋ (DPO) ជំពាក់សហករណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTnLnozvbN7pzoxVRa9tDsj82oa54snYnNLNwj9-Csil4EuqL2FSwJIg70LHWxVb7Iic5hOdhhGRoKchxrKdhyphenhyphenZUS55Kor3SA0OcQ0GCydM6QjfZzZG3QjFCkyKMAZKleKUMWRxu1VMAJ-TpqMkdr2u5YId1dP9uBdMrBfGqM7ogkbum0gdeY-ODIfz0c/s1000/photo_2026-07-16_09-40-50.jpg
ទោះបីជាមានការចោទប្រកាន់ថាប្រជាជនថៃមិនជួយគាំទ្រផលិតផលគ្នាឯងក៏ដោយ ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចបានពន្យល់ថា នេះជាវិបត្តិនៃការបិទបាំងព័ត៌មានលើប្រព័ន្ធទីផ្សារ។ នៅលើធ្នើរលក់ទំនិញ មិនមានច្បាប់បង្ខំឱ្យក្រុមហ៊ុនបិទស្លាកសញ្ញាបែងចែកច្បាស់លាស់រវាង “ទឹកដោះគោស្រស់ក្នុងស្រុក ១០០%” និង “ទឹកដោះគោម្សៅនាំចូល” ឡើយ ដែលធ្វើឱ្យអ្នកប្រើប្រាស់ជួបការភ័ន្តច្រឡំក្នុងការជ្រើសរើសទិញ។ ម្យ៉ាងវិញទៀត ទឹកដោះគោឆៅស្រស់ (Raw Milk) ជាទំនិញងាយខូចគុណភាព និងមិនអាចដាក់លក់ផ្ទាល់ទៅកាន់ដៃប្រជាពលរដ្ឋបានទេ បើមិនឆ្លងកាត់ការសម្លាប់មេរោគពីរោងចក្រកណ្តាល។ ហេតុទើបក្រុមកសិករបានដាក់លក្ខខណ្ឌទាមទារឱ្យរដ្ឋាភិបាលផ្អាកការនាំចូលទឹកដោះគោម្សៅជាបណ្តោះអាសន្ន កែទម្រង់ស្លាកសញ្ញាផលិតផល និងពង្រីកកម្មវិធីទឹកដោះគោសាលារៀន ដើម្បីជួយស្រូបយកទិន្នផលដែលកំពុងកកស្ទះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD0noTxnRD2njM1Jr6_mD6xVnikQRYYiBQ-Y5joroJV7Lz6sqChJ-ARYoV5jIkcLu52HnUKTTiQcGn1Bfl2rZRxhmVjlL_GOTIrr8uyvfzikyF4HggyXFQzc9hQ4MryrqZ355FBMHLbs1MI092xJZGmAJ4OzQxtFnqGeuJ0aB7g7Zh18sapCg9CJx-znk/s1000/photo_2026-07-16_09-40-51%20(2).jpg
គួបញ្ជាក់ថា វិបត្តិចាល់ទីផ្សារទឹកដោះគោនៅស្រុកថៃ ដែលធ្វើឲ្យកសិកររាប់ម៉ឺនគ្រួសារត្រូវធ្លាក់ក្នុងបំណុលវ័ណ្ឌករនេះមិនមែនទើបតែកើតមាននោះទេ ប៉ុន្តែវាបានចាប់ផ្តើមតាំងពីដើមឆ្នាំ ២០២៥ មកម៉្លេះ នៅពេលដែលពន្ធគយលើទឹកដោះគោម្សៅនាំចូលត្រូវបានលុបចោលទាំងស្រុង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFiNiBJWrHyJX9rqKFqxzkO55dCT-jb-j-8HDdIuqiwnHlzeeoDEh9RVmtvWc2hxL-d0nU9dEnFRJ0MmSyKZsZBm0wCRxH33-yMKE7jGe3fibVufhiDYYIIRnKzKzzcFRW-ULiKBQbNoTGoyBAvVd3InjQwyj2un8-H1VO5eOsVKFJP3jAUCzTwJ3oHNQ/s668/photo_2026-07-16_09-40-51.jpg

ទោះជាយ៉ាងណា រហូតមកដល់ពាក់កណ្ដាលឆ្នាំ ២០២៦ បញ្ហាដដែលនេះនៅតែមិនទាន់ទទួលបានដំណោះស្រាយដែលសមស្របនៅឡើយ ដែលជំរុញឲ្យក្រុមកសិករឆេះឆួលអារម្មណ៍កាន់តែខ្លាំង ព្រោះគេសង្កេតឃើញថារដ្ឋាភិបាលរវល់តែរីករាយ និងអួតអាងពីសមិទ្ធផលពាណិជ្ជកម្មនៅលើឆាកអន្តរជាតិ ទាំងដែលពាណិជ្ជកម្មក្នុងស្រុកកំពុងរងសម្ពាធដោះស្រាយមិនចេញ៕