ឈប់សិន! មុនពេលអ្នកយកភីហ្សាមកញ៉ាំ សូមក្រឡេកមើលប្រអប់របស់វាបន្តិចមើល៍! អ្នកនឹងឆ្ងល់ថា បើភីហ្សារាងមូល ចុះហេតុអ្វីហាងនានាលើពិភពលោក មិនព្រមធ្វើប្រអប់រាងមូលសម្រាប់វា? នៅក្នុងអាជីវកម្ម គ្មានអ្វីដែលកើតឡើងដោយចៃដន្យនោះឡើយ ការដែលភីហ្សារាងមូល ត្រូវដាក់ចូលក្នុងប្រអប់រាង ៤ជ្រុង មិនមែនមកពីអ្នកផលិតខ្ជិលរចនានោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រគណនាយ៉ាងល្អិតល្អន់ដើម្បីចំណេញលុយ និងពេលវេលា។ តោះមកដឹងពីមូលហេតុពិតប្រាកដនៅពីក្រោយប្រអប់ ៤ជ្រុងនេះ។%20-%20Copy.jpg)
ភីហ្សារាងមូល ដាក់ក្នុងប្រអប់រាង ៤ជ្រុង គឺបណ្តាលមកពីកត្តាខាងក្រោម៖
១-ប្រអប់ ៤ជ្រុង មានភាពងាយស្រួល និងតម្លៃថោក៖ ប្រអប់ ៤ជ្រុង អាចកាត់ និងបត់ចេញពីក្រដាសរឹងតែ ១សន្លឹកបានយ៉ាងឆាប់រហ័ស ហើយការផលិតប្រអប់នេះមានតម្លៃថោកជាងប្រអប់រាងមូល។ ម្យ៉ាងទៀត ការកាត់ក្រដាសជារាង ៤ជ្រុង មិនសល់កំទេចក្រដាសចោលច្រើនដូចការកាត់ជារាងមូលឡើយ។

២-ងាយស្រួលក្នុងការដឹកជញ្ជូន និងរក្សាទុក៖ ប្រអប់ ៤ជ្រុងដែលមិនទាន់បត់ មានរាងសំប៉ែតស្មើ ងាយស្រួលតម្រៀបលើគ្នាបានរាប់រយប្រអប់ដោយមិនខាតកន្លែង។ នៅពេលបត់រួចរាល់ យើងអាចតម្រៀបវាផ្អឹបគ្នាក្នុងរថយន្តដឹកអីវ៉ាន់បានណែនល្អ និងមិនរំកិលចុះឡើង។%20-%20Copy.jpg)
៣-ងាយស្រួលយកភីហ្សាចេញ៖ ដោយសារភីហ្សារាងមូល ហើយប្រអប់រាង ៤ជ្រុង វានឹងមានចន្លោះទំនេរនៅជ្រុងទាំង៤។ ចន្លោះទំនេរនេះ ជួយឱ្យយើងអាចយកម្រាមដៃចាប់ភីហ្សាចេញមកខាងក្រៅបានយ៉ាងងាយស្រួល ដោយមិនបារម្ភពីការខូចទ្រង់ទ្រាយ ឬប្រឡាក់ដៃឡើយ។

៤-ហេតុអ្វីមិនធ្វើភីហ្សារាង ៤ជ្រុង? ពេលចម្អិនភីហ្សារាងមូល ធ្វើឱ្យវាឆ្អិនស្មើគ្នាល្អ រីឯការចម្អិនភីហ្សារាង ៤ជ្រុងវិញ អាចធ្វើឱ្យជ្រុងទាំង៤ ខ្លោច មុនពេលឆ្អិននៅផ្នែកកណ្តាល។ ក្រៅពីនេះ ការធ្វើដុំម្សៅឱ្យរីកធំដោយការបង្វិល ឬវាយឱ្យសំប៉ែត គឺជារបៀបធ្វើតាមបែបប្រពៃណីដែលងាយស្រួល និងលឿនបំផុត។%20-%20Copy.jpg)
សរុបមក ការធ្វើភីហ្សារាងមូលនឹងផ្តល់ភាពងាយស្រួលក្នុងការចម្អិន ខណៈការធ្វើប្រអប់ ៤ជ្រុង គឺដើម្បីសន្សំសំចៃការចំណាយដើមទុន និងងាយស្រួលក្នុងការដឹកជញ្ជូន។ នេះជាដំណោះស្រាយដ៏ឆ្លាតវៃបំផុតក្នុងអាជីវកម្មភីហ្សានៅទូទាំងពិភពលោក។%20-%20Copy.jpg)
រយៈពេលជាច្រើនទសវត្សរ៍មកនេះ ហាងភីហ្សានានានៅតែប្រើប្រាប់ប្រអប់ ៤ជ្រុង ពីព្រោះជាដំណោះស្រាយដ៏ល្អដើម្បីឆ្លើយតបនឹងតម្រូវការរបស់ហាង តម្រូវការអតិថិជន និងការដឹកជញ្ជូន។ រាងភីហ្សា និងប្រអប់របស់វា បង្ហាញឱ្យឃើញថា របស់របរប្រើប្រាស់ជាច្រើននៅជុំវិញខ្លួនយើង មិនមែនត្រូវបានផលិតឡើងមកឱ្យមើលទៅស្រស់ស្អាតតែម្យ៉ាងទេ ប៉ុន្តែជាដំណោះស្រាយបញ្ហាដ៏ល្អឥតខ្ចោះ៕










