ក្មួយស្រីរបស់ លីន សោម៉ា ដែលមហាជនស្គាល់ថាជាក្មេងស្រីដែលមានដុងសិល្បៈនិងមានទឹកដមពីរោះរណ្តំកំពុងតែធ្វើឱ្យមានការព្រួយបារម្ភបន្ទាប់ពីទទួលដំណឹងថាក្មេងតូចនេះធ្លាក់ខ្លួនឈឺធ្ងន់អស់រយៈពេលជាច្រើនថ្ងៃមកហើយ។ តាមការបញ្ជាក់របស់ សោម៉ា ក្មួយរបស់នាងមានជំងឺគ្រុនឈាម ខណៈមកទល់នឹងថ្ងៃទី១៤ ខែកក្កដា នេះនៅបន្តសម្រាកព្យាបាលនៅឡើយ។
.png)
នៅថ្ងៃទី១៣ ខែកក្កដា តារាចម្រៀង លីន សោម៉ា ម្ចាស់ពាន Beat The Best រដូវកាលទី២ បានបង្ហោះវីដេអូមួយដោយបង្ហាញថាក្មួយស្រីរបស់នាងគឺ លីន ចាន់ដាលីស កំពុងធ្លាក់ខ្លួនឈឺធ្ងន់។ តាមរយៈវីដេអូនេះ សោម៉ា ថានៅព្រឹកថ្ងៃទី៧ ខែកក្កដា នាងបានថត ដាលីស ច្រៀងលេងកម្សាន្តចែករំលែករំលែកទៅកាន់មហាជនបន្ទាប់ពីទទួលបានសន្ទុះនូវការគាំទ្រខ្លាំង។ យ៉ាងណាក៏ដោយនៅល្ងាចថ្ងៃដដែលនោះ ដាលីស ស្រាប់តែធ្លាក់ខ្លួនឈឺហើយមកទល់នឹងថ្ងៃទី១៣ គឺកាន់តែធ្ងន់ធ្ងរ។
តាមការបញ្ជាក់របស់ លីន សោម៉ា កាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ក្មួយស្រីរបស់នាងនិងក្មួយប្រុសម្នាក់ទៀតគឺមានជំងឺគ្រុនឈាម។ ដឹងដំណឹងនេះភ្លាមមានមហាជនជាច្រើននាក់បានជូនពរឱ្យ ដាលីស ឆាប់ជាសះស្បើយពីជំងឺ។

គួរឱ្យដឹងថា លីន ចាន់ដាលីស ក្មួយស្រីរបស់ លីន សោម៉ា បានធ្វើឱ្យសាធារណជនចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីអ្នកទាំងពីរច្រៀងបទ «ប្រុសព្រានស្នេហា» ពីសំនៀងដើម អ្នកស្រីញ៉ឹប ដាវី ជាមួយគ្នាកាលពីខែកុម្ភៈ កន្លងមកនេះ។ មកទល់នឹងពេលនេះវីដេអូនោះមានអ្នកចូលមើលជាង៧លានដងនៅលើផេករបស់ លីន សោម៉ា។ លីន សោម៉ា បានបញ្ជាក់ថា ក្មួយស្រីរបស់នាងចេះច្រៀងមិនមែនកាត់មករកឃើញឡើយប៉ុន្តែគឺជាឪពុករបស់ ដាលីស ផ្ទាល់ដែលត្រូវជាបងបង្កើតរបស់នាង។ 
ក្រោយពីទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើន ដាលីស ក៏បានបំពេអារម្មណ៍ទស្សនិកជនជាច្រើនទៀតទាំងការច្រៀងទោល បកស្រាយជាមួយនឹងឪពុក រួមទាំង លីន សោម៉ា ផ្ទាល់។ យ៉ាងណាបន្ទាប់ពីមហាជនបានដឹងថាក្មេងតូចមានសមត្ថភាពរូបនេះកំពុងធ្លាក់ខ្លួនឈឺបានធ្វើឱ្យមានការអាណិតអាសូរយ៉ាងច្រើននិងបន់ស្រន់ឱ្យនាងឆាប់ជាសះស្បើយ៕










