តារាចម្រៀង San ដែលជាសមាជិកក្រុម ATEEZ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ៊ីនធឺណិតបន្ទាប់ពីការសម្តែងបទ «Bad» របស់ក្រុមនេះនៅក្នុងកម្មវិធីតន្ត្រីទូរទស្សន៍កាលពីខែមុន។ បទដែលកំពុងល្បីនេះជាបទចម្រៀងចំណងជើងពីអាល់ប៊ុមខ្នាតតូច «Golden Hour: Part.5» ។
នៅក្នុងកម្មវិធីតន្ត្រី Inkigayo របស់ SBS ដែលបានចាក់ផ្សាយនៅថ្ងៃទី២៨ខែមិថុនា San ដែលជាអ្នករាំសំខាន់ និងជាអ្នកចម្រៀងនាំមុខរបស់ក្រុម បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងទូលំទូលាយ នៅពេលដែលលោកបានឡើងលើឆាក ដោយពាក់អាវពណ៌សបញ្ចេញសាច់ដុំកង់ៗ។ ក្នុងអំឡុងពេលរាំនៅពាក់កណ្តាលចុងក្រោយនៃបទចម្រៀង San បានដើរទៅកណ្តាលឆាកបន្ទាបដៃម្ខាងហើយលើកទ្រូងរបស់លោកទៅតាមចង្វាក់។ រួមផ្សំជាមួយនឹងការបញ្ចេញទឹកមុខ និងការសម្លឹងមើលរបស់ San ការសម្តែងនេះបានទាក់ទាញអ្នកទស្សនា និងរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម។.png)
ក្បាច់រាំនេះត្រូវបានបង្កើតឡើងដោយ San រួចជាមួយនឹងសហការជាមួយ Bbtrippin និងអ្នកបង្កើតក្បាច់រាំ Leejung ដែលត្រូវបានគេស្គាល់ដោយសារការងាររបស់នាងសម្រាប់បទ «Fancy»ដោយក្រុម Twice បទ «Soda Pop» ក្នុងរឿង KPop Demon Hunters និងបទជាច្រើនទៀត។
បន្ទាប់ពីភាពជោគជ័យនៃការសម្តែងដ៏ល្បីនេះ បទ «Bad» បានចូលទៅក្នុងតារាង Top 100 របស់ Melon ខណៈដែលអាល់ប៊ុមរបស់ក្រុម ATEEZ បានជាប់ចំណាត់ថ្នាក់លេខ១ នៅលើ Billboard 200។

San មានឈ្មោះពេញថា Choi San មានអាយុ២៧ឆ្នាំជាសមាជិកក្រុម ATEEZ ចាប់តាំងពីឆ្នាំ២០១៨ ស្ថិតក្រោមក្រុមហ៊ុន KQ Entertainment។ កន្លងមកសមាជិករូបនេះក៏ភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកគាំទ្រកម្ពុជាផងដែរជាពិសេសបង្ហាញសញ្ញាវិជ្ជមានដោយស្គាល់ប្រទេសកម្ពុជាផងដែរ៕










