Home ព័ត៌មានជាតិ ជប៉ុន ឃាត់ខ្លួនមនុស្ស៣នាក់ ក្នុងករណីវះកាត់ប្តូរក្រលៀននៅក្នុងប្រទេសកម្ពុជា

ជប៉ុន ឃាត់ខ្លួនមនុស្ស៣នាក់ ក្នុងករណីវះកាត់ប្តូរក្រលៀននៅក្នុងប្រទេសកម្ពុជា

541
0

មនុស្ស៣នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសជប៉ុន ក្នុងករណីរៀបចំការវះកាត់ប្តូរក្រលៀនឱ្យអ្នកជំងឺជនជាតិជប៉ុនម្នាក់នៅកម្ពុជា។

ជនសង្ស័យទាំង ៣ នាក់នេះ រួមមានលោក Hiromichi Kikuchi អាយុ ៦៦ ឆ្នាំ ដែលជាអតីតប្រធានអង្គការមិនមែនរដ្ឋាភិបាលមួយឈ្មោះថា “International Medical Consultation Office” រួមជាមួយបក្សពួក ២ នាក់ផ្សេងទៀត។

ពួកគេបានទទួលប្រាក់ប្រមាណ ១២.៣៦ លានយ៉េន ឬស្មើប្រមាណជា ៧៣,៩០០ ដុល្លារអាមេរិក ពីអ្នកជំងឺ។ ក្នុងនោះ ប្រាក់ជាង ១៨៤០០ ដុល្លារជាថ្លៃរដ្ឋបាល និង ៥៧,៦០០ ដុល្លារជាថ្លៃជូនគ្រូពេទ្យ។

ពួកគេបានរៀបចំឱ្យបុរសជនជាតិជប៉ុនម្នាក់ អាយុជាង ៧០ ឆ្នាំ បានធ្វើដំណើរមកវះកាត់ប្តូរក្រលៀននៅក្នុងប្រទេសកម្ពុជា កាលពីខែមករា ដោយការវះកាត់ប្តូរក្រលៀននេះ ត្រូវបានធ្វើឡើងដោយក្រុមគ្រូពេទ្យជនជាតិចិន។

លោក Hiromichi Kikuchi ធ្លាប់ត្រូវបានចាប់ខ្លួនម្តងរួចមកហើយពីបទរៀបចំឱ្យអ្នកជំងឺទៅប្តូរថ្លើមនៅប្រទេសបេឡារុស (Belarus) ដោយគ្មានការអនុញ្ញាត។

គួរបញ្ជាក់ថា ច្បាប់របស់ប្រទេសជប៉ុន និងប្រទេសកម្ពុជា សុទ្ធតែហាមឃាត់ដាច់ខាតនូវការជួញដូរ ឬប្តូរសរីរាង្គមនុស្សក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ ឬពាណិជ្ជកម្ម៕