Home ព័ត៌មានអន្តរជាតិ ចិនភាគខាងត្បូងត្រូវបានលេបត្របាក់ដោយទឹកជំនន់ ក្រោយទីហ្វុងវា.យបំបាក់ទំនប់ទឹកដ៏ធំមួយ

ចិនភាគខាងត្បូងត្រូវបានលេបត្របាក់ដោយទឹកជំនន់ ក្រោយទីហ្វុងវា.យបំបាក់ទំនប់ទឹកដ៏ធំមួយ

106
0

ត្រឹមពេលតែមួយប៉ព្រិចភ្នែក ទីក្រុងដែលមានមនុស្សអ៊ូរអរ ក្លាយទៅជាសមុទ្រទឹកល្អក់កករដ៏គួរឱ្យភ័យខ្លាច ដោយសារឥទ្ធិពលដ៏កាចសាហាវនៃព្យុះទីហ្វុងម៉ៃសាក់ ដែលបានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងក្លារហូតវា.យកម្ទេចទំនប់អាងស្តុកទឹក Liulan អាយុកាល ៦៦ ឆ្នាំ នៅក្នុងតំបន់ក្វាងស៊ី ឱ្យបាក់ស្រុតយ៉ាងរន្ធត់ និងពង្រីកវិសាលភាពវាយលុកលើទីក្រុងឆ្នេរ ព្រមទាំងតំបន់សេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀតនៅភាគខាងត្បូងប្រទេសចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfAspaLXSSouDfrJG2aCtOCDaE0Uz1J6gCwPXYntWpi9Rt4MuBA2lMyhSj6XThyphenhyphenJbEQJwKLueazp_SphS7aCPSNG0LqEEdYO5-kqzunTmD7Kg1_-vAHvEeLU9cJjGVNqIxxqyIq69lCMePGilsGBPeKpBEKnXiQ4v1ZxKZRTPXiZ645CQYUNsDoKX-Pwg/s1280/photo_2026-07-07_13-12-29.jpg
យោងតាមការចេញផ្សាយរបស់ភ្នាក់ងារព័ត៌មានអន្តរជាតិ ក្រៅពីក្រុងហេងចូវ (Hengzhou) ដែលជាទីតាំងរងគ្រោះផ្ទាល់ពីការបាក់ទំនប់ Liulan និងទំនប់ Yunbiao នោះ តំបន់ឆ្នេរភាគខាងត្បូងនៃខេត្តក្វាងស៊ី រួមមាន ទីក្រុងហ្វាងឆេងហ្គាង (Fangchenggang) និងទីក្រុងឈីនចូវ (Qinzhou) ក៏កំពុងរងការជន់លិចក្នុងកម្រិតមហន្តរាយដូចគ្នា។ នៅទីក្រុង Fangchenggang កម្ពស់ទឹកទន្លេបានហក់ឡើងខ្ពស់លើសកម្រិតព្រមានរហូតដល់ ៤.៣៩ ម៉ែត្រ ដែលជាកម្រិតជំនន់ដ៏សាហាវបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៤០ ឆ្នាំ។ ចំណែកឯទីក្រុង Qinzhou វិញ សម្ពាធទឹកភ្លៀងដ៏គំហកក្នុងកម្រិត ១៨៦.២ មីលីម៉ែត្រក្នុងរយៈពេលត្រឹមតែ ១ ម៉ោង បានធ្វើឱ្យប្រព័ន្ធលូក្នុងក្រុងលែងមានសមត្ថភាពរំដោះទឹក រហូតលិចលង់រថយន្តរាប់ពាន់គ្រឿងត្រឹមតែមួយប៉ព្រិចភ្នែក និងបង្ខំឱ្យមនុស្សរាប់រយនាក់រត់ភៀសខ្លួនទៅលើដំបូលអគារ.
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7J2lc6zBpkh5le2OLH91-L9X2D-n6aAFcgs9ne4qcyF0rYu-msEandYHO-YOk_bDdzi2i1sE25NDixXSeL1qsIZdvBalrtqZT6f0j08pfHcSJrMUIWGfq73RSGkV7tSEWX5Sqwg1EXOopYMMJcxmzRj4kMMkOqv9_MDH560DmuWVEeYorPSBF_40hKAA/s1098/photo_2026-07-07_13-12-27.jpg
ទន្ទឹមនឹងនេះ គ្រោះទឹកជំនន់ដ៏ធំនេះក៏បានរីករាលដាលទៅដល់ ទីក្រុងកួយហ្គាង (Guigang) និងទីក្រុងព្រំដែនដុងស៊ីង (Dongxing) ដែលស្ថិតនៅជាប់ព្រំប្រទល់ប្រទេសវៀតណាមផងដែរ. តាមរបាយការណ៍ចុងក្រោយ មនុស្សប្រមាណ ៤៨០,០០០ នាក់នៅទូទាំងតំបន់ក្វាងស៊ី ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងជាបន្ទាន់ ដើម្បីគេចពីចរន្តទឹកជំនន់ដ៏លឿនស្លេវ និងគ្រោះថ្នាក់នៃការបាក់ដី។ បន្ថែមពីលើការខូចខាតប្រព័ន្ធការពារទឹកជំនន់រាប់កន្លែង ជំនន់ទឹកភ្លៀងដ៏សាហាវនេះបានបំផ្លាញផ្ទៃដីកសិកម្មដាំដុះស្រូវរាប់ម៉ឺនហិកតា ព្រមទាំងបង្ខំឱ្យបិទអាជីវកម្ម សាលារៀន និងផ្អាកប្រព័ន្ធដឹកជញ្ជូនរថភ្លើងឆ្លងដែនជាបណ្តោះអាសន្ន ដែលកំពុងតែអង្រួនសេដ្ឋកិច្ចភាគខាងត្បូងប្រទេសចិនយ៉ាងធ្ងន់ធ្ងរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6AeerGN2J1zO8Wf6amz6MPfOI4kdsE6rOXOYm0mJrGCJ-A_UKXy9jOQKfPEuOLzn2WsPJiBrh6DjO9KOUIfkgbViKIdCBhNV9FoL3OIy_i-eajR27yWi56p0XsvyECcMD81Yg7MGnYfGdJst-iLYeRCkSlqvyFlyzoYHzRljE0ebwjXH3gypCrHJBH2o/s1140/photo_2026-07-07_13-12-28%20(2).jpg
វិនាសកម្មដែលបង្កឡើងដោយព្យុះទីហ្វុងម៉ៃសាក់ មិនត្រឹមតែលាតត្រដាងឱ្យឃើញពីភាពទន់ខ្សោយនៃហេដ្ឋារចនាសម្ព័ន្ធទំនប់ទឹកចាស់ៗរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្ហាញពីភាពអាសន្ននៃការប្រែប្រួលអាកាសធាតុដែលបង្កជាជំនន់ទឹកភ្លៀងយ៉ាងគំហកលើសពីការរំពឹងទុក. ខណៈពេលដែលអាជ្ញាធរចិនបានដំឡើងការឆ្លើយតបអាសន្នដល់កម្រិតខ្ពស់បំផុត និងដាក់ពង្រាយក្រុមសង្គ្រោះទ្រង់ទ្រាយធំ ស្ថានភាពទឹកជំនន់នៅតាមបណ្តាទីក្រុងនានានៃតំបន់ក្វាងស៊ី នៅតែស្ថិតក្នុងភាពប្រកាសអាសន្ន និងទាមទារឱ្យមានការឃ្លាំមើលយ៉ាងម៉ត់ចត់បំផុតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕